កំពង់ឆ្នាំងៈ ក្រសួង​អភិវឌ្ឍន៍​ជនបទ​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​ក្រុង​កំពង់ឆ្នាំង ដែល​បានបញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​ (ODF) ដំបូង​គេ​បង្អស់ ក្នុងចំណោម ក្រុង ស្រុក​ទាំង​ ៨ នៅ​ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី ​១៧ ខែឧសភា ដែល​លទ្ធផល​ដ៏​ល្អប្រសើរ​នេះ ជាការ​បង្ហាញ​ពី​ការចូលរួម​ចំណែក​យ៉ាង​ធំធេង​ជាមួយ​រាជរដ្ឋាភិបាល​លើ​ការផ្គត់ផ្គង់​ទឹក ការសម្អាត និង​អនាម័យ​ជនបទ​។

លោក​ ស៊ុន សុវណ្ណារិទ្ធ អភិបាល​ខេត្តកំពង់ឆ្នាំង​ថ្លែង​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ ក្រុង​កំពង់ឆ្នាំង​ជា​ក្រុង​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​ថា លទ្ធផល​ដែល​ខេត្តកំពង់ឆ្នាំង​ទទួល​បាន​នេះ បង្ហាញ​ឱ្យ​ឃើញ​ពី​ការយកចិត្ត​ទុកដាក់​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ក្នុងការ​លើកទឹកចិត្ត​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឱ្យ​កាន់តែ​មាន​កម្លាំងចិត្ត​កាន់តែ​ខ្លាំងក្លា​ថែមទៀត ក្នុងការ​បំពេញ​តួនាទី​ភារកិច្ច​លើកកម្ពស់​សុខុមាលភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។

លោក​ថ្លែងថា​៖ «​ក្រុង​កំពង់ឆ្នាំង​ត្រូវបាន​គណៈកម្មការ​វាយតម្លៃ​ទទួលស្គាល់​ជា​ផ្លូវការ​ក្លាយជា​ក្រុង​គំរូ​ទី​ ១ ក្នុង​ខេត្តកំពង់ឆ្នាំង​ជា​ក្រុង​សម្រេចបាន​បញ្ចប់​បន្ទោបង់​ពាសវាល​ពាសកាល (ODF) និង​បានរៀបចំ​ពិធី​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវការ​នៅថ្ងៃនេះ​»​។

ក្រៅពី​ការសម្រេច​បាន​នូវ​ការបញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​នៃ​ក្រុង​កំពង់ឆ្នាំង​នេះដែរ លោក​ ស៊ុន សុវណ្ណារិទ្ធ ក៏បាន​បញ្ជាក់ថា ខេត្ត​នេះ​ក៏មាន​ឃុំ​ចំនួន​ ២៣ ភូមិ​ចំនួន​ ២១៩ នៅ​ទូទាំង​ខេត្ត ដែល​បានបញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​ផងដែរ​។ បច្ចុប្បន្ន​នៅ​ទូទាំង​ខេត្តកំពង់ឆ្នាំង អត្រា​ប្រជាពលរដ្ឋ​មាន​ប្រភពទឹក​ស្អាត​ប្រើប្រាស់​ចំនួន​ ៧៦% ស្មើនឹង​ ១០៦ ៨៩៨ ​គ្រួសារ និង​អត្រា​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​បង្គន់​អនាម័យ​ចំនួន​ ៨០% ស្មើនឹង ១០០ ៤១០ ​ខ្នង​ផ្ទះ​។

លោក​អភិបាលខេត្ត​បញ្ជាក់ថា​៖ «​តាមរយៈ​ការរៀបចំ​ពិធី​ប្រកាស​ទទួលស្គាល់​ក្រុង​កំពង់ឆ្នាំង​ជា​ក្រុង​សម្រេច​បាន ODF នៅថ្ងៃនេះ នឹង​ជំរុញ​ការងារ​ផ្គត់ផ្គង់​ទឹកស្អាត សុខភាព​ និង​អនាម័យ​ជនបទ​ក្នុង​ខេត្ត​ទាំងមូល​កាន់តែ​មាន​ការអភិវឌ្ឍ​រីកចម្រើន​ខ្លាំងក្លា​ថែមទៀត​។ ពិសេស​ការពង្រីក​វិសាលភាព​ភូមិ ឃុំ ស្រុក គោលដៅ​បន្ថែម ដើម្បី​ឈានទៅ​សម្រេចបាន​ខេត្ត​បញ្ចប់ ODF នៅ​ឆ្នាំ​ ២០២៣ តាម​ផែនការ ដែល​បាន​គ្រោងទុក​»​។

