ភ្នំពេញៈ គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ នៃ​ក្រសួង​សុខាភិបាល​បានប្រកាស​​ផ្អាក​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​នៅ​ទូទាំង​ប្រទេស​រយៈពេល​ ៣​ ថ្ងៃ នៅ​ដើមខែ​ក្រោយ ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ និង​ក្រុមការងារ​ចាក់​វ៉ាក់សាំង​ទាំងអស់​ឱ្យ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​​ដែល​ត្រូវ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ៥ ខែមិថុនា ខាងមុខនេះ​។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ ​១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ (​គ.វ.ក​-១៩)​ បានឱ្យដឹង​កាលពី​ថ្ងៃទី​ ១៦ ខែឧសភា ថា ការចាក់​វ៉ាក់សាំង​នឹង​ផ្អាក​ជា​បណ្តោះអាសន្ន​ចំនួន ​៣ ​ថ្ងៃ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដែល​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​ ៥ ខែមិថុនា ឆ្នាំ​ ២០២២​។

លោកស្រី​បានលើកឡើង​តាមរយៈ​សេចក្តី​ជូនដំណឹង​ថា​៖ «​ការងារ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​នៅ​ទូទាំង​ប្រទេស​ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​ចំនួន​ ៣​ ថ្ងៃ ចាប់ពី​ថ្ងៃទី​ ៤ ដល់​ថ្ងៃទី​ ៦ ខែ​​មិថុនា ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ និង​ក្រុមការងារ​ចាក់​វ៉ាក់សាំង​ទាំងអស់​អាចធ្វើ​ដំណើរ​ទៅ​​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​នៅ​មូលដ្ឋាន​របស់ខ្លួន​រៀងៗ​ខ្លួន​»​។

លោកស្រី ឱ វណ្ណឌីន បាន​បន្ថែមថា ការចាក់​វ៉ាក់សាំង​កូវីដ-១៩ ដល់​ប្រជាជន​នឹង​ដំណើរការ​ជា​ប្រក្រតី​ឡើងវិញ​ចាប់ពី​ថ្ងៃទី ​៧ ខែមិថុនា ដោយ​ក្រុម​ការងារ​ត្រូវ​រៀបចំ​ឱ្យបាន​រួចរាល់​ ដើម្បី​ធានាបាន​ថា​ប្រជាជន​​អាចមក​ចាក់​វ៉ាក់សាំង​វិញ​នេះ​។

យោងតាម​របាយកាណ៍​របស់​​ក្រសួង​សុខាភិបាល​គិត​ត្រឹម​យប់​​ថ្ងៃទី​ ១៧ ខែឧសភា អត្រា​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ ​១៩ ​ដល់​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​កងកម្លាំង​ប្រដាប់អាវុធ​នៅ​ទូទាំង​ប្រទេស​សរុប​បាន​ចំនួន​ជាង​ ១៥ ​លាន​នាក់ ឬ​ស្មើនឹង​ ៩៣,៨១ ​ភាគរយ​។

របាយការណ៍​ដដែល​បាន​បន្តថា ពលរដ្ឋ​ដែលមាន​អាយុ​ ១៨ ​ឆ្នាំ​ឡើង​ចាក់​វ៉ាក់សាំង​បាន​ចំនួន​ជាង​ ១០​ លាន​នាក់​, អាយុ​ ១២ ​ដល់​ ១៨ ​ឆ្នាំ​ចាក់​បាន​ចំនួន​ជាង​ ១,៨​ លាន​នាក់​, អាយុ​ ៦ ​ដល់​ ១២ ​ឆ្នាំ ចាក់​បាន​ចំនួន​ជាង​ ២​ លាន​នាក់​, អាយុ​ ៥​ ឆ្នាំ​ចាក់​បាន​ចំនួន​ជាង​ ៤០ ​ម៉ឺន​នាក់​ និង​អាយុ​ ៣​ ឆ្នាំ​ដល់​ក្រោម​ ៥​ ឆ្នាំ ចាក់​បាន​ចំនួន​ជិត​ ៤០ ​ម៉ឺន​នាក់​។

ជាមួយ​គ្នា​នោះដែរ សម្រាប់​អ្នក​ដែល​បាន​ចាក់​ដូស​ទី​ ៣ ​មាន​ចំនួន​ជាង​ ៩​ លាន​នាក់​ និង​អ្នក​បាន​ចាក់​ដូស​ទី ​៤ មាន​ជាង​ ២ ​លាន​នាក់​ផងដែរ​។

