ភ្នំពេញៈ លោក ប្រាជ្ញ ចន្ទ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប ​) បានចេញ​សេចក្ដី​ណែនាំ​គណៈកម្មការ​បោះឆ្នោត​ត្រូវ​ត្រៀម​រៀបចំ​ពង្រឹង សន្តិសុខ សណ្ដាប់ធ្នាប់​ និង​របៀបរៀបរយ នៅក្នុង​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​ដល់​ដំណើរការ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​ ៥ ខែមិថុនា ឆ្នាំ​ ២០២២​។

យោងតាម​សេចក្ដី​ណែនាំ របស់ គ.ជ.ប ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ១៤ ខែឧសភា បានឱ្យ​ដឹងថា គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​គធ.ខប​) ប្រធាន​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត (​គឃ.សប​) និង​ប្រធាន​គណៈកម្មការ ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​ត្រូវ​ត្រៀម​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀប​រៀបរយ ក្នុង​ការិយាល័យ​បោះឆ្នោត និង​ការិយាល័យ​រាប់​សន្លឹកឆ្នោត​ទាំងអស់ ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​។

អ្នកមាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ មាន​ចំនួន​ជាង ៩ ​លាន ២ សែន​នាក់ ដោយ​រាប់​គិត​ប្រជាពលរដ្ឋ​ដែលមាន​អាយុ ១៨ ឆ្នាំ​ដល់​ថ្ងៃ​បោះឆ្នោត​ស្មើនឹង ៨៧,៨៤ ភាគរយ និង ការិយាល័យ​បោះឆ្នោត​មាន ចំនួន ២៣ ៦០២ ការិយាល័យ​នៅក្នុង​ឃុំ​សង្កាត់​ចំនួន ​១៦៥២ នៅ​ទូទាំង​ប្រទេស​។

លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ១៨ ខែឧសភា​ថា ជាទូទៅ​នៅ​មុនពេល​បោះឆ្នោត អំឡុងពេល​បោះឆ្នោត និង​ក្រោយពេល​បោះឆ្នោត គ.ជ.ប ​តែងតែ​តម្រូវ​ឱ្យ​មាន​ការពង្រឹង​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ហើយ​ការឃោសនាបោះឆ្នោត​លើក​នេះ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី ២១ ខែឧសភា​។

លោក សូរីដា ថ្លែងថា​៖ «​អាជ្ញាធរ​រៀបចំ​ការបោះឆ្នោត​ត្រូវ​សហការ​ជាមួយនឹង​អាជ្ញាធរ​ដែនដី​មាន​ទាំង​រដ្ឋបាល​រាជធានី​ខេត្ត រដ្ឋបាល​ស្រុក​-​ខណ្ឌ និង​រដ្ឋបាល​ឃុំ​សង្កាត់ ដើម្បី​ធ្វើ​យ៉ាងណា ទាក់ទង​គ្នា​ឱ្យបាន​ជិតស្និទ្ធ ដើម្បី​រួមគ្នា​រៀបចំ​ជាការ​ប្រជុំ​ឱ្យបាន​ទៀងទាត់ ដោះស្រាយ​នូវ​រាល់​បញ្ហា និង​សម្របសម្រួល​ពី​អាជ្ញាធរ​ដែនដី ។ អ៊ីចឹង​ទេ អ្វីដែល​យើង​ធ្វើ​ទាំងអស់នេះ ត្រូវធ្វើ​កិច្ចសហការ និង​វិធានការ​ទប់ស្កាត់​​នូវ​បទល្មើស​ផ្សេងៗ​។​

យោងតាម​សេចក្តី​ណែនាំ​របស់ គ.ជ.ប បាន​បញ្ជាក់ថា អ្នក​ដែលមាន​សិទ្ធិ​ចូលក្នុង​ការិយាល័យ​បោះឆ្នោត​បាន មាន​មន្ត្រី​បោះឆ្នោត​ដែល​បានទទួល​ការតែងតាំង​ពី គ.ជ.ប ភ្នាក់ងារ​គណបក្សនយោបាយ​ដែលមាន​បញ្ជី​បេក្ខជន​ឈរឈ្មោះ និង​ដែល​បានអនុញ្ញាត និង​អ្នក​សង្កេតការណ៍​ដែលមាន​បណ្ណសម្គាល់​ផ្តល់ឱ្យ​ដោយ គ.ជ.ប និង​ចំពោះ​អ្នកសារព័ត៌មាន​ដែលមាន​បណ្ណ​សម្គាល់​ផ្តល់ឱ្យ​ដោយ គ.ជ.ប ។

