The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​ឧត្តមមន្ត្រី​ការពារជាតិ​អាស៊ាន​ សម្រេច​ឱ្យមាន​លំហាត់​លម្ហ​សមុទ្រ​អាស៊ាន​-​ឥណ្ឌា ដើម្បី​លើកកម្ពស់​វិស័យ​សន្តិសុខ

ក្រុម​ឧត្តមមន្ត្រី​ការពារជាតិ​អាស៊ាន​ សម្រេច​ឱ្យមាន​លំហាត់​លម្ហ​សមុទ្រ​អាស៊ាន​-​ឥណ្ឌា ដើម្បី​លើកកម្ពស់​វិស័យ​សន្តិសុខ

Content image - Phnom Penh Post
​កិច្ច​ប្រជុំ​ឧត្ត​ម​មន្ត្រី​ការពារជាតិអាស៊ាន (ADSOM) ប្រារព្ធធ្វើឡើងកាលពីថ្ងៃទី​ ១៧ ខែឧសភា​​ នៅ​រាជធានីភ្នំពេញ។ រូបថត AKP

ក្រុម​ឧត្តមមន្ត្រី​ការពារជាតិ​អាស៊ាន​ សម្រេច​ឱ្យមាន​លំហាត់​លម្ហ​សមុទ្រ​អាស៊ាន​-​ឥណ្ឌា ដើម្បី​លើកកម្ពស់​វិស័យ​សន្តិសុខ

ភ្នំពេញៈ ក្រុម​ឧត្តម​មន្ត្រី​ការពារ​ជាតិ​អាស៊ាន​បានសម្រេច​ឱ្យមាន​លំហាត់​លម្ហ​សមុទ្រ​អាស៊ាន​-​ឥណ្ឌា​ ដើម្បី​លើក​កម្ពស់​វិស័យ​សន្តិសុខ​រវាង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ជាមួយ​ឥណ្ឌា​ក្នុង​ទិសដៅ​ជំរុញ​សាមគ្គីភាព​ជាមួយគ្នា​ និង​បានសម្រេច​លើ​ឯកសារ​មួយ​​ចំនួន​ទៀត ដើម្បី​ដាក់ជូន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​អនុម័ត​នៅ​ខែមិថុនា​។

ការសម្រេច​បែបនេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ឧត្តមមន្ត្រី​ការពារជាតិ​​អាស៊ាន​ (ADSOM) ​កាលពី​ថ្ងៃ​​ទី​ ១៧ ខែឧសភា ដែល​ដឹកនាំ​ដោយ​លោក ណឹម សុវត្ថិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស​នៃ​ក្រសួង​ការពារជាតិ​កម្ពុ​ជា​នៅ​ទីស្តីការ​ក្រសួង​ការពារជាតិ រាជធានី​ភ្នំពេញ ដើម្បី​ពិភាក្សា​លើ​ឯកសារ​សំខាន់ៗ សម្រាប់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន ឆ្នាំ ​២០២២ ក្រោម​មូលបទ​ «​សាមគ្គីភាព ដើម្បី​សន្តិសុខ​ប្រកប​ដោយ​ភាពសុខដុម​» ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​បញ្ជាក់​នា​ថ្ងៃទី​ ១៧ ខែឧសភា ថា​៖ «​កិច្ចប្រជុំ​​បាន​ពិភាក្សា និង​សម្រេច​ជា​គោលការណ៍​លើ​សំណើ​សុំឱ្យ​​មាន​លំហាត់​លម្ហ​សមុទ្រ​អាស៊ាន​-​ឥណ្ឌា ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​ ៣០ រវាង​អាស៊ាន និង​ឥណ្ឌា​។ ចំពោះ​ការរៀបចំ​លម្អិត កិច្ច​ប្រជុំបាន​ប្រគល់ជូន​ក្រុមការងារ​បន្ត​ពិភាក្សា​បន្ថែមទៀត​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​អះអាងថា «​កិច្ចប្រជុំ​នេះ​បានបញ្ចប់​ដោយ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ស្របតាម​ទិសដៅ​នៃ​ការជំរុញ​សាមគ្គីភាព​ក្នុងចំណោម​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ដើម្បី​លើកកម្ពស់​សន្តិសុខ​ប្រកបដោយ​ភាពសុខដុម​»​។

