តាកែវៈ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អះអាងថា ការអភិវឌ្ឍ​នៅ​តំបន់ភ្នំ​តាម៉ៅ មិន​ប៉ះ​ជាន់​លើ​ផ្ទៃដី​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ​ដែលមាន​ទំហំ​ជាង ៤០០ ហិកតា​មាន​របង​ព័ទ្ធជុំវិញ និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដែល​បាន​អភិវឌ្ឍ​កន្លងមក​នោះទេ​។

ការអះអាង​របស់​លោក​ វេង សាខុន បែបនេះ​ធ្វើឡើង​តាមរយៈ​លិខិត​ដាក់ជូនទៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ចុះ​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ​ ២០២២ ដែល​លោក​បាន​ផ្តល់ឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​តាមរយៈ​តេឡេក្រាម​នៅ​ថ្ងៃទី​ ១៧ ខែឧសភា​។

តាមរយៈ​លិខិត​នោះ លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បានឱ្យ​ដឹងថា ករណី​ទីស្តីការ​គណៈរដ្ឋមន្ត្រី​សុំ​ការអនុញ្ញាត​ជា​គោលការណ៍​ដោះដូរ​ទីតាំង​ដី​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មិន​ប៉ះ​ជាន់​លើ​ផ្ទៃដី​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ​ដែលមាន​ទំហំ​ជាង ៤០០ ហិកតា និង​មាន​របង​ព័ទ្ធជុំវិញ​ជាង​ ៨ ៣៩៤​ ម៉ែត្រ មាន​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដែល​បាន​អភិវឌ្ឍ​កន្លងមក​នោះឡើយ​។ ជាមួយគ្នា​នោះ​ការអភិវឌ្ឍ​តំបន់​នោះ ក៏​មិន​ប៉ះពាល់​ទៅដល់​ការសហការ​ជួយ​របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlife Alliance) ឬ​ការអនុវត្ត​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អង្គការ Wildlife Alliance ផងដែរ​។

លោក​ វេង សាខុន បញ្ជាក់ថា​៖ «​ការដោះដូរ​ផ្ទៃដី​តំបន់ភ្នំ​តាម៉ៅ​ជា​ការចាំបាច់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​ការ​អភិវឌ្ឍ​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន ព្រមទាំង​ផ្តល់​បន្ថែមទៀត​នូវ​ទុន​សម្រាប់​ការ​​អភិវឌ្ឍ គម្រោង​យុទ្ធសាស្ត្រ​នានា​ជំរុញ និង​កែ​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ​»​។

លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បានឱ្យដឹង​ទៀតថា ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ​មាន​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​នានា​មាន​ផ្លូវថ្នល់ ទ្រូង​សត្វ សួនច្បារ អគារ​សារមន្ទីរ អគារ​អប់រំ ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក បណ្តាញ​អគ្គិសនី និង​អគារ​ការិយាល័យ​ ដើម្បី​បម្រើឱ្យ​សេវា​ការសង្គ្រោះ​។ ជាមួយគ្នា​នោះ​ក៏មាន​ការព្យាបាល ការសិក្សា​ស្រាវជ្រាវ ការអប់រំ និង​ទេសចរណ៍ និង​កំពុង​ចិញ្ចឹម​ថែរក្សា បង្កាត់​ពូជ​សត្វព្រៃ​ចំនួន ១១៨ ប្រភេទ ស្មើនឹង​ ១ ៦៧៨ ​ក្បាល​ផងដែរ​។ យ៉ាងណា​ក៏ដោយ លោក​ វេង សាខុន មិនបាន​បញ្ជាក់ថា ការអភិវឌ្ឍ​ថ្មី​នៅ​តំបន់​ក្បែរ​នោះ​រៀបចំ​យ៉ាងណា និង​ធ្វើ​អ្វីខ្លះ​នោះទេ​។

