
បុរសជាតិថៃក្រោយពេលចាប់ខ្លួនពីថ្ងៃទី ១៣ ឧសភា ។ រូបថត ប៉ូលិស
បាត់ដំបងៈ បុរសជនជាតិថៃម្នាក់ត្រូវបានតុលាការខេត្តបាត់ដំបងឃុំខ្លួនក្នុងពន្ធនាគារខេត្តនៅថ្ងៃទី ១៧ ឧសភា បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ១៣ ឧសភា ពាក់ព័ន្ធករណីគាស់ផ្ទះពលរដ្ឋ ២ នាក់ ដើម្បីលួចទ្រព្យសម្បត្តិ ប្រព្រឹត្តនៅស្រុករតនមណ្ឌល និងស្រុកបាណន់ ខេត្តបាត់ដំបង។
លោកស្រី ជា ច័ន្ទរស្មី អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបងបានប្រាប់នៅថ្ងៃទី ១៧ ឧសភា ថា តុលាការខេត្តបាត់ដំបងបានសម្រេចចេញដីកាឃុំខ្លួនបុរសជនជាតិថៃ ឈ្មោះ ថាវី ណងនុត អាយុ ៤៦ ឆ្នាំ ដាក់ពន្ធនាគារ ហើយនៅព្រឹកថ្ងៃទី ១៧ ឧសភា។ ជននេះត្រូវបានឃុំខ្លួន បន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបងចោទប្រកាន់បទលួចមានស្ថានទម្ងន់ទោស។
លោកស្រីបញ្ជាក់ថា៖ «ជនត្រូវចោទត្រូវបានលោកស្រីចៅក្រមស៊ើបសួរ នុត សុម៉ារី សម្រេចចេញដីកាឃុំក្នុងពន្ធនាគារនៅព្រឹកមិញនេះ (ថ្ងៃទី ១៧ ឧសភា) ក្នុងបទចោទលួចមានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ»។
បើតាមមាត្រា ៣៥៣ ដែលចែងអំពីនិយមន័យបទចោទ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌនេះ បើតុលាការរកឃើញថា បុរសជនជាតិថៃម្នាក់នោះពិតជាបានប្រព្រឹត្តមែននោះនឹងត្រូវជាប់ពន្ធនាគារពី ៣ ទៅ ១០ ឆ្នាំ។
វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងឱ្យដឹងនៅថ្ងៃទី ១៧ ឧសភា ថា ការឃាត់ខ្លួនបុរសជាតិថៃនេះ បន្ទាប់ពីសមត្ថកិច្ចរបស់លោកទទួលបានការណែនាំពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តដើម្បីស្រាវជ្រាវចាប់ខ្លួន ព្រោះថាមានព័ត៌មានពីថៃ ថា ជនជាតិថៃម្នាក់នេះក៏បានបង្កបទល្មើសនៅថៃផងដែរ។
លោកបន្តថា ការឃាត់ខ្លួនជនសង្ស័យគឺ បន្ទាប់ពីជនរងគ្រោះឈ្មោះ ឆោម សំអាត ភេទ ប្រុស អាយុ ៥២ ឆ្នាំ រស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល និងឈ្មោះ សាន សុខា ភេទស្រី អាយុ ៤០ ឆ្នាំ រស់នៅភូមិគ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង បានប្តឹងមកនគរបាលក្នុងស្រុកទាំង ២ បន្ទាប់ពីជនសង្ស័យគាស់ផ្ទះលួចទ្រព្យសម្បត្តិពួកគាត់នៅស្រុករតនមណ្ឌលកាលពីថ្ងៃ ១៩ មេសា និងនៅស្រុកបាណន់នៅថ្ងៃទី ៥ ឧសភា ឆ្នាំនេះ។ ក្រោយមកសមត្ថកិច្ចបានស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យបាននៅរសៀលថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២ នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ចំពោះទ្រព្យសម្បត្តិដែលជនសង្ស័យលួចបាន ផ្ទះទី ១ រួមមាន៖ ខ្សែកមាសទម្ងន់ ៥ ជី បន្តោងខ្សែកមាសទម្ងន់ ៣ ជី,កងដៃប្លាទីនទម្ងន់ ៥ ជី, ខ្សែកប្លាទីនទម្ងន់ ៤ ជី, ចិញ្ចៀនប្លាទីនដាំត្បូងពណ៌ខៀវ ២០ គ្រាប់ចំនួន ១ វង់,ចិញ្ចៀនប្លាទីនស្នាយចំនួន ១ វង់,ចិញ្ចៀនពេជ្រ ១ វង់ (តម្លៃ ២ ៨០០ ដុល្លារ),ប្រាក់ដុល្លារចំនួន ២០០ ដុល្លារ និងលុយខ្មែរចំនួន ១០ ម៉ឺនរៀល។ រីឯផ្ទះទី ២ រួមមាន៖ ខ្សែកមាស ១ ខ្សែទម្ងន់ ១ តម្លឹង,ខ្សែដៃមាស ១ ខ្សែទម្ងន់ ១ តម្លឹង,ចិញ្ចៀនមាស ១ វង់ ទម្ងន់ ៥ ជី,លុយខ្មែរចំនួន ៥ ៣០០ ០០០ រៀល និងលុយដុល្លារចំនួន ១ ០៥០ ដុល្លារ៕