ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នឹង​បើក​កិច្ចប្រជុំ​ជាមួយ​អន្តរក្រសួង​លើក​ពី​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ប្រព័ន្ធ​ទឹក​កខ្វក់ នៅពេល​ឆាប់ៗ​នេះ បន្ទាប់ពី​ទទួល​បាន​សេចក្តី​ព្រាង​នេះ​បន្ថែម​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA) ដែល​ក្រសួង​ចាត់ទុក ជា​ធាតុ​ចូល​ដ៏សំខាន់​ក្នុង​កិច្ចការងារ​នេះ​។

រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក​ ប៉ាល់ ចន្ទតារា និង​លោកស្រី​ MIYAHARA AI តំណាង​ជាន់ខ្ពស់​នៃ​ការិយាល័យ​ JICA បាន​ធ្វើ​ពិធី​ប្រគល់​ទទួល​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ប្រព័ន្ធ​ទឹក​កខ្វក់ ដែល​ផ្តល់​ដោយ​ JICA និង​មានការ​ចូលរួម​ពី​ក្រុមការងារ​ជំនាញ និង​ភាគី​ពាក់ព័ន្ធ​ពីថ្ងៃ​ទី​ ១៦ ឧសភា​។

ថ្លែង​ក្នុង​ពិធី​នោះ លោក​ ប៉ាល់ ចន្ទតារា លើកឡើងថា ការរីក​ចម្រើន​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ការអភិវឌ្ឍ​ទីក្រុង ទីប្រជុំជន​ធំៗ និង​ការកសាង​លំនៅឋាន ក្រោម​នយោបាយ ឈ្នះ-​ឈ្នះ គឺជា​ប្រវត្តិសាស្ត្រ​របស់​ថ្នាក់ដឹកនាំ​ប្រទេស ដែល​បាន​បង្រួបបង្រួម​ជាតិ​នាំមក​នូវ​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​ពេញលេញ​នៅ​ទូទាំង​ផ្ទៃប្រទេស​តាំងពី​ឆ្នាំ ​១៩៩៨ និង​បានធ្វើឱ្យ​ប្រទេសជាតិ​មាន​ការរីកចម្រើន​យ៉ាង​លឿន​។

លោក​បន្តថា ស្ថិតក្នុង​បរិបទ​នៃ​ការរីកចម្រើន​ដ៏ឆាប់រហ័ស​នេះ បញ្ហា​អនាម័យ ការគ្រប់គ្រង​ទឹក​កខ្វក់ និង​សំណល់​រាវ​ក្នុង​ទីក្រុង​ និង​ទីប្រជុំជន​ធំៗ​បាន​ចោទ ជា​បញ្ហា​ដ៏ធំ ដែល​ត្រូវ​ដោះស្រាយ​ និង​គ្រប់គ្រង​ឱ្យបាន​សមស្រប និង​ជាបន្ទាន់​។ រាជរដ្ឋាភិបាល​ក៏ត្រូវ​ស្វែងរក​ដំណោះស្រាយ​ និង​យុទ្ធសាស្ត្រ​ធ្វើយ៉ាងណា​ឱ្យ​ការ​គ្រប់គ្រង​ទឹក​កខ្វក់​នេះ​មាន​ប្រសិទ្ធភាព ខ្ពស់ និង​ប្រកបដោយ​ការទទួល​ខុសត្រូវ តាមរយៈ​កិច្ចសហការ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ទាំង​វិស័យ​រដ្ឋ ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​នានា​ផងដែរ​។

លោក​ថា ដើម្បី​ធ្វើ​កិច្ចការងារ​នេះ ក្រសួង​កំពុង​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ប្រព័ន្ធ​ទឹក​កខ្វក់​ដែល​កំពុង​ប្រមូល​ធាតុ​ចូល​ពី​ភាគី​ពាក់ព័ន្ធ ជាពិសេស​ក៏មាន​ធាតុ​ចូល​ពី JICA ដែល​ជំនាញ​ទៅលើ​រឿងនេះ​។

លោក​ថ្លែងថា​៖ «​យើង​ទទួល​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ប្រព័ន្ធ​ទឹក​កខ្វក់​ពី​អង្គការ JICA ដែលជា​ធាតុ​ចូល​មួយ​ដ៏ល្អ ព្រោះ​ប្រទេស​ជប៉ុន​ជា​ប្រទេស​មាន​បទពិសោធ​គ្រប់គ្រង​កាកសំណល់ វត្ថុ​រាវ និង​ទឹក​កខ្វក់​នេះ​ជោគជ័យ​ណាស់​នៅ​ស្រុក​គាត់​។ អ៊ីចឹង​សេចក្តី​ព្រាង​នេះ​យកមក​ ដើម្បី​ដាក់បញ្ចូល​គ្នា​ជាមួយ​សេចក្តី​ព្រាងច្បាប់ ដែល យើង​កំពុង​ធ្វើ​សព្វថ្ងៃនេះ​»​។

លោក​ថា ក្រសួង​នឹង​ជ្រើសរើស​យក​ធាតុ​ចូល​ដែល​ល្អៗ​ស្រប​ទៅនឹង​បរិបទ​កម្ពុជា ហើយ​សង្ឃឹមថា ច្បាប់​នេះ​នឹងមាន​ប្រសិទ្ធភាព​នៅពេល​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ដោយសារ​ច្បាប់​នេះ​មាន​ការជួយជ្រោមជ្រែង​ពី​អ្នកមាន​បទពិសោធ​ជួយ​លើ​ការងារ​នេះ​។