លោកស្រី ស៊ូវណ្ណា ហ្គោនឡែត តំណាង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlife Alliance) បានស្នើ​សុំ​អន្តរាគមន៍​បន្ទាន់​បញ្ឈប់​សំណើសុំ​ដី​ទំហំ​ ៥០០ ​ហិកតា សម្រាប់​ការអភិវឌ្ឍ​ឯកជន និង​ស្នើសុំ​សវនាការ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​អន្តរាគមន៍​បន្ទាន់​បញ្ឈប់​ការបំផ្លាញ​ព្រៃភ្នំ​តាម៉ៅ​ជា​ជម្រក​សត្វព្រៃ ស្ថិត​នៅក្រោម​ការការពារ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

លោកស្រី ថ្លែងថា នៅពេល​គម្រោង​នោះ​ត្រូវបាន​អនុវត្ត​ដីព្រៃ​ភ្នំ​តាម៉ៅ​នឹងត្រូវ​កាត់ផ្ដាច់​ជា​ ២ ​បំណែក​តូចៗ​សត្វព្រៃ​ជាង ១ ០០០ ក្បាល នឹង​បាត់បង់​ទីជម្រក ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ​នឹង​បាត់បង់​កេរ្តិ៍ឈ្មោះ ការងារ​រួមគ្នា​រវាង​រដ្ឋាភិបាល និង​អង្គការ Wildlife Alliance រយៈពេល​ ២០ ​ឆ្នាំកន្លងមក​ក្នុងការ​ការពារ​ប្រព័ន្ធ​បរិស្ថាន នៅទីនេះ​នឹង​គ្មានអ្វី​ទាំងអស់ ហើយ​ថវិកា​រួមវិភាគទាន​របស់​អង្គការ​នឹង​ទទេ​ស្អាត​។

លោក នីច ម៉ាក អ្នកជំនាញ​អភិរក្ស​សត្វព្រៃ​នៅ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​បាន​ថ្លែង​ក្នុង​វីដេអូ​បង្ហោះ​លើ​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​ ១៦ ខែឧសភា​ថា ដោយសារ​មាន​កិច្ចសហការ​ដ៏ល្អ​រវាង​រដ្ឋបាល​ព្រៃឈើ និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​អស់​រយៈពេល​ ២០ ​ឆ្នាំ ភ្នំ​តាម៉ៅ​បាន​ក្លាយជា​ទីតាំង​ដ៏សំខាន់​សម្រាប់​ការស្តារ​សត្វព្រៃ​ឡើងវិញ និង​អភិរក្ស​សត្វព្រៃ​។ ការ​ឈូសឆាយ​ ដើម្បី​អភិវឌ្ឍ​តំបន់ភ្នំ​តាម៉ៅ នឹង​បំផ្លាញ​ព្រៃ​កន្លែង​ល្អ​មាន​សត្វព្រៃ​កម្រ​ច្រើន និង​ជា​កន្លែង​ល្អ​សម្រាប់​ភ្ញៀវទេសចរ និង​ប្រជាជន​ខ្មែរ​ទៅលេង​នៅ​ទីនោះ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​និង​អ្នក​អភិរក្ស​ផ្សេងទៀត​សំណូមពរ​សម្តេច​ ហ៊ុន សែន ជួយ​ការពារ​ព្រៃភ្នំ​តាម៉ៅ​ដដែល ដើម្បី​ទុកជា​ជម្រក​សុវត្ថិភាព​សម្រាប់​សត្វព្រៃ និង​ជា​កន្លែង​កម្សាន្ត​ធម្មជាតិ​ដ៏ល្អ​សម្រាប់​ប្រជាជន​នៅ​ជិត​ទីក្រុង​ភ្នំពេញ​»​។

លោក សុខ វិជ្ជា អ្នកស្រាវជ្រាវ​ជីវចម្រុះ​នៅ​កម្ពុជា ថ្លែង​នៅ​ថ្ងៃទី​ ១៨ ខែឧសភា ថា ការអភិវឌ្ឍ​នៅក្បែរ​តំបន់​អភិរក្ស​សត្វព្រៃ​អាច​នឹង​ធ្វើឱ្យ​សត្វព្រៃ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា សត្វព្រៃ​ផ្លាស់ប្តូរ​លំនៅ​ដោយ​ខ្លួនឯង ដោយ​ការភ្ញាក់ផ្អើល​ និង​សំឡេង​រំខាន ហើយ​បើសិនជា​មាន​ការ​ប្រើប្រាស់​សារធាតុ​គីមី​ក្នុង​ការ​អភិវឌ្ឍ​នោះ ការ​បំភាយ​សារធាតុគីមី​ក៏​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​សត្វព្រៃ​ផងដែរ និង​ការ​ឈូសឆាយ​ព្រៃឈើ ដើម្បី​អភិវឌ្ឍ​នឹងមាន​ការប៉ះពាល់​ដល់​ជម្រក​សត្វព្រៃ​ជុំវិញ​តំបន់​នោះ​ផងដែរ​។

