ព្រះវិហារៈ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង លើកឡើង​ថា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ កងកម្លាំង​ដែល​ឈរ​តាម​ព្រំដែន​រវាង​កម្ពុជា និង​ឡាវ បាន​បំពេញ​ការងារ​ប្រកប​ដោយ​ជោគជ័យ ហើយ​លោក​ក៏​បង្ហាញ​ក្តី​រំពឹងថា ភាគី​ទាំង​ ២​ នឹង​បន្ត​ទំនាក់ទំនង​សហប្រតិបត្តិការ​កសាង​សន្តិភាព និង​រួមគ្នា​ទប់ស្កាត់​បទល្មើស​នៅតាម​ព្រំដែន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។

ការថ្លែង​បែបនេះ ក្នុង​ឱកាស​លោក​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​វេទិកា​អុំទូក និង​សំណង់​សិល្បករ​ផ្សេងៗ​ស្ថិត​ក្នុង​ភូមិ​កំពង់​ស្រឡៅ ឃុំ​កំពង់​ស្រឡៅ​ ១ ស្រុក​ឆែប ខេត្តព្រះវិហារ ជាប់​ជាមួយ​ព្រំដែន​ឡាវ ដោយមាន​ការចូលរួម​ពី​អភិបាល​នៃ​គណៈភិបាល​ខេត្ត ដែល​នៅជាប់​ព្រំដែន​កម្ពុជា​-​ឡាវ​ផងដែរ កាលពី​ថ្ងៃទី​ ១៧ ខែឧសភា​។

ក្នុង​ពិធី​នោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ ជាពិសេស កម្លាំង​ដែល​បាន​ឈរ​តាម​ព្រំដែន​រវាង​កម្ពុជា និង​ឡាវ ដែល​កន្លងទៅ​បាន​បំពេញ​បេសកកម្ម​របស់​ខ្លួន​ប្រកប​ដោយ​ជោគជ័យ​ធ្វើឱ្យ​ព្រំដែន​នៃ​ប្រទេស​ទាំង​ ២ ដែលមាន​ជាប់​ពាក់ព័ន្ធ​ខេត្តព្រះវិហារ ខេត្ត​ស្ទឹងត្រែង ខេត្តរតនគិរី​ផង មាន​សុខសន្តិភាព ទោះបីថា​មាន​បញ្ហា​ខ្លះ​តិចតួច​ក្តី​។ លោក​ថា ទោះយ៉ាងណា រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​រដ្ឋាភិបាល​ប្រជាមានិត​ឡាវ​បាន​យកចិត្ត​ទុកដាក់ ដើម្បី​ដោះស្រាយ​បញ្ហា​បញ្ចប់ ទោះបី​នៅសល់​បញ្ហា​ខ្លះ​ដែល​ត្រូវ​ដោះស្រាយ​ជាមួយគ្នា ប៉ុន្តែ​ឈរលើ​គោលការណ៍​ដោះស្រាយ​ដោយ​សន្តិវិធី និង​មានការ​ស្រុះស្រួល​គ្នា​។

លោក​បញ្ជាក់ថា ដូចនេះ​បេសកកម្ម​របស់​កងកម្លាំង​យោធពល​ខេមរភូមិន្ទ និង​កម្លាំង​នគរបាលជាតិ ដែល​ឈរ​តាម​បន្ទាត់​ព្រំដែន​នេះ​ពិតជា​បានរួម​ចំណែក​យ៉ាងសំខាន់ ដែល​បង្ក​លក្ខណសម្បត្តិ​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​ដែលមាន​ការពាក់ព័ន្ធ​រស់នៅ និង​ប្រកបរបរ​ទទួលទាន​បាន​ដោយ​សុខ​ស្រួល​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ពិតជា​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ទំនាក់ទំនង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង ​២ នឹង​នៅតែ​បន្ត​រក្សា​នូវ​គោលការណ៍​កសាង​ព្រំដែន​មិត្តភាព សន្តិភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​តទៅទៀត ហើយ​ភាគី​ទាំង​ ២ ​នឹង​បន្ត​ដោះស្រាយ​បញ្ហា​នានា​នៅតាម​ព្រំដែន​ស្របតាម​គោលការណ៍​របស់​រដ្ឋាភិបាល​ទាំង ​២»​។

ជាមួយ​គ្នា​នោះ លោក ស ខេង បាន​ថ្លែងអំណរគុណ​ចំពោះ​ខេត្ត​ចម្ប៉ាសាក់ ក៏ដូចជា​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដែល​តែងតែ​លើក​តម្កល់​នូវ​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា​។ ជាពិសេស​ខេត្ត​ដែល​ជាប់​ព្រំដែន​កម្ពុជា គឺ​តែងតែ​យកចិត្ត​ទុកដាក់ ដើម្បី​ទំនាក់​ទំនង​សហប្រតិបត្តិការ ការជួប​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ដែល​កើតឡើង​នៅតាម​ព្រំដែន​។