លោក​ថា​៖ «​នៅពេល​យើង​មានច្បាប់​គ្រប់គ្រង​ក្នុង​ដៃ​ហើយ ការអនុវត្ត​នឹង​ល្អប្រសើរ មាន​ស្តង់ដា ព្រោះ​យើង​ធ្វើ​អី​ត្រូវ​ធ្វើតាម​ស្តង់ដា​។ ឥឡូវនេះ​យើង​បាន​ធាតុ​ចូល​បន្ថែម ហើយ​យើង​នឹង​ប្រជុំ​អន្តរក្រសួង​បន្តទៀត​ឆាប់ៗ​នេះ ដែលមាន​គ្រប់​ក្រសួង​ពាក់ព័ន្ធ​នឹងចូលរួម មុននឹង​យើង​ដាក់​ទៅ​គណៈរដ្ឋមន្ត្រី ព្រោះ​ការធ្វើ​ច្បាប់​នីមួយៗ​ត្រូវការ​សិក្សា​ឱ្យ​ល្អិតល្អន់​»​។

ក្នុងនាម​ជា​អ្នកដឹកនាំ​កិច្ចការងារ​នេះ លោក​ជំរុញ​ឱ្យមាន​ការឆ្លង​យោបល់​ជា​បន្ត​ជាមួយ​ក្រុមការងារ​ជំនាញ​របស់​ក្រសួង គណៈកម្មាធិការ​អន្តរក្រសួង ក្រុមប្រឹក្សា​អ្នកច្បាប់​បន្ថែមទៀត ដើម្បី​ធានាថា ខ្លឹមសារ​លម្អិត​នៃ​សេចក្តី​ព្រាងច្បាប់​នេះ​សមស្រប​ទៅតាម​លក្ខខណ្ឌ ស្ថានភាព​ជាក់ស្ដែង និង​ការអភិវឌ្ឍ​របស់​កម្ពុជា សំដៅ​ពង្រឹង​ការគ្រប់គ្រង​ទឹក​កខ្វក់ និង​សំណល់​រាវ ប្រកប​ដោយ​គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និរន្តរភាព​ និង​បំពេញ​តាម​តម្រូវការ​ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ដើម្បី​លើកកម្ពស់​បរិស្ថាន និង​សង្គម មុននឹង​ដាក់​ទៅ​គណៈរដ្ឋមន្ត្រី ដើម្បី​ពិនិត្យ​ និង​បញ្ជូនទៅ​រដ្ឋសភា និង​ព្រឹទ្ធសភា ដើម្បី​ធ្វើការ​អនុម័ត​ឱ្យ​ក្លាយជា​ច្បាប់​។

បើតាម​លោក​ ប៉ាល់ ចន្ទតារា កិច្ចការងារ​នេះ ទីភ្នាក់ងារ JICA បានផ្ដល់​ជំនួយ​កម្រិត​បច្ចេកទេស លើ​ការជួយ​ពិនិត្យ ផ្ដល់​ធាតុ​ចូល មតិយោបល់ និង​អនុសាសន៍​ល្អៗ និង​បាន​កែសម្រួល​សេចក្តី​ព្រាង​ដំបូង​នៃ​ច្បាប់​ស្ដីពី​ប្រព័ន្ធ​ទឹក​កខ្វក់​របស់​ក្រសួង​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង​ថែមទៀត តាមរយៈ​គម្រោង​ពង្រឹង​សមត្ថភាព គ្រប់គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ​ដល់​រដ្ឋបាល​រាជធានី​-​ភ្នំពេញ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

លោក​ ហែម ឧត្តម អ្នកជំនាញ​ផ្នែក​បរិស្ថាន​បាន​សាទរ​ចំពោះ​ការបង្កើត​ច្បាប់​ស្តីពី​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ ដែល​លោក​ថា​ច្បាប់​នេះ​គួរតែ​ត្រូវបាន​បង្កើត​តាំងពី​យូរ​មកហើយ​។ បច្ចុប្បន្ន​ប្រព័ន្ធគ្រប់គ្រង​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ​ដែល​កម្ពុជា​បន្ត​ប្រើប្រាស់ បាន​បន្សល់ទុក​តាំងពី​សម័យ​បារាំង​មក​ម្ល៉េះ ហើយ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ទាំងនោះ​គឺ​តិចតួច​បំផុត​។ លោក​ថា លោក​បារម្ភ​នៅពេល​មិនមាន​ការ​គ្រប់គ្រង​បញ្ហា​ទឹក​កខ្វក់ ឬ​ប្រព័ន្ធ​លូ​នេះ វា​ធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​។ ព្រោះ​ទឹក​ដែល​ក្រហូរ​ចេញពី​ក្នុង​តំបន់ ឬ​ទឹក​កខ្វក់​ដែល លាយឡំ​ជាមួយ​ទឹក​ប្រើប្រាស់​ដោយ​មិន​ត្រូវបាន​សម្អាត និង​ធ្វើឱ្យប៉ះពាល់​សុខភាព​មនុស្ស​។

លោក​ឧត្តម​បាន​បញ្ជាក់ថា​៖ «​ដូច​នៅ​ភ្នំពេញ យើង​ឃើញ​នៅពេល​មាន​ទឹកជំនន់​ម្តងៗ គឺ​ទឹក​ហូរ​យឺត ព្រោះ​វា​ក៏​ជា​បញ្ហា​រួមផ្សំ​ដែរ​»៕