លោក​ថ្លែងថា​៖ «​បើសិនជា​គាត់​អភិវឌ្ឍ​ទៅ​ចិញ្ចឹម​សត្វស្រុក​អាហ្នឹង​វា​អត់​អី​ទេ ព្រោះ​អាហ្នឹង​វា​អត់​មាន​បង្ក​ជា​សំឡេង​អី​ទេ លើកលែង​តែ​ការអភិវឌ្ឍ​នោះ​ធ្វើ​ទៅជា​រោងចក្រ ទៅជា​អី​អាហ្នឹង​បាន​វា​អាច​ប៉ះពាល់​»​។

លោក លី សាវេត អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​តាកែវ​ថ្លែង​នៅ​ថ្ងៃទី​ ១៧ ខែឧសភា​ថា​មិនទាន់មាន​ទំនាក់​ទំនង​ជា​ផ្លូវការ​ណាមួយ​មក​អាជ្ញាធរខេត្ត​ចំពោះ​ការដោះដូរ​ដី​ទីនោះ​នៅឡើយ​ទេ​។ ចំណែក លោក ភួន ឈីម អភិបាលស្រុក​បាទី​និង លោក ម៉េង សុធី អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្តតាកែវ ប្រាប់ថា​លោក​ក៏​មិនទាន់​បានទទួល​ព័ត៌មាន​អ្វី​ដែរ​ពី​រឿងនេះ​។

លោក សួន សុវណ្ណ អ្នកនាំពាក្យ​រដ្ឋបាល​ព្រៃឈើ​មិន​អធិប្បាយ​អ្វី​ឡើយ​ជុំវិញ​ការអភិវឌ្ឍ​ថ្មី​នៅ​ទីនោះ ដោយ​លោក​បង្វែរ​ឱ្យ​សួរ​ទៅ​លោក ញឹក រតនពេជ្រ ប្រធាន​​មជ្ឈមណ្ឌល​សួនសត្វ​ភ្នំ​តាម៉ៅ ប៉ុន្តែ​ទូរស័ព្ទ​ទៅ​មិនមាន​អ្នកទទួល​។

យោងតាម​លិខិត សជណ ចុះ​ថ្ងៃទី​ ១៤ ខែមករា ឆ្នាំ​ ២០២២ របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បានឱ្យ​ដឹងថា រាជរដ្ឋាភិបាល​យល់ព្រម​ជាគោលការណ៍​ដោះដូរ​ទីតាំង​ដី​ស្ថានីយ​ចិញ្ចឹម​គោ​ពូជ​ភ្នំ​តាម៉ៅ ទំហំ​ ៣០០ ​ហិកតា និង​ទីតាំង​ដី​រដ្ឋបាល​ព្រៃឈើ​ភ្នំ​តាម៉ៅ ទំហំ ៥០០ ​ហិកតា ស្ថិតនៅ​ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ ជាមួយ​ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក​។

លោក នី កុសល ប្រជាពលរដ្ឋ​នៅ​ភូមិ​ឱភាសាំង ថ្លែងថា រាល់​ការអភិវឌ្ឍ​មិន​ថា​ក្រុមហ៊ុន ឬ​រដ្ឋាភិបាល​ទេ តែងតែមាន​ផលប៉ះពាល់​ខ្លះ​ជាមិនខាន ទោះបី​តិច​ ឬ​ច្រើនតែ​ការអភិវឌ្ឍ​ធ្វើឱ្យមាន​ប្រយោជន៍​៕

វីដេអូ៖