ភ្នំពេញៈក្រសួង​អប់រំ​យុវជន និង​កីឡា​សហ​ការ​​ជាមួយ​អង្គ​ភាព​ចំណុះ​ក្រសួង​នៅ​ថ្នាក់​ក្រោម​ជាតិនិង​អង្គ​ការ​ដៃគូបើក​យុទ្ធ​នាការ​ផ្សព្វ​ផ្សាយ​សេចក្ដី​ណែនាំស្ដីពី​កា​រហាម​ឃាត់​ការ​ផ្សព្វ​ផ្សាយ​ពា​ណិជ្ជ​កម្ម និង​ការ​តាំង​លក់​ផលិត​ផល​ថ្នាំ​ជក់ នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា​សា​ធារណៈ និង​ឯក​ជ​ន។

ពិធី​បើក​យុទ្ធនា​ការ​នេះ​ធ្វើឡើង​​ក្រោម​អធិបតី​ភាព​លោក​ស្រី សឿ សុ​ជាតា អនុ​រដ្ឋលេខា​ធិការ​ក្រសួង​អប់រំ​ យុវជន និង​កីឡា ​និង​លោក ​មុំ គង់ ​នាយក​ប្រតិ​បត្តិ​អង្គការ​ចលនា​ដើម្បី​សុខ​ភាព​កម្ពុជា​ រួមទាំង​វាគ្មិន និង​សិស្ស-​និស្សិត​ជាង​៣០០​នាក់​កាល​ពី​ថ្ងៃទី​១៨​ ឧសភា​២០២២ ​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ។​

ការ​បើក​យុទ្ធនាការ​នេះ​ បាន​ផ្សព្វផ្សា​យ​សេចក្ដីណែនាំ​​ស្ដីពី​ការហាមឃា​ត់ ការផ្ស​ព្វផ្សាយ​ពាណិជ្ជក​ម្ម និង​ការតាំង​លក់​ផលិត​ផល​ថ្នាំជក់ នៅតាម​​គ្រឹះស្ថាន​សិក្សា​សាធា​រណៈ និង​ឯកជន ដោយ​កិច្ចស​ហការ​របស់​អង្គភាព​​ចំណុះ​ក្រសួ​ង មន្ទី​រអប់រំ យុ​វជន និង​កីឡា រាជ​ធានី-ខេត្ត កា​រិយាល័​យ​អប់រំ​ យុវជន និង​កីឡា​នៃ​រដ្ឋបា​ល​ក្រុង ​ស្រុក ខណ្ឌ គ្រឹះ​ស្ថាន​សិក្សា​គ្រប់​កម្រិត ទាំង​គ្រឹះ​ស្ថាន​សិក្សា​សាធា​រណៈ និង​ឯកជន​ជា​មួយ​នឹង​ឧស្សា​ហ​ករ​ថ្នាំជ​ក់។

បើតា​ម​ក្រសួង​អប់រំ គោល​បំណង​នៃ​យុទ្ធ​នា​ការ​ផ្សព្វ​ផ្សាយ​សេចក្ដី​ណែនាំ​យ​សេចក្ដី​ណែនាំ​នេះ គឺ​ហាម​គ្រឹះ​ស្ថាន​សិក្សា​សា​ធារ​ណៈ និង​ឯក​ជន មិ​ន​អនុញ្ញាត​ឱ្យ​ចាប់​ដៃគូ​ស​ហការ​ ទទួល​ការឧ​បត្ថម្ភ ឬ​ចុះ​អនុស្ស​រណៈ​យោគយល់​គ្នា​ជាមួយ​ឧស្សាហ​ករ​ថ្នាំជ​ក់ ទោះ​ក្នុង​គោល​បំណង​ណា​មួយ​។

