សៀមរាបៈ អ្នកជំនាញ​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យ​ដឹងថា អរិយធម៌​រុងរឿង​នៃ​សម័យអង្គរ​មិនមែន​មានតែ​ប្រាង្គ​ប្រាសាទ​នោះទេ គឺ​នៅមាន​ផ្នែក​ផ្សេងទៀត​ដែល​ទ្រទ្រង់​ឱ្យ​អរិយធម៌​អង្គរ​រុងរឿង នោះ​គឺ​កុលាលភាជន៍​សម័យអង្គ​រ​បង្ហាញ​ពី​របៀប​រស់នៅ​ប្រចាំថ្ងៃ ការធ្វើ​ពាណិជ្ជកម្ម និង​ការវិវឌ្ឍ​របស់​បុព្វបុរស​ខ្មែរ​សម័យអង្គរ ដែល​ភ្ញៀវទេសចរ​អាច​ទស្សនា​បាន​នៅ​សារមន្ទីរ​កុលាលភាជន៍​អង្គរ​ភូមិ​តានី​។

លោក វង្ស សាវុទ្ធី មន្ត្រី​បច្ចេកទេស​នៃ​សារមន្ទីរ​កុលាលភាជន៍​អង្គរ​ភូមិ​តានី​របស់​នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌ និង​បទដ្ឋាន​បេតិកភណ្ឌ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ថ្លែង​នៅ​ថ្ងៃទី ១៦ ខែឧសភា​ថា នៅពេល​និយាយ​ពាក្យ​ថា សេរ៉ាមិច ​(​ផលិតផល​ធ្វើ​ពី​ដី​ដុត​) ប្រជាពលរដ្ឋ​ខ្មែរ​តែង​ស្រមៃ​ភ្លាម​ទៅដល់​ភាព​រីកចម្រើន​សម័យបុរាណ​នៃ​ប្រទេសមួយ​ចំនួន​ដូចជា ចិន ជប៉ុន និង​កូរ៉េ​ជាដើម ដោយ​មិនបាន​នឹកឃើញ​ពី​ការរីកចម្រើន​សម័យ​អង្គរ​នោះទេ​។ ហេតុនេះ​លោក​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ ងាក​មក​ចាប់អារម្មណ៍​សេរ៉ាមិច​សម័យអង្គរ​របស់​កម្ពុជា​ឱ្យបាន​ច្រើន​តាមរយៈ​ការចូល​ទស្សនា​នៅក្នុង​សារមន្ទីរ​កុលាលភាជន៍​អង្គរ​ភូមិ​តានី​។

លោក​ វង្ស សាវុទ្ធី បាន​ថ្លែងថា​៖ «​យើង​ត្រូវ​ក្រេប​រសជាតិ​ថ្មី​នៃ​អរិយធម៌​អង្គរ យើង​កុំឱ្យ​ស្រមៃ​ថា​មាន​ត្រឹមតែ​អង្គរវត្ត​តែមួយ ដែល​ធ្វើឱ្យ​យើង​មាន​មោទនភាព​ថា រុងរឿង​នោះ គឺ​អត់​ទេ នៅមាន​ផ្នែក​ផ្សេងៗ​ទៀត​ដែល​ទ្រទ្រង់​ឱ្យ​អរិយធម៌​អង្គ​ហ្នឹង​រុងរឿង​ឡើង​»​។

មន្ត្រី​បច្ចេកទេស​នៃ​សារមន្ទីរ​កុលាលភាជន៍​អង្គរ​ភូមិ​តានី​បានឱ្យដឹងថា ពេល​ចូល​ទស្សនា​សារមន្ទីរ​កុលាលភាជន៍​អង្គរ​ភូមិ​តានី ភ្ញៀវ​ទេសចរ​ទាំងអស់​ពិសេស​ភ្ញៀវ​ជាតិ​នឹង​បានដឹង​ពី​ការរីកចម្រើន​សម័យអង្គរ​កម្រិតណា ហើយ​សម័យ​នោះ​មាន​អ្វីខ្លះ​? ជាមួយគ្នា​នោះ​អ្នក​ទស្សនា​នឹង​បានដឹង​ទៀតថា ហេតុអ្វី​សព្វថ្ងៃ​កម្ពុជា​យើង​លែងមាន​ការផលិត​សេរ៉ាមិច​? ហើយ​ការផលិត​​សេរ៉ាមិច​នៅ​ខេត្ត​ខណ្ឌ​មួយចំនួន​ក្នុងប្រទេស​ដែល​សេសសល់​នោះ ហេតុអ្វី​មិនមាន​បច្ចេកទេស​ដល់​សម័យ​អង្គរ​ផងដែរ​?

