ភ្នំពេញៈ ​ ពិធីបុណ្យ «​ច្រត់ព្រះនង្គ័ល​» ឆ្នាំនេះ​មិនត្រូវ​បានរៀបចំ​ប្រារព្ធ​ធ្វើឡើង​នោះទេ ដោយសារ​នៅ​បារម្ភ​ខ្លាច​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។ ​នេះ​បើតាម​ការលើកឡើង​រប​ស់លោក​ហេង សំរិន ប្រធានរដ្ឋសភា តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ក របស់លោក​កាលពី​ព្រឹក ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២២​។

តាមរយៈ​សំណេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​នោះ លោក ហេង សំរិន បាន​រៀបរាប់ថា ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​គឺជា​ពិធី​មួយ​ដែលមាន​ការផ្សព្វផ្សាយ​ដំណឹង អំពី​ការមកដល់​នៃ​រដូវ​វប្បមង្គល ដើម្បី​ឱ្យ​​ប្រជាកសិករ នៅតាម​ទីជនបទ​ស្រែចម្ការ ត្រៀម​សព្វ​គ្រឿង​ប្រដាប់​សម្រាប់ធ្វើ​កសិកម្ម​ដាំ​ដុះ​ដំណាំ​គ្រប់​ប្រភេទ ជាពិសេស​ដំណាំ​ស្រូវ។​

លោក​បាន​បញ្ជាក់ថា​៖«​ការរៀបចំ​ប្រារព្ធព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​នេះ​ គឺ​ក្នុង​គោលបំណង​ផ្សង​មើល​ប្រផ្នូល​របស់​ស្រុកទេស​និង​ការងារ​បង្កបង្កើនផល​របស់​ប្រជាកសិករ​តាមរយៈ​ការបរិភោគ​របស់​សត្វ​គោ​ឧសភរាជ​»​។​

បើតាម​ការរៀបរាប់រ​ប​ស់លោក ហេង សំរិន ពិ​ធី​បុណ្យ​ទស​មាស​នេះ ត្រូវបាន​រៀបចំ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​។ ប៉ុន្តែ​ចាប់​តាំង​មានការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ជាស​កល​ដ៏​ខ្លាំងក្លា​នា​ឆ្នាំ​២០២០​មក ពិធី​នេះ​មិនត្រូវ​បានរៀបចំ​ធ្វើឡើង​នោះទេ ហើយ​ឆ្នាំ​២០២២​នេះ គឺជា​ឆ្នាំ​ទី​បី​ហើយ​ដែល​កម្ពុជា​មិនអាច​រៀបចំ​ប្រារព្ធ​ព្រះរាជ​ពិធី​ដ៏​សំខាន់​នេះ​ឡើង​ប៉ុន្តែ​មន្ត្រីរាជការ​កម្មករ​និយោជក នៅតែ​ត្រូវបាន​អនុញ្ញាតឱ្យ​ឈប់សម្រាក​ពី​ការងារ ដើម្បី​ជួបជុំ​ក្រុមគ្រួសារ​និង​ធ្វើដំណើរ​កម្សាន្ត​នៅ​ទូទាំងប្រទេស​ដោយ​ក្តីសប្បាយ​រីករាយ​។​

ថ្វីបើ​ពិធី​នេះ​មិន​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​ឆ្នាំនេះ​ ​ប៉ុន្តែ លោក​បានបង្ហាញ​នូវ​ភាព​សុទិដ្ឋិនិយម​យ៉ាង​មុតមាំ​ថា ​ប្រជាកសិករ​នៅ​ទូទាំងប្រទេស នឹង​ប្រកប​កិច្ចការ​ស្រែចម្ការ​«​ទទួលបាន​ទិន្នផល​ល្អ​» នៅក្នុង​ឆ្នាំនេះ​។​

អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ​និង​ជា​នាយក​គណៈកម្មការ​ហោ​រា​សាស្ត្រ​កម្ពុជា លោក អ៊ឹម បូ​រិ​ន​ បញ្ជាក់​បន្ថែមថា ទោះបីជា​ជំងឺ​កូ​វីដ​១៩​បាន​ធូរស្រាល ប៉ុន្តែ​រដ្ឋាភិបាល​មិនបាន​រៀបចំ​ផែនការ​ដើម្បី​ប្រារព្ធ​ពិធី​ច្រត់ព្រះនង្គ័ល​ឡើយ ហើយ​ថា​ការខកខាន​មិនបាន​រៀបចំ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​នេះ វា​មិន​ប៉ះពាល់​ដល់​ប្រពៃណី​ខ្មែរ​នោះទេ​។