ចំពោះ​អ្នកសារព័ត៌មាន​ក្នុង​ករណី​គ្មាន​បណ្ណ​សម្គាល់​អនុញ្ញាត ពី គ.ជ.ប អ្នកសារព័ត៌មាន​រូប​នោះ​អាច​ចូលក្នុង​ការិយាល័យ​បោះឆ្នោត ដើម្បី​គោលបំណង​បោះឆ្នោត​តែប៉ុណ្ណោះ ប្រសិនបើ​គាត់​មានឈ្មោះ​បោះឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​នោះ អ្នក​ដែលមាន​សិទ្ធិ​បោះឆ្នោត ហើយ​ត្រូវ​បោះឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​នោះ ហើយ​អ្នក​ដែល​អមដំណើរ​អ្នកបោះឆ្នោត​បាន មាន​តែ​ជនពិការ​ប៉ុណ្ណោះ ដែល​បាន​កំណត់ដោយ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​។

គ.ជ.ប ក៏បាន​បញ្ជាក់​ដែរថា ​អ្នក​ដែលមាន​សិទ្ធិ​ចូល​ក្នុង​ការិយាល័យ​រាប់​សន្លឹកឆ្នោត​ដែល​ត្រូវបាន​អនុញ្ញាត​រួម មាន​មន្ត្រី​រាប់​សន្លឹកឆ្នោត ដែល​បានទទួល​ការ​តែងតាំងពី គ.ជ.ប​, ភ្នាក់ងារ​គណបក្ស​នយោបាយ​ដែលមាន​បញ្ជី​បេក្ខជន​ឈរឈ្មោះ និង​ដែល​បាន​អនុញ្ញាត​អ្នកសង្កេតការណ៍​, អ្នកសារព័ត៌មាន​ដែលមាន​បណ្ណសម្គាល់​ផ្តល់ឱ្យ​ដោយ គ.ជ.ប ​,​និង ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត និង​ភ្នាក់ងារ​សង្គ្រោះ នៅពេលដែល​ប្រធាន គ.ក.រ ធ្វើ​សំណូមពរ​ក្នុងករណី​ចាំបាច់​។ គ.ជ.ប បញ្ជាក់ដែរថា អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ល្មើស​ត្រូវ​ទទួលពិន័យ ដោយ​ការ​ផាកពិន័យ​ជា​ប្រាក់​ពី ៥ ​លាន​រៀល ទៅ ២០​ លាន​រៀល​ដោយ គ.ជ.ប ដោយ​ពុំទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត​។

ជាមួយគ្នា គធ.ខប គឃ.សប និង គ.ក.ប/គ.ក.រ ត្រូវ​សហការ​ជាមួយ​កម្លាំង​សន្តិសុខ​បោះឆ្នោត​តាម​មូលដ្ឋាន និង​តាម​ការិយាល័យ​នីមួយៗ​រៀងៗ​ខ្លួន ដើម្បី​ធានា​ឱ្យបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ក្នុង​ដំណើរការ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​។

លោក សំ សុគន្ធាមី ប្រធាន​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​នីកហ្វិច​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ​១៨ ខែឧសភា​ថា ការចេញ​សេចក្តី​ណែនាំ​នេះ​ពិតជា​ល្អ សម្រាប់​ធ្វើយ៉ាងណា​ឱ្យ​ដំណើរការ​នៃ​ការបោះឆ្នោត និង​រាប់​សន្លឹកឆ្នោត ប្រព្រឹត្ត​ទៅដោយ​លូន​។ ក្នុង​ការរក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​នេះ​មាន​គណៈកម្មការ​រក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ ដែលមាន​អគ្គស្នងការ​នគរបាល​ជាតិ​ជា​អ្នកដឹកនាំ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​ឃើញថា ការរៀបចំ​របស់​ គ.ជ.ប សម្រាប់​ការបោះឆ្នោត​ឆ្នាំនេះ រាង​ហ្មត់ចត់​គ្រាន់បើ មាន​ទាំង​ប្រជា​ការពារ ប៉ូលិស និង​ទាហាន​។ ជាមួយគ្នានេះ បើសិន​មាន​ជន​ណា​ដែល​គ្មាន​សមត្ថកិច្ច ឬ​កាតព្វកិច្ច​ចូលទៅ​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​នឹងត្រូវ​ផាកពិន័យ និង​មាន​ទោសទណ្ឌ​ផ្សេងទៀត ព្រោះ​វា​ស្ថិត​នៅក្នុង​បទបញ្ជា និង​នីតិវិធី​របស់ គ.ជ.ប ​»៕