ភ្នំពេញៈ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​បង្ហា​ញ​ឆន្ទៈ​ដល់​ក្រុមម​ន្ត្រី​ជាន់ខ្ពស់​ការពារ​ជាតិ​អាស៊ាន​និង​អាស៊ាន​បូក​ក្នុង​ការ​ជំរុញ​ដំណោះ​ស្រាយ​បញ្ហា​ក្នុង​តំបន់​ខណៈ​ក្នុង​តំបន់​នៅតែ​ប្រឈម​នឹង​អំពើ​ភេរវ​កម្ម​ ការប្រែប្រួល​អាកាស​ធាតុ សន្តិ​សុខ​លម្អ​សមុទ្រ និង​គ្រោះ​មហន្ត​រាយ​ធម្មជា​តិជាពិ​សេស​ជំងឺ​រាត​ត្បាត​កូ​វីដ ​១៩​។

កាល​ពី​ថ្ងៃទី១៨​ ខែឧស​ភា លោក ទៀ បាញ់ បាន​ជួប​ជា​មួយ​ប្រធាន​ប្រតិភូ​ឧ​ត្ត​ម​មន្ត្រី​ការ​ពារជាតិ​អា​ស៊ាន​និង​ប្រទេស​អា​ស៊ាន​បូក ក្នុង​នាម​លោក​ជា​ប្រធាន​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាស៊ាន​ឆ្នាំ​២០២២​។

នៅ​ក្នុង​ជំនួប​នេះ លោក​ទៀ ​បាញ់ ថ្លែងថា«កម្ពុ​ជាមាន​ឆន្ទៈ​ក្នុងការ​ប្រើ​ប្រាស់​តួនាទី និង​ឯក​សិទ្ធិ​ជា​ប្រធាន​នេះ ដើម្បី​លើក​កម្ពស់​ការ​ដោះ​ស្រាយ​បញ្ហា​ក្នុង​តំបន់​នានា ​ដោយ​សន្តិវិធី​តាមផ្លូវ​ការ​ទូត ផ្លូវច្បាប់​កិច្ច​សហ​ប្រតិ​បត្តិការ ការ​យោគ​យល់​គ្នា​ទៅ​វិញទៅ​មក និង​គោរព​ផលប្រ​យោជន៍​រួម ដោយ​អនុលោម​តាម​មូល​បទ«សាម​គ្គីភាព​ដើម្បី​សន្តិសុខ ​ប្រកប​ដោយ​ភាព​សុខដុ​ម»។ ​

នា​យកដ្ឋាន​ព័ត៌មាន​ក្រសួងកា​រពារជាតិ​កម្ពុ​ជា​បាន​ដក​ស្រង់​សម្ដី​លោក​ថា​ កម្ពុជា​ចង់ឃើញ​ភាព​រឹងមាំ​នៃ​ឯកភាព និង​ម​ជ្ឈ​ភាព​អា​ស៊ាន​ដែល​ជា​ធាតុ​ស្នូល​សម្រាប់​ការ​ធានា​បាន​នូវ​ការរួមរស់​ដោយ​សុខ​សន្តិ​ភាព​សុខដុ​មរមនា​និង​វិបុល​ភាព​ក្នុង​តំបន់​។

លោក ទៀ បាញ់ ​បន្តថា កម្ពុជា និង​រដ្ឋ​ជា​សមា​ជិក​អាស៊ាន​ផ្សេង​ទៀត​បាន​ផ្តួច​ផ្តើម​ទស្សនទាន​មួយចំ​នួនដើម្បី​ជំរុញ​កិច្ច​សហប្រ​តិបត្តិការ​ជាក់​ស្ដែង​ឱ្យ​កាន់តែ​ស៊ីជម្រៅ​សម្រាប់​ជា​ប្រយោជន៍​ដល់​បណ្តា​ប្រទេស​ដែល​ចូលរួម​ទាំង​អស់​ទៅតាម​បរិបទ​សន្ដិ​សុខ​តំបន់​បច្ចុប្បន្ន និង​កំពុង​លេច​ឡើងថ្មី​។