លោក​បាន​បញ្ជាក់ថា​៖«​ព្រះ​ពិធី​ច្រត់ព្រះនង្គ័ល​ហ្នឹង គឺជា​ព្រះ​ពិធី​មួយ​ក្នុងចំណោម​ព្រះ​ពិធីបុណ្យ​ទស​មាស​ទាំង​១០ ដែល​តាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​យើង ព្រះរាជ​ពិធីបុណ្យ​នេះ គឺ​ព្រះមហាក្សត្រ ព្រះអង្គ​ចង់​បញ្ជាក់ប្រាប់​ប្រជានុរាស្ត្រ​របស់​ព្រះអង្គ​អំពី​ការចូល​មកដល់​នៃ​រដូវ​វប្ប​ម​ង្គល ឬ រដូវ​ធ្វើស្រែ​ចម្ការ​មកហើយ​ប៉ុណ្ណោះ មិនមាន​អ្វី​ធំដុំ​នោះទេ​។ ការខកខាន​មិនបាន​រៀបចំ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​នៅ​ឆ្នាំនេះ និង​ប៉ុន្មាន​ឆ្នាំ​មុននេះ​វា​មិនមាន​អ្វី​ប៉ះពាល់​ដល់​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​យើង​ឡើយ​»​។​

តាម​ជំនឿ​និង​ទំនៀម​របស់​ខ្មែរ​ពី​យូរលង់​មក ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង ជា​រៀងរាល់ឆ្នាំ នៅក្នុង​ថ្ងៃ​៤​រោច ខែ​ពិសាខ នៅឯ​វាល​ព្រះ​ស្រែ ឬ​វាលមេរុ ដែលមាន​ទី​តាំ​ងស្ថិតនៅ​ខាងជើង​នៃ​ព្រះបរមរាជវាំង​។ ប៉ុន្តែ​ឆ្នាំ​ខ្លះ​ព្រះរាជ​ពិធីបុណ្យ​នេះ ក៏​ត្រូវបាន​ប្រារព្វ​ធ្វើ​នៅតាម​បណ្ដា​ខេត្ត​នានា​ផងដែរ​។ ពិធី​នេះ​ត្រូវបាន​គេ​ផ្ដោត​សំខាន់​ទៅលើ​ការ​ផ្សង​ប្រផ្នូល​តាមរយៈ​សត្វ​គោ​ឧសភរាជ បរិភោគ​ចំណីអាហារ​៧​មុខ រួមមាន ស្រូវ ពោ​ត សណ្ដែក ល្ង ស្មៅ ទឹក និង ស្រាស ដែល​ត្រូវបាន​គេ​ដាក់តាំង​សម្រាប់​ឱ្យ​វា​ស៊ី ក្រោយ​ធ្វើការ​ភ្ជួរ​រាស់​ដី​ចំនួន​៣​ជុំ​នៅលើ​ទីវាល​ព្រះ​ស្រែ​។ ប្រផ្នូល​ថា​ស្រុកទេស​សម្បូរ​សប្បាយ ប្រជាពលរដ្ឋ​មាន​ស្បៀងអាហារ​គ្រប់គ្រាន់ សម្រាប់​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍប្រទេស តាម​ផែនការ​របស់​រាជរដ្ឋាភិបាល ប្រកបដោយ​សុខសន្តិភាព ប្រសិនបើ គោ​ឧសភរាជ ទៅ​បរិភោគ ស្រូវ ពោត សណ្ដែក ល្ង និង​ទឹក​។ ផ្ទុយទៅវិញ បើ​គោ​ឧសភរាជ ទៅ​បរិភោគ​ស្មៅ និង ស្រាស ប្រផ្នូល​ថា​ស្រុកទេស​នឹង​កើតមាន គ្រោះ​ចង្រៃ ចម្បាំងរាំងជល់ និង​ជំងឺ​ដ​ង្កា​ត់​ឆ្លង​រា​តត្បា​តពេញ​ផ្ទៃ​ប្រទេស​៕