ក្នុង​កិច្ចប្រជុំ​នេះ ឧត្តមមន្ត្រី​ការពារជាតិ​អាស៊ាន​បាន​ស្តាប់​នូវ​របាយការណ៍​ចំនួន​ ៣​។ ទី​ ១ ​គឺ​របាយការណ៍​កិច្ចប្រជុំ​ក្រុម​ការងារ​ឧត្តមមន្ត្រី​ការពារជាតិ​អាស៊ាន (ADSOM WG)​។ ទី​ ២​ គឺ​របាយការណ៍​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​បណ្តាញ​វិទ្យាស្ថាន​ការពារ​ជាតិ និង​សន្តិសុខ​អាស៊ាន​លើក​ទី​ ១៥ (15 NADI)​។ ទី​ ៣ គឺ​របាយការណ៍​កិច្ចប្រជុំ​អគ្គមេបញ្ជាការ​កងទ័ព​អាស៊ាន​លើក​ទី​ ១៩ (ACDFM-19)​។

Content image - Phnom Penh Post
កិច្ចប្រជុំ​ក្រុម​ឧត្តមមន្ត្រី​ការពារជាតិ​អាស៊ាន​បូក​នៅ​ថ្ងៃទី ​១៨ ខែឧសភា​។ រូបថត SPS page

ក្រៅពីនេះ​ឧត្តមមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ក៏បាន​ស្តាប់​នូវ​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិ​ការការពារ​ជាតិ​អាស៊ាន​ដែលមាន​ស្រាប់​របស់​រដ្ឋ​សមាជិក-​អាស៊ាន​ផងដែរ និង​បានសម្រេច​លើ​ឯកសារ​សំខាន់ៗ​ចំនួន​ ៧ ​ដើម្បី​ដាក់ជូន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​អនុម័ត​នៅក្នុង​ខែមិថុនា ឆ្នាំ​ ២០២២​។

ឯកសារ​ទាំង​ ៧ ​នោះ​រួមមាន ទី​ ១ ​សេចក្តី​ព្រាង​ឯកសារ​ទស្សនទាន​ស្តីពី​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​កងទ័ព​បណ្តា​ប្រទេស​អាស៊ាន​ក្នុងការ​ទប់ស្កាត់​ជំងឺ​រាតត្បាត​ជំងឺឆ្លង​ដែន​។

ទី​ ២ ការលើកកម្ពស់​យន្តការ​គាំទ្រ​សម្រាប់​ស្ត្រី​រក្សា​សន្តិភាព​អាស៊ាន​។ ​ទី​ ៣ ឯកសារ​ទស្សនទាន ស្តីពី​ការបង្កើត​កិច្ច​សហការ​រវាង​ស្ថាប័ន​អប់រំ​យោធា​​អាស៊ាន​។

ចំណែក​ឯកសារ​ទី​ ៤ ​គឺ​សេចក្តី​ព្រាង​ឯកសារ​ពិភាក្សា​ស្តីពី​ការ​លើកកម្ពស់​ការចែករំលែក​ព័ត៌មាន​រវាង​គំនិត​ផ្តួចផ្តើម​ការអនុវត្ត​ច្បាប់​លម្ហ​សមុទ្រ​អាស៊ី​អាគ្នេយ៍​ជាមួយ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក​ក្នុង​វិស័យ​សន្តិសុខ​លម្ហ​សមុទ្រ ចំណែក​ឯកសារ​ទី​ ៥​ គឺ​ឯកសារ​ពិភាក្សា​ស្តីពី​ការឆ្លុះបញ្ចាំង​ប្រវត្តិសាស្ត្រ​យោធា​ ដើម្បី​លើកកម្ពស់​សន្តិភាព​ជានិរន្តរ៍​។

ឯកសារ​ទី​ ៦​ គឺ​លក្ខខណ្ឌ​ប្រតិបត្តិ​របស់​មជ្ឈមណ្ឌល​ឧត្តមភាព​ព័ត៌មាន សន្តិសុខ​ព័ត៌មានវិទ្យា​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន និង​ទី​ ៧​ គឺ​សេចក្តីព្រាង​ចក្ខុវិស័យ​-​ភ្នំពេញ​ស្តីពី​តួនាទី គ្រឹះស្ថាន​ការពារជាតិ​ក្នុងការ​គាំទ្រ​ការស្តារ​​ឡើងវិញ​ក្រោយ​ជំងឺ​កូវីដ​ ១៩​។

