កំពង់ស្ពឺៈ កម្លាំងចម្រុះ​បង្ក្រាប​ទីតាំង​ធ្វើ​សន្និធិ ​(​ការសន្សំទុក​) សត្វព្រៃ និង​សំណាក​មួយកន្លែង​នៅ​ភូមិ​ពាមអន្ទង់ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច នា​ព្រឹក​ថ្ងៃទី​ ១៨ ខែឧសភា ដកហូត​បាន​សត្វព្រៃ​ជិត ៣០ ​ក្បាល និង​ចាប់​ជនសង្ស័យ​ម្នាក់​។

លោក សែម ប៊ុនឌី មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ត្រែងត្រយឹង ថ្លែង​នៅ​ថ្ងៃទី​ ១៨ ខែឧសភា​ថា ការចុះ​បង្ក្រាប​នេះ​ធ្វើឡើង​ដោយយោង​តាម​ចំណារ​ឯកភាព​របស់លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ដើម្បី​ត្រួតពិនិត្យ​ឆែកឆេរ​ចុះ​ថ្ងៃទី​ ១៧ ខែឧសភា ឆ្នាំ​ ២០២២ ជាក់ស្តែង​នៅ​ចំណុច​ផ្ទះ​របស់ ឈ្មោះ ចាន់ ប៊ុនថុន ភេទ​ប្រុស អាយុ​ ២៧ ​ឆ្នាំ ស្ថិតក្នុង​ភូមិ​ពាមអន្ទង់ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ លោក​ប្រាប់ថា តាម​ការសង្កេត​ជាក់ស្តែង​សត្វព្រៃ​ទាំងអស់​ដែល​ត្រូវបាន​ដកហូត​ក្នុង​ប្រតិបត្តិការ​នេះ​គឺ​ហាក់ដូចជា​ទើបតែ​បាន​នាំមក​ថ្មីៗ​នេះ ប៉ុន្តែ​មិនដឹងថា​នាំ​មកពី​ទីណា​នោះទេ​។

ទោះយ៉ាងណា​ក៏ដោយ​លោក​បញ្ជាក់ថា នៅ​មូលដ្ឋាន​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ មួយរយៈ​ពេល​ចុងក្រោយ​នេះ មិនមាន​ការជួញដូរ​ ឬ​ធ្វើ​សកម្មភាព​លក់​សាច់សត្វ​ព្រៃ​ខុសច្បាប់​នោះឡើយ​។

តាម​របាយការណ៍​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​បាន​ឱ្យដឹងថា សត្វព្រៃ​រស់​ទាំងនោះ​មានដូចជា កូន​ក្ងោក ព្វាំងរស់ សេក ក្តាន់ញ៉ែង រអាត​ត្នោត​អក​ព្រៃ​ច្រើន​ពណ៌ ស្ទាំងលលក​កេងកង​ធំ​ក្រៀម និង​ក្រញាំ​ជើង​កេងកង​ធំ​ក្រៀម​។

លោក សឿង សំអាត នាយរង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ត្រែងត្រយឹង​បានឱ្យ​ដឹងថា ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំងចម្រុះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ចាន់ ប៊ុនថុន ភេទ​ប្រុស អាយុ​ ២៧​ឆ្នាំ នាំខ្លួន​ទៅ​សាកសួរ​។

ចំណែក​សត្វព្រៃ និង​សំណាក​ត្រូវបាន​ដឹកជញ្ជូន​ទៅ​រក្សាទុក​នៅ​ឧទ្យាន​សួនសត្វ​ភ្នំ​តាម៉ៅ​៕