ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមមូលបទ«ការត្រៀមខ្លួនសម្រាប់យុគសម័យក្រោយជំងឺកូវីដ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២-២៦ ខែឧសភា នៅទីក្រុងដាវ៉ស-ក្លូស្ទ័រ (Davos-Klosters) ប្រទេសស្វីស តាមការអញ្ជើញរបស់លោកក្លោស ឆ្វាប់(Klaus Schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក។
ក្រសួងការបរទេសកម្ពុជា បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី១៩ ខែឧសភា ថា អមដំណើរលោក ហ៊ុន សែន នៅក្នុងកិច្ចប្រជុំនេះ រួមមាន លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផ្សេងទៀត ព្រមទាំងសមាជិកមួយចំនួនរបស់សភាពាណិជ្ជកម្មកម្ពុជាផងដែរ។
ក្រសួងការបរទេសបញ្ជាក់ថា៖«ក្នុងឱកាសចូលរួមក្នុងវេទិកានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាប្រកបដោយអត្ថន័យខ្លឹមសារនៅក្នុងពិធីបិទកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធ ក្រោមប្រធានបទ ទស្សនវិស័យយុទ្ធសាស្ត្រលើអាស៊ាន និងនៅក្នុងកម្មវិធីអាហារការងារថ្ងៃត្រង់ក្រៅផ្លូវការ ជាមួយថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ ការស្តារសន្តិភាព និងសណ្តាប់ធ្នាប់ឡើងវិញ»។
ក្រៅពីអញ្ជើញចូលរួមក្នុងវេទិកានេះ លោកហ៊ុន សែន ក៏រំពឹងថា នឹងមានជំនួបជាមួយថ្នាក់ដឹកនាំ នៃប្រទេសមួយចំនួន ក៏ដូចជាឥស្សរជននយោបាយ និងធុរជនពិភពលោកផងដែរ។
ក្នុងឱកាសស្នាក់នៅប្រទេសស្វីស លោកហ៊ុន សែន នឹងថ្លែងសុន្ទរកថា បើក «រាត្រីកម្ពុជា»(CAMBODIA NIGHT) ដែលជាព្រឹត្តការណ៍រៀបចំដោយក្រុមហ៊ុនវើលដ៏ ប្រ៊ីជ គ្រុប (World Bridge Group) ក្នុងគោលបំណងដើម្បីលើកស្ទួយអំពីធុរកិច្ចបរទេសនៅប្រទេសកម្ពុជា។ លោកក៏គ្រោងនឹងជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសស្វីស និងបណ្តាប្រទេសអឺរ៉ុបផងដែរ។
លោកហ៊ុន សែន បានបញ្ជាក់ក្នុងបណ្តាញតេឡេក្រាមនាថ្ងៃទី១៩ ខែឧសភា ថា នៅម៉ោង១.៣០រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី២១ ឧសភា លោកនឹងដឹកនាំគណៈប្រតិភូកម្ពុជាដើម្បីចូលរួមវេទិកានេះ ហើយលោកអរគុណដល់ពលរដ្ឋខ្មែរដែលកំពុងរស់នៅបណ្តាប្រទេសនៅទ្វីបអឺរ៉ុប ដែលបានចេញវីដេអូ អបអរសាទរដំណើររបស់លោកទៅកាន់តំបន់អឺរ៉ុប។
លោកបញ្ជាក់ថា តាមការគ្រោងទុក លោកនឹងជួបពលរដ្ឋខ្មែរនៅទីក្រុងសូរិក (Zurich) ប្រទេសស្វីស នៅល្ងាចថ្ងៃទី២១ ខែឧសភា ដោយសរសេរថា៖«សូមជម្រាបលាបងប្អូនជនរួមជាតិនៅក្នុងប្រទេសមួយរយ:ខ្លី ហើយនិងជួបបងប្អូនជនរួមជាតិនៅតំបន់អឺរ៉ុបក្នុងពេលប្រមាណ៦០ម៉ោងទៀត»។
លោកគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី១៩ ខែឧសភា ថា ដំណើរទស្សនកិច្ចរបស់លោកហ៊ុន សែន នេះមានសារៈសំខាន់ណាស់ ពីព្រោះវាពាក់ព័ន្ធនឹងតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន ដែលជាអង្គការតំបន់មានសក្តានុពលមួយ។ ដំណើរទស្សនកិច្ចនេះក៏បង្ហាញពីភាពសកម្មក្នុងការធ្វើពិពិធកម្មការទូតរបស់កម្ពុជាតាមរយៈដំណើរទស្សនកិច្ចរបស់លោកហ៊ុន សែន ទៅក្រៅប្រទេសជាបន្តបន្ទាប់ ដែលនឹងធ្វើឱ្យកម្ពុជាកាន់តែមានទំនាក់ទំនងជាមួយបណ្តាប្រទេសផ្សេងៗទៀតកាន់តែមានភាពប្រសើរឡើង។
លោកគិន ភា ថ្លែងថា៖«សម្រាប់ដំណើរទស្សនកិច្ចនេះ នៅពេលដែលសម្តេចជួបពិភាក្សាជាមួយថ្នាក់ដឹកនាំធុរកិច្ចផ្សេងទៀតហ្នឹង គឺជាឱកាសដែលកម្ពុជាអាចពន្យល់នូវសក្តានុពលនៃការវិនិយោគនិងការផ្លាស់ប្តូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសផ្សេងៗ ពីព្រោះយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីហ្នឹងច្រើន រូបភាពជាក្របខ័ណ្ឌទ្វេភាគី និងជាក្របខ័ណ្ឌពហុភាគី»៕