ឧត្តមមន្ត្រី​ការពារជាតិ​អាស៊ាន​បានសម្រេច​លើ​ខ្លឹមសារ​របស់​សេចក្តីព្រាង​សេចក្តីប្រកាស​រួម កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​-​អាស៊ាន និង​បាន​ប្រគល់ជូន​ក្រុមការងារ​ពិភាក្សា​ចុងក្រោយ​លើ​នីតិវិធី​នៃ​ការអនុម័ត​ដោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​។

ឧត្តមមន្ត្រី​ការពារជាតិ​អាស៊ាន​បាន​ឯកភាព​គ្នា​ឱ្យមាន​កិច្ចប្រជុំ​ក្រៅផ្លូវការ​ចំនួន​ ៤ ក្នុង​​អំឡុងពេល​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ក្នុង​ខែមិថុនា​ខាងមុខ​ដែលមាន​ចំនួន ​២ និង​ក្នុងអំឡុងពេល​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការពារជាតិ​ក្នុង​ខែវិច្ឆិកា​ខាងមុខ​ក៏មាន​ចំនួន​ ២ ​ដែរ ដោយ​​អនុលោម​តាម​ឯកសារ​ទស្សនទាន​ស្តីពី​ការភ្ជាប់​ទំនាក់ទំនង​របស់​​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ជាមួយ​ដៃគូ​ខាងក្រៅ​។

ដោយឡែក កិច្ចប្រជុំ​ឧត្តមមន្ត្រី​ការពារជាតិ​អាស៊ាន​បូក​​ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​ ១៨ ខែឧសភា បាន​ផ្តោតលើ​ ៧ ​វិស័យ រួមមាន ជំនួយ​មនុស្សធម៌ និង​សង្គ្រោះ​គ្រោះមហន្តរាយ​, សន្តិសុខ​លម្ហ​សមុទ្រ​, វេជ្ជសាស្ត្រ​យោធា​, ការប្រឆាំង​ភេរវកម្ម​, ប្រតិបត្តិ​ការរក្សា​សន្តិភាព​, សកម្មភាព​កម្ចាត់មីន​ ដើម្បី​មនុស្សធម៌ និង​សន្តិសុខ​បច្ចេកវិទ្យា​ព័ត៌មាន​។

លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​១៨ ខែឧសភា​​ថា លំហាត់​លម្ហ​សមុទ្រ​រវាង​អាស៊ាន​-​ឥណ្ឌា​នេះ​បង្ហាញ​ជំហាន​​មួយកម្រិត​ទៀត​សម្រាប់​អាស៊ាន​ ​ដើម្បីឱ្យ​ខ្លួន​មាន​ភាពរឹងមាំ​ក្នុងការ​ប្រឈម​ជាមួយ​អ្នក​ខាងក្រៅ និង​បង្ហាញ​ពី​កម្រិត​ទំនាក់ទំនង​ស្និទ្ធស្នាល​ជាមួយ​បណ្តា​ប្រទេស​​នានា ដូចជា​ឥណ្ឌា​ជាដើម​។

លោក​ថ្លែងថា​៖ «​ការដែល​អាស៊ាន​សម្រេចចិត្ត​នេះ​វា​នៅក្នុង​កាលៈទេសៈ​ដ៏សមស្រប​មួយ​​ក្នុងការ​ធ្វើឱ្យ​ការការពារ​ជាតិ​​របស់​អាស៊ាន​កាន់តែខ្លាំង កាន់​តែ​មាន​ភាពប្រសើរ​ឡើង​ថែមទៀត​។ ប៉ុន្តែ​ទោះបី​យ៉ាងណា​ក៏​ដោយ ក៏​ខ្ញុំ​គិតថា អាស៊ាន​គ្មាន​​លទ្ធភាព​ទៅ​រួម​កម្លាំង​គ្នា​ខាង​យោធា​នៅក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​សត្រូវ​ពី​ខាងក្រៅ​ទេ ពីព្រោះថា​អាស៊ាន​ក៏មាន​និន្នាការ​មានការ​គាំទ្រ​ទៅលើ​មហា​អំណាច​ទៅលើ​សម្ព័ន្ធភាព​ផ្សេងៗ​​គ្នា​ដែរ​មិនទាន់មាន​ភាពសាមគ្គី​មូល​ធ្លុង​មួយ​ដែល​អាស៊ាន​អាច​សម្រេច​ជា​ឯកច្ឆន្ទ​នៅក្នុង​ការការពារ​សត្រូវ​រួម​អីហ្នឹង​»៕

អត្ថបទគួរចាប់អារម្មណ៍