លោក​អភិបាលខេត្ត ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ឱ្យបាន​កាន់តែ​ផុលផុស​ថែមទៀត ដោយ​ផ្តើមចេញពី​ខ្លួនឯង គ្រួសារ និង​សហគមន៍ ធ្វើការ​ផ្លាស់ប្តូរ​ទម្លាប់​ពី​ការ​បន្ទោបង់​ពាសវាល​ពាសកាល មក​សាងសង់​បង្គន់​អនាម័យ​ប្រើប្រាស់ ហូប​ទឹកស្អាត លាងដៃ​ជាមួយ​សាប៊ូ​ផងដែរ​។

របាយការណ៍​សង្ខេបនៃ​ការប្រកាស​ក្រុង​កំពង់ឆ្នាំង​ឱ្យដឹងថា ក្រុង​កំពង់ឆ្នាំង​មាន​ផ្ទៃដី​សរុប ៤ ៦៦៥ ​គីឡូម៉ែត្រ​ការ៉េ ចែកចេញ​ជា​ ៤​ សង្កាត់ ស្មើនឹង​ ២៦ ​ភូមិ​មាន​ប្រជាពលរដ្ឋ​ចំនួន​ ៤០ ៩១៣ ​នាក់ ស្រី​ ២០ ៨៨៧ ​នាក់​។ មានគ្រួសារ​ចំនួន​ ៩ ៤០៣ មាន​ខ្នង​ផ្ទះ ​៨ ៣០៧ ប្រជាពលរដ្ឋ​អាយុ​ ១៨​ ឆ្នាំ​ឡើង​មាន​ ២១ ១១១ ​នាក់​។

នៅ​ចុងឆ្នាំ​ ២០២០​ ក្រុង​កំពង់ឆ្នាំង​ត្រូវបាន​អង្គការ​ WaterAid ជ្រើសរើស​ជា​តំបន់​គោលដៅ​ ដើម្បី​អនុវត្ត​កម្មវិធី​ផ្គត់ផ្គង់ ការសម្អាត និង​អនាម័យ​ជនបទ​។ ពេល​ចាប់ផ្តើម​ការអនុវត្ត​ដំបូង ប្រជាពលរដ្ឋ​មាន​ប្រភពទឹក​ប្រើប្រាស់​ចំនួន​ ១០០% ក្នុងនោះ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទឹកស្អាត​ ៨៧.៤%​។ រីឯ​អត្រា​ប្រជាពលរដ្ឋ​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​ចំនួន​ ៨៩% និង​អត្រា​ប្រជាពលរដ្ឋ​ទម្លាប់​លាងដៃ​ជាមួយ​សាប៊ូ​ចំនួន ៩១%​។

របាយការណ៍​បន្តថា ប្រជាពលរដ្ឋ​បាន​យល់ដឹង​ពី​សារៈសំខាន់​នៃ​ការបន្ទោបង់​ក្នុង​បង្គន់ ហើយ​ផ្លាស់ប្តូរ​ទម្លាប់​មក​សាងសង់​បង្គន់​ប្រើប្រាស់​ហូប​ទឹកស្អាត និង​លាងដៃ​ជាមួយ​សាប៊ូ តាមរយៈ​ការចូលរួម​របស់​អាជ្ញាធរ​-​ក្រុង អាជ្ញាធរ​សង្កាត់ មេភូមិ និង​ប្រជាពលរដ្ឋ​បានធ្វើឱ្យ​អត្រា​អនាម័យ​បាន​កើន​ពី ៨៩% ទៅ​ ១០០% នៅ​ទូទាំង​ក្រុង​កំពង់ឆ្នាំង ដែលមាន​ភូមិ​ចំនួន​ ២៦ សង្កាត់​ចំនួន​ ៤​។

គួរបញ្ជាក់​ផងដែរ​ថា ខេត្ត​ស្វាយរៀង ត្រូវបាន​ក្រសួង​អភិវឌ្ឍន៍ជនបទ សម្រេច​ប្រកាស​ជា​ខេត្ត​ទី​ ១ ដែល​បាន​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​ទាំងស្រុង (ODF) ១០០ ​ភាគរយ ដែល​គ្រប់​ខ្នង​ផ្ទះ​ទាំងអស់ គឺ​សុទ្ធ​តែមាន​បង្គន់​អនាម័យ​ប្រើប្រាស់​៕