ក្រសួង​​បញ្ជាក់ថា​៖«ជាអាទិ​ដូចជា​សកម្ម​ភាព​សប្បុរ​ស​ធម៌ ទស្សន​កិច្ច​សិក្សា ផ្លា​ស់ប្ដូរ​បទ​ពិសោធ​ ឬ​សិក្សា​ស្រាវ​ជ្រាវ​ដើម្បី​គាំទ្រ​ដល់​សកម្ម​ភាព​អប់រំ​តាម​គ្រប់​រូបភាព និង​មិន​អនុ​ញ្ញាតឱ្យ​ផ្ដល់​ទីកន្លែង​ឬ​ទីធ្លា​​គ្រឹះស្ថានសិ​ក្សា​សាធារ​ណៈ និង​ឯកជន​សម្រាប់​រៀប​ចំក​ម្ម​វិធី​ផ្ស​ព្វផ្សាយ​ឬ​ពិព័រណ៍​ដែលជា​កម្មវិធី​របស់​ឧស្សា​ហករ​ថ្នាំជ​ក់​ឡើយ»​។

លោក​ស្រី សឿ សុ​ជាតា ថ្លែង​ពេល​បើក​យុទ្ធ​នា​ការ​នេះ​ថា ការ​បើ​យុទ្ធ​នាការ​ផ្សព្វ​ផ្សាយ​​សេច​ក្ដីណែនាំ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​ចូល​រួម​អនុវត្ត​អនុសញ្ញា​​ស្ដីពី​ការត្រួត​ពិនិត្យ​ផលិតផ​ល​ថ្នាំជក់។ លោកស្រី​បន្តថា​ក្រោយពី​មា​នការ​ដាក់ចេ​ញ​សេចក្ដី​ណែនាំ​នេះ​នៅ​គ្រប់​គ្រឹះស្ថាន​សិក្សា​ទាំង​អស់ បាន​ចូលរួម​អនុវ​ត្តតាម​បានល្អ​រួចម​កហើ​យ ជាមួ​យគ្នានេះ​​រដ្ឋអំណាច​នៅតា​ម​មូលដ្ឋា​ន ក៏បាន​ចូលរួម​គាំទ្រ​ក្នុងការ​អនុវត្ត​នូវ​សេចក្ដី​ណែ​នាំ​នេះ និង​បាន​ចូលរួម​ពិនិត្យ​នៅ​តាម​មូល​ដ្ឋាន​របស់​ខ្លួន​ផង​ដែរ។​

លោក​បញ្ជាក់​ថា៖«បើ​យុទ្ធនា​ការ​ផ្សព្វផ្សា​យ​សេច​ក្ដីណែ​នាំ​នេះ​គឺជា​ការចូល​រួម​របស់​ក្រសួង​អប់រំ ​យុវជន និង​កីឡា ក្នុងការ​អនុវត្ត​វិធាន​ការ​ហាម​ឃាត់​ការផ្សព្វ​ផ្សាយ​លក់ ​ការ​ស្វែងរក​ទីផ្សារ​លក់​ផលិត​ផល​ថ្នាំជ​ក់ ដែល​ត្រូវ​បាន​ហាម​ឃាត់​ទាំង​ស្រុង​ដោយ​ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ផលិត​ផល​ថ្នាំ​ជក់»​។

លោក​ស្រី​បន្ត​ថា៖«យុទ្ធ​នា​ការណ៍​​នេះដែ​រ​ក៏​ដើម្បី​ជា​សារ​មួយ​ក្នុងការ​ដាស់​តឿន​ដល់​យុវជ​ន ឱ្យ​ចូលរួម​ទប់​ស្កាត់​នូវ​ការ​ជ្រៀត​ចូល​ផលិតផ​ល​ថ្នាំជក់ នៅក្នុង​គ្រឹះស្ថានសិ​ក្សា​ទោះ​ជា​ក្នុង​រូប​ភាព​ណា​មួយ​ក៏ដោ​យ»​។

ក្រ​សួង​អប់រំ​បាន​បង្ហា​ញ ការស្រា​វជ្រាវ​របស់​អង្គកា​រសហប្រ​ជាជាតិ​ថា ការប្រើប្រា​ស់​ថ្នាំជក់​ជា​កត្តា​ចម្បង​មួយ​នៃ​ការ​ស្លាប់​របស់​ប្រជាព​លរដ្ឋ​ខ្មែរ​ប្រមាណ​១៥ ​០០០​នាក់​ក្នុង១ឆ្នាំ​ៗ ហើយ​ថវិកា​ប្រមាណ ​៦៤៩​លាន​ដុល្លារ សហរ​ដ្ឋអា​មេរិក​ត្រូវ​បាន​ខាត​បង់​៕

វីដេអូ៖