រីឯ​បទល្មើស​គ្រឿងញៀន​នៅតាម​ព្រំដែន​លោក​បញ្ជាក់ថា កន្លងមក​ភាគី​ទាំង​ ២ ​បាន​រួមគ្នា​ប្រយុទ្ធប្រឆាំងនឹង​បទល្មើស​ឆ្លងដែន​ក្នុងនោះ​មានការ​ជួញដូរ​គ្រឿងញៀន ជាពិសេស​គឺ​គ្រឿងញៀន​សំយោគ ដែល​ខាង​មិត្ត​ឡាវ លោក​ក៏បាន​ខិតខំ​បង្ក្រាបបាន​ជាច្រើន​ករណី ហើយ​កម្ពុជា​ក៏បាន​បង្ក្រាប​ជាច្រើន​ករណី​។

លោក​ថា​៖ «​យើង​ក៏បាន​ឯកភាព គ្នា​ថា ប្រសិន​ណា​ជា​គ្មាន​កិច្ចសហប្រតិបត្តិការ​នេះ​ទេ នោះ​គ្រឿងញៀន​សំយោគ​នេះ វា​កាន់តែ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​ឡាវ ក៏ដូចជា​ដល់​កម្ពុជា​យើង​ផងដែរ​។ អ៊ីចឹង​ហើយ​យើង​តែងតែ​រក្សា​ខ្ជាប់​នូវ​កិច្ចសហប្រតិបត្តិការ​នេះ មាន​ឆន្ទៈ​យ៉ាង​មោះមុត​ក្នុង​ការបន្ត កិច្ចសហការ ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ ជាពិសេស​ចុងក្រោយ​នេះ​គឺថា បទល្មើស​គ្រឿងញៀន​សំយោគ​ដែល​គ្រោះថ្នាក់​ដល់​សុខភាព​របស់​អ្នក​ប្រើប្រាស់​យ៉ាងខ្លាំង​»​។

លោក ប្រាក់ សុវណ្ណ អភិបាល​ខេត្តព្រះវិហារ​ថ្លែងថា ជារួម ទំនាក់ទំនង​កម្ពុជា​-​ឡាវ នៅ​តំបន់​នេះ​មាន​លក្ខណៈ​ជា​ច្រក​ប្រពៃណី​ប្តូរ​ទំនិញ​ផ្សេងៗ​ជា​លក្ខណៈ​គ្រួសារ និង​ដោយឡែក សម្រាប់​ខេត្ត​ទាំង​ ២ គឺ​ខេត្តព្រះវិហារ និង​ខេត្ត​ចម្ប៉ាសាក់​មាន​កិច្ចប្រជុំ​ប្រចាំឆ្នាំ ដោយ​ផ្លាស់ប្តូរ​វេន​គ្នា​ធ្វើជា​ម្ចាស់ផ្ទះ ស្តីពី​កិច្ចប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សេដ្ឋកិច្ច សង្គមកិច្ច​។

លោក​ថ្លែងថា​៖ «​ក្រៅពីនេះ​មាន​កម្រិត​ថ្នាក់​ខេត្ត ដោយ​ខេត្ត​ព្រះវិហារ និង​ខេត្ត​ចម្ប៉ាសាក់ និង​កម្រិត​ថ្នាក់ស្រុក​តែងតែ​រៀបចំ​នូវ​ពិធី​ពិព័ណ៍​វប្បធម៌ ការប្រកួត​កីឡា និង​ការ​ប្រណាំង​ទូក​មិត្តភាព​រួមគ្នា​ប្រចាំឆ្នាំ ដោយ​ផ្លាស់ប្តូរ​វេន​គ្នា ធ្វើជា​ម្ចាស់ផ្ទះ​ចាប់ពី​ឆ្នាំ​ ២០១៤​ មក និង​ជា​បន្ត​បន្ទាប់មក​បាន​ឯកភាព​គ្នា ២ ​ឆ្នាំ​ម្តងវិញ ហើយ​កម្មវិធី និង​កិច្ចប្រជុំ​ទាំងនេះ​ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​ដោយសារ​បញ្ហា​កូវីដ​ ១៩»​។

លោក​អភិបាលខេត្ត​បន្តថា ប៉ុន្តែ​ឆាប់ៗ​ខាងមុខនេះ ខេត្ត​ព្រះវិហារ និង​ខេត្ត​ចម្ប៉ា​សាក់​នឹង​មាន​ការរៀបចំ​កិច្ចប្រជុំ​លើក​ទី​ ៩ ស្តីពី​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​គ្នា និង​គ្នា​៕