លោក​បន្តថា កម្ពុ​​ជាមាន​គោលដៅ​ជំរុញ​ការពង្រីក​តួនាទី​របស់​ស្ត្រី​អាស៊ាន​ក្នុង​ប្រតិប​ត្តិការ​ក្សា​សន្តិភាព​របស់​អង្គកា​រសហ​ប្រជាជា​តិការ​ចែក​រំលែក​បទពិសោ​ធ​និង​គុណ​តម្លៃ​នៃ​ប្រវត្តិ​សាស្ត្រ​យោធា​ក្នុង​ការក​សាង​និង​ពង្រឹង​សន្តិភាព​ក៏ដូចជា​ការលើក​កម្ពស់​តួនាទី​នៃ​ស្ថាប័ន​ការពា​រជាតិ​ដើម្បី​គាំទ្រ​ដល់​ការ​ស្តារឡើ​ងវិញ​ក្រោយ​ជំងឺ​កូ​វីដ១៩​។

លោក ទៀ បាញ់ បង្ហាញ​ក្តី​សង្ឃឹម​ថា ​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​ការពា​រជា​តិ​អាស៊ាន និ​ង​កិច្ចប្រជុំ ឧ​ត្ត​ម​មន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក​ក្នុង​រយៈ​ពេល​ ២ថ្ងៃ ចាប់ពី​ថ្ងៃទី​១៧-១៨ ខែឧសភា នៅ​កម្ពុជា​នេះ​ នឹង​ជំរុញ​សាមគ្គី​ភាព​ក្នុង​អាស៊ាន និង​អា​ស៊ាន​បូក ដើម្បី​លើក​កម្ពស់​សន្តិ​សុខ​។

ក្រុម​ឧ​ត្ត​ម​មន្ត្រី​ការពារ​ជាតិ​អាស៊ា​ន ​បូក​បាន​ពិភាក្សា​គ្នា​លើ​បញ្ហា​ការពារ​ជាតិ​ និង​សន្តិសុខ​តំបន់​ និង​អន្តរ​ជាតិ ដើម្បី​ពង្រឹង​សន្តិ​សុខ សន្តិ​ភាព និង​ស្ថិរ​ភាព​តំបន់​។

សេចក្តី​ប្រកាស​ព័ត៌មាន​អគ្គនាយ​កដ្ឋាន​នយោ​បាយ និង​កិច្ចកា​របរ​ទេស​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុ​ជា​បញ្ជាក់​នា​ថ្ងៃទី១៩​ខែឧស​ភាថា៖ «កិច្ចប្រជុំ​បានក​ត់សម្គាល់​នូវ​ទស្សនៈ​រួមមួយ​ចំនួន​ដែលថា តំបន់​យើង​នៅតែ​ប្រឈម​នឹង​សន្តិ​សុខ​មិន​ប្រពៃ​ណីដូ​ចជា​អំពើ​ភេរវ​កម្មការប្រែប្រួល​អាកាសធាតុ​សន្តិ​សុខ​លម្ហ​សមុទ្រ​និងគ្រោះមហ​ន្តរាយធ​ម្មជាតិ​ជាពិសេ​ស​ជំងឺ​រាតត្បាត​កូ​វីដ១៩ដែល​បាន​ជះឥទ្ធិពល​​ធ្ងន់ធ្ងរ​ដល់​សុខភាព​មនុស្ស​ជាតិនិង​សេ​ដ្ឋកិច្ច​

ពិភ​ពលោក»​។

សេចក្តី​ប្រកាស​​ព័ត៌មាន​បញ្ជាក់ថា ​ក្រុម​ឧ​ត្ត​ម​មន្ត្រី​ការពារ​ជាតិ​អាស៊ាន​​បូក​នៅតែ​ចាត់​ទុក​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពា​រជាតិ​អាស៊ាន​បូកជា​វេទិកា​សំខាន់​ក្នុងការ​ពិភា​ក្សានិង​ពិគ្រោះ​យោប​ល់​ពាក់ព័ន្ធ​វិស័យ​ការពារ​ជាតិនិង​សន្តិ​សុខ ព្រម​ទាំង​ដាក់​ចេញ​នូវ​គោល​ការណ៍​អនុវត្ត​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាក់​ស្តែង​ក្នុង​តំបន់​។

