បន្ទាយមានជ័យៈ កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្ត​បន្ទាយ​មានជ័យ​នៅ​ថ្ងៃទី​ ១៨ ខែឧសភា​បាន​បញ្ជូន​បុរស​ ៣ ​នាក់​ទៅ​សាលាដំបូង​ខេត្ត ក្រោយពី​ចាប់ខ្លួនបាន​ ៣ ​ថ្ងៃ ពាក់ព័ន្ធ​នឹង​ការបន្លំ​ស្លាក​សញ្ញា​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ដាក់​លើ​ខោអាវ​កីឡា​លក់​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

លោក​ ព្រហ្ម ថេង ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បាន​ឱ្យដឹង​នៅ​ថ្ងៃទី ​១៨​ ឧសភា ថា ជនសង្ស័យ​ទី ​១- ​ឈ្មោះ​ សុខ ចាន់ថន ហៅ ម៉ាប់ ភេទ​ប្រុស អាយុ​ ៣៧ ​ឆ្នាំ ទី ​២-​ ឈ្មោះ សេង ប៊ុនធី ភេទ​ប្រុស អាយុ​ ៣៥ ​ឆ្នាំ និង​ឈ្មោះ ​ស្រ៊ី ហុងអ៊ូ ភេទ​ប្រុស អាយុ​ ២៩​ ឆ្នាំ​។ ពួកគេ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​របស់​លោក​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃទី​ ១៨ ​ឧសភា​។

លោក​បាន​ប្រាប់ថា​៖ «​ករណីនេះ កម្លាំង​យើង​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​ ៣ ​នាក់​នោះ​ដល់​តុលាការខេត្ត​នៅ​ព្រឹក​មិញ​នេះ ​(​ថ្ងៃទី​ ១៨ ឧសភា​)​។ តែ​ខ្ញុំ​មិនទាន់​ដឹងថា​តំណាង​អយ្យការ​ចោទប្រកាន់​ឬ​នៅទេ​»​។

លោក​ ឡាក់ ភី ប្រធាន​មន្ទីរ​ទំនាក់ទំនង​កិច្ចការ​សាធារណៈ​នៃ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​ប្រាប់​នៅ​ថ្ងៃទី ​១៨ ខែឧសភា ថា មូលហេតុ​ដែល​នាំឱ្យមាន​ការចាប់ខ្លួន​បុរស​សង្ស័យ​ទាំង​ ៣​ នាក់ គឺ​មុន​ថ្ងៃ​ចាប់ខ្លួន មន្ត្រី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ស្រាវជ្រាវ​ឃើញ​នៅតាម​ហ្វេសប៊ុក​មាន​ដាក់លក់​ខោអាវ​កីឡា​គ្រប់​ប្រភេទ​នៅ​ក្រុង​ប៉ោយប៉ែត និង​បាន​យក​ស្លាក​សញ្ញា​ឡូហ្គោ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ទៅ​បោះពុម្ព​លើ​ខោអាវ​កីឡា​ដែល​ដាក់តាំង​លក់​ទាំងនោះ​ផងដែរ​។

បន្ទាប់ពី​បាន​ស្រាវជ្រាវ​ឃើញ​ពិតប្រាកដ​មែនហើយ ខាង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ក៏បាន​ដាក់ពាក្យ​បណ្តឹង​នៅ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃទី​ ១៥ ឧសភា ឆ្នាំ​ ២០២២​។ ការងារ​នេះ​ក៏មាន​ការចូលរួម​ពី​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី គង់ សត្ថារិន ស្នងការរង​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​។

លោក​ប្រាប់ថា​៖ «​ក្រុម​ជនសង្ស័យ​បាន​យក​ស្លាក​សញ្ញា​ឡូហ្គោ​ដែលមាន​អក្សរ FFC របស់​សហព័ន្ធ​កីឡា​ជម្រើស​ជាតិ​កម្ពុជា​យកទៅ​ឱ្យ​គេ​បោះពុម្ព​ ដើម្បី​លក់​ចែកចាយ​បន្ត​។ កម្លាំង​យើង​ចាប់​ជនសង្ស័យ​តាម​បណ្តឹង​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​»​។

បើតាម​លោក​ ឡាក់ ភី ជនខិលខូច​ដែលជា​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ តាម៉ាប់​លក់​អាវ​កីឡា ឈ្មោះ​ សុខ ចាន់ថន SOK CHANTHORN និង​ម្ចាស់​ហ្វេសប៊ុក​ឈ្មោះ POR POE LOVE, POR TRY SPORT មាន​ដាក់លក់​ឈុត​កីឡា​គ្រប់​ប្រភេទ​។ គណនី​ហ្វេសប៊ុក​ទាំង​ ៣ បាន​បង្ហោះ​លក់​តាម​ផេច​ហ្វេសប៊ុក ដែល​មាន​លក់​ខោអាវ​ក្រុម​ជម្រើសជាតិ​កម្ពុជា​លើ​ទីផ្សារ​ដោយ​ពុំមាន​ច្បាប់​អនុញ្ញាត​។ ខោអាវ​ទាំងនោះ គឺ​មិនមែន​ជា​ផលិតផល​ផ្លូវការ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ជាមួយ​ក្រុមហ៊ុន VARAMAN (​វរ្ម័ន​) ​នោះ​ឡើយ​៕