លោក វង្ស សាវុទ្ធី ប្រាប់ថា បច្ចុប្បន្ន​ក្នុង​សារមន្ទីរ​កុលាលភាជន៍​អង្គរ​ភូមិ​តានី​មាន​កុលាលភាជន៍​ចំនួន ១១៧ ដុំ​ដែល​រកឃើញ​ស្ថិតក្នុង​តំបន់​អង្គរ ដែល​ប្រាប់ឱ្យដឹង​បន្ថែម​ពី​ជីវភាព របៀប​រស់នៅ​ប្រចាំថ្ងៃ ពាណិជ្ជកម្ម និង​ការវិវឌ្ឍ​នៃ​សិប្បកម្ម​កុលាលភាជន៍​របស់​បុព្វ​បុរស​ខ្មែរ​សម័យអង្គរ​។ កុលាលភាជន៍​ទាំងនោះ​ត្រូវបាន​អ្នកស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា​រកឃើញ​ពី​រណ្ដៅ​កំណាយ​បុរាណវិទ្យា​ពី​បណ្ដុំ​ឡ​បុរាណ​នានា​ជុំវិញ និង​ក្នុង​តំបន់​អង្គរ មានដូចជា​ស្ថានីយ​ឡ​បុរាណ​អន្លង់​ធំ ខ្នារ​ពោធិ៍ សរសី បង្កោង រួមទាំង​ឡ​តានី​ផ្ទាល់​។

លោក​ថ្លែងថា​៖ «​ព័ត៌មាន​ពី​សិលាចារឹក​រៀបរាប់​អំពី​ព្រឹត្ដិការណ៍​ផ្សេងៗ​នៃ​ព្រះមហាក្សត្រ ព្រះរាជគ្រូ បុរោហិត អភិជន គ្រឿង​តង្វាយ​ជា​ខ្ញុំបម្រើ និង​ភ័ស្ដុភារ​ផ្សេងៗ​ចំពោះ​ប្រាសាទ ពុំ​ផ្ដោត​សំខាន់​លើ​ជីវភាព​ប្រចាំថ្ងៃ​ទេ ក្រៅ​តែ​អំពី​ច​ម្លា​ក់លិប​នៅ​ថែវ​ប្រាសាទ​បាយ័ន​។ ការសិក្សា​ស្វែងយល់​អំពី​កុលាលភាជន៍​អាចឱ្យ​យើង​ស្វែងយល់​បន្ថែម​អំពី​សង្គម​មនុស្ស​សម័យបុរាណ​បន្ថែម​លើ​ចម្លាក់​លឹប​នៃ​ប្រាសាទ​បាយ័ន​» ។

មន្ត្រី​បច្ចេកទេស​រូបនេះ​ប្រាប់ថា សារមន្ទីរ​ទាំងអស់​នៅ​អង្គរវត្ត​ដែល​ពាក់ព័ន្ធ​បេតិកភណ្ឌ​មាន​ចំនួន ៤ គឺ សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី (​ពាក់ព័ន្ធ​នឹង​សម្លៀកបំពាក់​) សារមន្ទីរ កុលាលភាជន៍​អង្គរ​ភូមិ​តានី សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ (​បណ្តុំ​ចំណេះដឹង​ផ្នែក​ប្រវត្តិសាស្ត្រ ប្រវត្តិ​សិល្ប​:) និង​សារមន្ទីរ​ជាតិ​អង្គរ​។

អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យ​ដឹងថា សារមន្ទីរ​កុលាលភាជន៍​អង្គរ​ភូមិ​តានី​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​តានី ឃុំ​រុនតាឯក ស្រុក​បន្ទាយស្រី ខេត្ដ​សៀមរាប ចម្ងាយ​ប្រមាណ ៣២ ​គីឡូម៉ែត្រ ទៅ​ភាគ​ឦសាន​ក្រុង​សៀមរាប​។ សារមន្ទីរ​កុលាលភាជន៍​អង្គរ​ភូមិ​តានី ជា​សារមន្ទីរ​ដំបូង​នៅ​កម្ពុជា ដែល​បាន​សាងសង់ឡើង​នៅលើ​ទីតាំង​ស្ថានីយ​បុរាណវិទ្យា​ផ្ទាល់ នៅ​ឆ្នាំ​ ២០០៩​។

