
ជនជាប់ចោទក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនកាលពីឆ្នាំ ២០១៩។ រូបថត ប៉ូលិស
ភ្នំពេញៈ តុលាការកំពូលនៅថ្ងៃទី ១៨ ឧសភាបានប្រកាសសាលដីកាកំបាំងមុខបុរសជាប់ចោទម្នាក់ ដោយច្រានចោលសាលដីកាសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ និងបង្គាប់ឱ្យជម្រះឡើងវិញនូវសំណុំរឿងសម្លាប់នារីម្នាក់ ដោយអះអាងថា ការចោទប្រកាន់គ្មានសំអាងហេតុច្បាស់លាស់ បន្ទាប់ពីឧទ្ធរណ៍បន្ថយទោសមកឃុំខ្លួនដាក់ពន្ធនាគារត្រឹម ១០ ឆ្នាំ ។
លោកចៅក្រម គង់ ស្រ៊ីម បានអានសាលដីកាកំបាំងមុខជនជាប់ចោទក្នុងបន្ទប់សវនាការនៅថ្ងៃទី ១៨ ឧសភា ថា ក្រោយពីបានស្តាប់ការសន្និដ្ឋានរបស់មេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ និងក្រោយពីបានស្តាប់សេចក្តីសន្និដ្ឋានរបស់តំណាងមហាអយ្យការដែលបានបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី ១១ ឧសភា មកក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូលយល់ឃើញថា តាមអង្គហេតុបានបង្ហាញថា ជនជាប់ចោទឈ្មោះ សួង ភិន អាយុ ៣០ ឆ្នាំ បានសម្លាប់ស្ត្រីរងគ្រោះជាសង្សារកាលពីថ្ងៃទី ១៨ កក្កដា ឆ្នាំ ២០១៩ នៅក្រុមទី ១១ ភូមិ ៣ សង្កាត់ ៣ ក្រុងព្រះសីហនុ។ ប៉ុន្តែតាមចម្លើយរបស់ជនជាប់ចោទ និងយោងតាមការបំភ្លឺពីសាក្សីថា ជនជាប់ចោទបានចេញពីខេត្តព្រះសីហនុមករាជធានីភ្នំពេញតាំងពីថ្ងៃទី ៧ ខែកក្កដាឆ្នាំ ២០១៩ មកម្ល៉េះ។
លោកចៅក្រមបន្តថា៖ «សាលាដំបូងខេត្តព្រះសីហនុ និងសាលាឧទ្ធរណ៍ព្រះសីហនុលើកយកតែសំអាងហេតុ តែមិនបានវាយតម្លៃចំពោះចម្លើយណាជាចម្លើយដាក់បន្ទុក និងចម្លើយណាជាចម្លើយដោះបន្ទុក ដើម្បីកំណត់ថា ជនជាប់ចោទមានពិរុទ្ធភាពទេ»។
លោកបង្ហាញថា ការចោទប្រកាន់របស់សាលាឧទ្ធរណ៍ខេត្តព្រះសីហនុគ្មានមូលដ្ឋានគ្រប់គ្រាន់សម្រាប់ចោទប្រកាន់ជនជាប់ចោទទេ ហើយការចោទនោះប្រហែលជាតុលាការសំអាងតែទៅលើចម្លើយរបស់សាក្សីដែលបានឃើញរូបជនជាប់ចោទក្នុងទូរស័ព្ទរបស់នារីរងគ្រោះប៉ុណ្ណោះ។ តាមចម្លើយសាក្សីថា ឃើញរូបថតនារីរងគ្រោះកៀកកជាមួយជនជាប់ចោទ ហើយតាមអង្គហេតុ នារីរងគ្រោះបានបាត់ខ្លួននៅចន្លោះ ថ្ងៃទី ១០-១១ ឆ្នាំ ២០១៩។
លោកថ្លែងក្នុងបន្ទប់សវនាការនៅថ្ងៃទី ១៨ ឧសភា ថា៖ «សាលដីការបស់សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ ចុះថ្ងៃទី ២២ កញ្ញា ឆ្នាំ ២០២១ មិនត្រឹមត្រូវតាមច្បាប់ និងត្រូវបញ្ជូនសំណុំរឿងនេះទៅសាលាឧទ្ធរណ៍ខេត្តព្រះសីហនុជម្រះឡើងវិញ»។
គួររំឭកថា កាលពីថ្ងៃជំនុំជម្រះទី ១១ ឧសភា ជនជាប់ចោទឈ្មោះ សួង ភិន បានឆ្លើយប្រាប់ចៅក្រមក្នុងបន្ទប់សវនាការតុលាការកំពូលថា គាត់ធ្វើជាកម្មករសំណង់នៅក្រុងព្រះសីហនុ ហើយបានស្គាល់នារីរងគ្រោះឈ្មោះ ឈឺន ចាន់រដ្ឋ អាយុ ២៩ ឆ្នាំ តាមរយៈប្អូនស្រីគាត់។ បន្ទាប់មកគាត់ និងនាងបានស្រឡាញ់គ្នា និងមានគម្រោងចូលស្តីដណ្តឹងធ្វើជាប្រពន្ធផង។
លោក សួង ភិន ប្រាប់តុលាការបន្តថា៖ «ប៉ុន្តែខ្ញុំចេញមករាជធានីភ្នំពេញនៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០១៩ បំណងធ្វើជាកម្មករសំណង់នៅបុរីប៉េងហួតបឹងស្នោ។
តែក្រោយមក ៣ ខែ ប៉ូលិសខេត្តព្រះសីហនុហៅខ្ញុំសាកសួរហើយចាប់ខ្លួនខ្ញុំតែម្តង។ ខ្ញុំពិតជាមិនបានសម្លាប់នាងទេ»។
តាមអង្គហេតុរបស់តុលាការកំពូលបង្ហាញថា ជនជាប់ចោទត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុចាប់ខ្លួនពីថ្ងៃទី ៩ តុលា ឆ្នាំ ២០១៩។ ជនជាប់ចោទត្រូវបានសាលាដំបូងខេត្តព្រះសីហនុបើកសវនាការ និងប្រកាសសាលក្រមនៅថ្ងៃទី ១៣ តុលា ឆ្នាំ ២០២០ ចោទបទឃាតកម្ម និងផ្តន្ទាទោសដាក់ពន្ធនាគារ ១២ ឆ្នាំ និងបង្គាប់ឱ្យសងទៅគ្រួសារនារីរងគ្រោះ ៤០ លានរៀល។ ក៏ប៉ុន្តែដោយមិនសុខចិត្តនឹងសាលក្រមនេះ ជនជាប់ចោទបានប្តឹងឧទ្ធរណ៍នៅខេត្តព្រះសីហនុហើយត្រូវបានសាលាឧទ្ធរណ៍ខេត្តបើកសវនាការ និងប្រកាសសាលដីកានៅថ្ងៃទី ២២ កញ្ញា ឆ្នាំ ២០២១ សម្រេចបន្ថយទោសមកនៅ ១០ ឆ្នាំវិញ រីឯសំណងនៅដដែល៕