ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ និង​ណែនាំ​ទៅដល់​មន្ត្រី​សុខាភិបាល​ត្រូវ​យកចិត្ត​ទុកដាក់​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​បញ្ហា​សុខភាព​ប្រកបដោយ​ក្រម​សីលធម៌ វិជ្ជាជីវៈ និង​សមធម៌ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ប្រកបដោយ​ការ​ទទួល​ខុសត្រូវ​តាម​វិជ្ជាជីវៈ​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ដូចនេះ​នៅ​ថ្ងៃទី​ ១៨ ខែឧសភា ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​អគារ​សម្ភព​ និង​ថែទាំ​ទារក​​នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង ក្រោម​ជំនួយ​របស់​សាធារណរដ្ឋ​កូរ៉េ តាមរយៈ​មូលនិធិ​កូរ៉េ​សម្រាប់​ការថែទាំ​សុខភាព​អន្តរជាតិ (KOFIH)​។

លោក​ថា ការផ្តល់​ជំនួយ​ជា​អគារ​នេះ​ពី​សាធារណរដ្ឋ​កូរ៉េ​មកដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង​នេះ ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់​ ដោយសារ​អគារ​នេះ​បាន​បំពាក់​នូវ​ឧបករណ៍​បរិក្ខារ​ទំនើបៗ​មាន​វិសាលភាព​​ទូលំទូលាយ​ជាង​មុន និង​អាចឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​សម្រាប់​ប្រជាជន​ផងដែរ​។

លោក ម៉ម ប៊ុនហេង មានប្រសាសន៍​ថា​៖ «​ខ្ញុំ​សុំ​ស្នើឱ្យ​មន្ត្រី​សុខាភិបាល​ទាំងអស់​ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​បញ្ហា​សុខភាព​ប្រកប​ដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ និង​សមធម៌ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ពូជសាសន៍ ពណ៌សម្បុរ និង​ត្រូវ​មានចិត្ត​សប្បុស ប្រកបដោយ​ការទទួលខុសត្រូវ​តាម​វិជ្ជាជីវៈ​»​។

លោក​បាន​បន្តថា ជាពិសេស​ត្រូវយក​ចិត្ត​ទុកដាក់​ចំពោះ​អ្នកមាន​ជីវភាព​ក្រីក្រ ចាស់ជរា ស្ត្រី កុមារ និង​ទុរគតជន ដែលមាន​ការលំបាក​ និង​ត្រូវ​ការឱ្យ​ក្រុមគ្រូពេទ្យ​ជួយ​។

រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​ខិតខំ​ប្រឹងប្រែង​យកចិត្ត​ទុកដាក់​​ដល់​ប្រជាពលរដ្ឋ​ដោយ​បង្ខិត​សេវា​ឱ្យទៅ​នៅ​ជិត​ប្រជាពលរដ្ឋ ​ជាពិសេស​សេវា​សុខាភិបាល និង​រដ្ឋបាល​សាធារណៈ​ដោយ​បង្កើតជា​មណ្ឌល​សុខភាព មន្ទីរពេទ្យ​ថ្មីៗ​បន្ថែម​ និង​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល​ផងដែរ​។ ​នេះ​បើតាម​ការបន្ថែម​របស់​លោក ម៉ម ប៊ុនហេង​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​៖ «​អគារ​សម្ភព​ និង​ថែទាំ​ទារក​នេះ​នឹង​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព និង​ជួយ​ដល់​ប្រជាពលរដ្ឋ​ចៀសវាង​នូវ​ការព្យាបាល​​ដោយ​មិន​សមស្រប​តាមច្បាប់​​ និង​មិនមាន​ការទទួលស្គាល់​ពី​អាជ្ញាធរ​សុខាភិបាល​។ ខ្ញុំ​មិន​ចង់​ឮ​មិន​ចង់ឃើញ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​បញ្ហា​គ្រោះថ្នាក់ ឬ​បាត់​បង់ជីវិត​ ដោយសារ​មិនបាន​ទទួល​សេវា​ពិនិត្យ​ព្យាបាល​ឱ្យបាន​សមស្រប និង​ទាន់ពេលវេលា​នោះឡើយ​»​។

លោក ផាក ឃឿងយ៉ុង​ (Park Heung-Kyeong) ​ឯកអគ្គ​រដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​បាន​ថ្លែង​នាឱកាស​នោះដែរ​ថា ក្រសួង​សុខាភិបាល​​កម្ពុជា​ និង​មូលនិធិ​កូរ៉េ​សម្រាប់​ការថែទាំ​សុខភាព​អន្តរជាតិ (KOFIH) ​បានធ្វើ​កិច្ចសហប្រតិបត្តិការ​អស់​រយៈកាល​ជាង​ ១​ ទសវត្សរ៍​កន្លង​ទៅនេះ​លើ​ការអនុវត្ត​សមាហរណកម្ម​ថែទាំ​សុខភាព​មាតា ទារក និង​កុមារ​នៅក្នុង​ភូមិភាគ​ពាយព្យ ជាអាទិ៍​មាន ខេត្ត​បាត់ដំបង ពោធិ៍សាត់​ និង​ខេត្ត​ប៉ៃលិន​។

លោក​បាន​បន្តថា ប្រជាពលរដ្ឋ​ប្រមាណ​ជា​ ១,៧ ​លាននាក់​នៅក្នុង​ភូមិភាគ​នេះ​ដែល​អាច​ទទួលបាន​អត្ថប្រយោជន៍​ពី​កម្មវិធី​នេះ ក្នុងនោះ​ក៏មាន​ស្ត្រី និង​ទារក​ទើបនឹង​កើត​​ផងដែរ​។

លោក ផាក ឃឿងយ៉ុង បាន​បញ្ជាក់ថា​៖ «​តាមរយៈ​ការ​ផ្តួចផ្តើម​នេះ យើង​បាន​មើលឃើញ​នូវ​វឌ្ឍនភាព​ប្រសើរ​ឡើងជា​លំដាប់​ជារួម​មាន​ម្តាយ​ជាច្រើន​​សម្រាលកូន​ប្រកបដោយ​សុវត្ថិភាព និង​មាន​ទារក​ដែល​ទើបនឹង​កើត​ក៏​ទទួលបាន​នូវ​ការថែទាំ​សមស្រប​ និង​ទាន់​ពេលវេលា​នៅក្នុង​ភូមិភាគ​នេះ​»​។

ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​បាន​បន្ថែមថា អគារ​នេះ​គឺជា​ផ្នែក​មួយ​ដែលមាន​សារៈសំខាន់​ក្នុងការ​ផ្តល់​​សេវា​ឱ្យ​កាន់តែ​ប្រសើរ ប្រកប​ដោយ​គុណភាព​ដល់​មាតា និង​ទារក ជាច្រើន​នាក់​។

អគារ​សម្ភព និង​ថែទាំ​ទារក​នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​នេះ​មាន​កម្ពស់​ ២ ​ជាន់ ដោយមាន​លទ្ធភាព​ដាក់​គ្រែ​បាន​រហូតដល់​ ៧០ ​គ្រែ ដោយមាន​បែងចែក​នូវ​សេវា​សំខាន់ៗ​រួមមាន ផ្នែក​ទារក​សង្គ្រោះ​ទើបនឹង​កើត បន្ទប់វះកាត់​ចំនួន​ ២ ​បន្ទប់ បន្ទប់​សម្រាប់​សម្រាលកូន​ ២ ​បន្ទប់ និង​បន្ទប់​អ្នកជំងឺ​ចំនួន ៥ ​បន្ទប់​៕