នា​អំឡុង​សតវត្សរ៍​ទី ១០-១១ ក្នុងសម័យ​អង្គរ ទីនេះ​ជាទី​តាំង​ឧស្សហកម្ម​ផលិត​កុលាលភាជន៍​ខ្មែរ សម្រាប់​បម្រើឱ្យ​ជីវភាព​រស់នៅ​របស់​បុព្វបុរស​ខ្មែរ​។ សំណល់​ទួល​បុរាណ បំណែក​កុលាលភាជន៍​រាប់លាន​បំណែក គ្របដណ្ដប់​នៅលើ​ផ្ទៃ​ទំនប់​ដែលមាន​ប្រវែង​ប្រហែល ៩០០ ម៉ែត្រ​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ស្រាវជ្រាវ​វិស័យ​កុលាលភាជន៍​ខ្មែរ ដែល​វិស័យនេះ​ទើប​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​អ្នកស្រាវជ្រាវ ក្រោយ​ប្រទេស​មាន​សុខសន្ដិភាព​បរិបូរណ៍ ខណៈ​មុន​សម័យ​សង្គ្រាម មាន​ការសិក្សា​តិចតួច​នៅឡើយ​។

អាជ្ញាធរ​នេះ​បញ្ជាក់ថា​៖ «​អាជ្ញាធរ​ជាតិ​អប្សរា​បាន​កំណត់​ព្រំ​តំបន់​ការពារ​ឡ​បុរាណសម័យ​អង្គរ​ក្នុង​ទំហំ​ផ្ទៃដី ៣៤ ​ហិកតា គ្របដណ្ដប់​លើ​ទំនប់​បុរាណ​ប្រវែង​ ៩០០​ ម៉ែត្រ ដែលមាន​ក្រុម​ឡ​ចំនួន​ ៥ ​ក្រុម ក្នុងនោះ​មាន​ ២៧ ​ទួល​ឡ​បុរាណ និង​ត្រពាំង​បុរាណ​តូចធំ​ជាច្រើន ដែល​អ្នកស្រាវជ្រាវ​សន្មត​ថា​ជា​រណ្ដៅ​ដីឥដ្ឋ សម្រាប់​ផ្គត់ផ្គង់​ចង្វាក់​ផលិតកម្ម​កុលាលភាជន៍​នៅ​ឡតានី​ផ្ទាល់​»​។

លោក លួត ប៊ុនឈួប មគ្គុទេ្ទសក៍​ទេសចរណ៍​ភាសា​អង់គ្លេស​នៅ​ខេត្តសៀមរាប ថ្លែង​នៅ​ថ្ងៃទី ​១៦ ខែឧសភា​ថា ភ្ញៀវទេសចរ​ជាតិ​ដែល​មក​ទស្សនា​តំបន់​អង្គរ​មាន​ ២ ​ផ្នែក​គឺ ក្រុមនិស្សិត និង​ក្រុម​ប្រជាពលរដ្ឋ​ទៅ​ទស្សនា​លក្ខណៈ​គ្រួសារ​។ ភ្ញៀវទេសចរ​ជា​និស្សិត​ចូលចិត្ត​ទៅ​ទស្សនា​សារមន្ទីរ​កុលាលភាជន៍​អង្គរ​ភូមិ​តានី និង​ទីតាំង​ផ្សេងៗ​ទៀត​ជាច្រើន ព្រោះ​ត្រូវការ​ស្រាវជ្រាវ​សម្រាប់​ការសិក្សា​ស្រាវជ្រាវ ឬ​បញ្ចប់​និក្ខេបបទ ចំណែក​អ្នកមក​ទស្សនា​លក្ខណៈ​គ្រួសារ ច្រើន​ទៅ​មើល​នៅ​ប្រាសាទ​អង្គរវត្ត ប្រាសាទបាយ័ន និង​ប្រាសាទតាព្រហ្ម​។

លោក​ប្រាប់ថា ដោយឡែក​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​តំបន់​អង្គរ ក្រៅពី​ទស្សនា​ប្រាសាទ គឺមាន​គោលដៅ​ទេសចរណ៍ ៤ ​ទៀត ដែល​ពួកគេ​ចង់ទៅ​ទស្សនា​ក្នុង​នោះ​ទី​ ១ គឺ​សារមន្ទីរ​កុលាលភាជន៍​អង្គរ​ភូមិ​តានី ទី​ ២ អាទិ​សង់​អង្គរ​ដែល​បង្ហាញ​អំពី​វិចិត្រសិល្បៈ ចម្លាក់ សិប្បកម្ម​ខ្មែរ ទី​ ៣ កសិដ្ឋាន​សូត្រ​នៅ​ស្រុក​ពួក ដែល​បង្ហាញ​ពី​ការដាំ​ដើម​មន ចិញ្ចឹម​ដង្កូវនាង​ធ្វើ​សម្បុក​ ដើម្បី​បានជា​អំបោះ​ធ្វើជា​សូត្រ និង​ទី ៤ គឺ​តំបន់​អេកូទេសចរណ៍​កំពង់​ភ្លុក​៕