ទាក់ទង​នឹង​ការចាក់​វ៉ាក់សាំង​នេះដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ​ (TYDA) នៅ​សាល​ពិព័រណ៍​ជ្រោយចង្វារ កាលពី​ថ្ងៃទី​ ១៧ ឧសភា​ថា ការចាក់​វ៉ាក់សាំង​កូវីដ ​១៩ នៅ​កម្ពុជា​មិនមាន​យកប្រាក់​នោះឡើយ បើទោះបី​ជា​ត្រូវ​ចាក់​ដល់​ដូស​ទី ១០ ឬ​ដូស​ទី​ ២០ ​ក៏ដោយ​។

លោក​មានប្រសាសន៍​ថា​៖ «​បងប្អូន​ខ្លះ​គាត់​ឱ្យ​យោបល់​ខ្ញុំ​ថា​ចាក់​ដូស​ទី ​១ ទី​ ២ មិន​យក​ថ្លៃ ឥឡូវ​ចាក់​ដូស​ទី​ ៣ គួរតែ​យក​ថ្លៃ ខ្ញុំ​បាន​ប្រាប់​ទៅវិញ ខ្ញុំ​ថា អត់​ទេ យកមក​ក៏​មិន​ក្លាយ​ទៅជា​អ្នកមាន​បានដែរ​។ ​ថវិកា​របស់​យើង​ក្តី ជំនួយ​ក្តី ចាក់​ជូន​ដោយ​ឥតគិតថ្លៃ ហើយក៏​គ្មាន​ការរើសអើង​ណាមួយ​ដែរ ទាំង​បញ្ហា​នយោបាយ ទាំង​ជាតិសាសន៍ ទាំង​សាសនា​ទាំង​តំបន់​ទីក្រុង តំបន់​ជនបទ​ទទួលបាន​ដូចៗ​គ្នា​»​។

លោក​ ហ៊ុន សែន បាន​បន្ត​​ទៀតថា​៖ «​ត្រូវ​ធានា​បើ​ទោះបី​ជា​ដូស​ទី​ ១០ ឬ​ដូស​ទី​ ២០ ​ក៏​នៅតែ​មិន​យកលុយ​ដែរ ពេលវេលា​នេះ​មិនមែន​ជា​ពេលវេលា​យកលុយ​ពី​ប្រជាជន​នោះទេ គឺជា​ពេលវេលា​ជួយ​ប្រជាជន​»​។

ដោយឡែក ស្ថានភាព​នៃ​ការឆ្លង​មេរោគ​កូវីដ ​១៩ នៅក្នុង​កម្ពុជា​ក្នុង​រយៈពេល​ ១១ ​ថ្ងៃ​ជាប់​គ្នា​នេះ កម្ពុជា​មិនមាន​រកឃើញ​អ្នក​ឆ្លង​មេរោគ​នេះឡើយ ហើយ​អ្នកជំងឺ​ដែល​នៅសល់​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​តែ​ ៨ ​នាក់​ទៀត​ប៉ុណ្ណោះ​។

យោងតាម​របាយការណ៍​របស់​​ក្រសួង​សុខាភិបាល​គិត​ត្រឹម​ថ្ងៃទី​ ១៧ ខែឧសភា បានឱ្យ​​ដឹងថា កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូវីដ​ ១៩ សរុប​ទូទាំងប្រទេស​ចំនួន​ ១៣៦ ២៦២ ​នាក់ អ្នកជា​សះស្បើយ សរុប​ចំនួន ១៣៣ ១៩៨ ​នាក់ និង​អ្នក​ស្លាប់មាន​ចំនួន ៣ ០៥៦ ​នាក់​។

លោក ហ៊ុន សែន បាន​លើកឡើង​ថា ជោគជ័យ​របស់​ប្រទេស​កម្ពុជា​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ រហូតដល់​ដំណើរ​ការបើក​ប្រទេស​ឡើងវិញ និង​គ្មាន​អត្រា​ឆ្លង​នាពេល​នេះ មិនមែន​ជា​រឿង​​ចៃដន្យ​នោះទេ​។

លោក​មានប្រសាសន៍​ថា​៖ «​មកដល់​ពេលនេះ មិនមែន​ជា​ការចៃដន្យ​ទេ​នៃ​ជោគជ័យ​ដែល​យើង​បាន​យកឈ្នះ​កូវីដ គ្រាន់តែ​ប៉ុណ្ណោះ​អាច​ផ្ដល់នូវ​សញ្ញា​ដឹងថា ហ៊ុន សែន មិនដែល​ខ្វះ​ការគិត​អំពី​សេណា​រីយោ​ច្រើនបែប​នោះទេ​»៕