ប្រភព​ដដែល​បន្ត​ថា ប្រទេស​ទាំ​ងអស់​នៅតែ​គាំទ្រ​ដល់​ម​ជ្ឈ​ភាព​អាស៊ាននិង​តួនាទី​ស្នូល​របស់​អាស៊ាន ​ក្នុងការ​និម្មាបន​កម្ម​តំបន់។កិច្ច​ប្រជុំ​បាន​ឯកភា​ព​លើ​ខ្លឹម​សារ​របស់​សេចក្តី​ព្រាង​សេចក្តីប្រ​កាស​រួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី ការពារជា​តិ​អាស៊ា​ន-បូក​និង​បានប្រ​គល់​ជូន​ក្រុម​ការងារ​ពិភាក្សា​ចុង​ក្រោយ​លើ​នីតិវិធី​នៃ​ការអ​នុម័ត​ដោយ​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​ពារជាតិ​អា​ស៊ាន​បូក​។

ក្នុង​កិច្ច​ប្រជុំ​នេះ កម្ពុជា​បាន​ផ្សព្វ​ផ្សាយ​សៀវភៅ​ស​ការពា​រជាតិ​ឆ្នាំ​២០២២ ​និង​បាន​បក​ស្រាយ​សង្ខេប​អំពី​ខ្លឹម​សារៈ​សំខាន់ៗនៃ​ឯកសារ​យុទ្ធសា​ស្ត្រ​ការពារ​ជាតិ​នេះ។ ឯកសារ​នេះ​ជា​សមិទ្ធផ​ល​មួយ​នៃ​អាទិ​ភាព​ទាំង​៦ ​របស់​ក្រសួ​ងកា​រពារជាតិ​កម្ពុ​ជា​សម្រាប់​ការធ្វើ​ជា​ម្ចាស់ផ្ទះ​​ក្នុង​ឆ្នាំ​២០២២​។

រាល់​ខ្លឹម​សារ​ដែល​បាន​សម្រេច​ដោយ​ឧ​ត្ត​ម​មន្ត្រី​ការពា​រជាតិ​អាស៊ាន​បូក​គឺជា​ការប្រុង​ប្រៀប​សម្រាប់​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពា​រជាតិ​អាស៊ាន​លើក​ទី១៦ដែ​ល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី២១-២២ ខែ​មិថុនា​និង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពា​រជាតិ​អាស៊ា​ន​បូក​លើក​ទី៩ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២២-២៣ ​ខែវិច្ឆិកា​។

លោក ​យង់ គិ​ម​អេង ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពល​រដ្ឋ​ដើម្បី​អភិវឌ្ឍ​ន៍ និង​សន្តិភាព​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​១៩ ខែឧស​ភា ថា អាស៊ាន​ពិបាក​នឹងធ្វើ​ឱ្យមាន​ឯកភា​ពគ្នា«ណាស់»។ ចំពោះ​ការឯក​ភាព​គ្នា​នេះ​កម្ពុជា​ប្រហែល​ជា​មិនអា​ច​ប្រើ​ឆន្ទានុ​សិទ្ធិ ឬ​ឆន្ទៈ​ផ្ទាល់ខ្លួន​ដើម្បី​សម្រេច​ឱ្យមាន​ការរួបរួម​នៅក្នុង​អាស៊ាន​បាន​នោះទេ។វា​ទាល់តែ​ឈរ​លើ​ការ​ស្រុះ​ស្រួល​មូលមតិ​គ្នា​ឬ​ហៅថា​កុងសង់ស៊ី​ស​ជាមួយគ្នា​​នៅក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ាន​ទើប​អា​ច​ដោះស្រាយ​​បញ្ហា​នេះ​បាន។

លោក​ថ្លែងថា​៖«ឆន្ទៈ​របស់​កម្ពុជា​​នៅក្នុង​ការធ្វើឱ្យ​មាន​ឯកភាព​ជាតិ​នេះ​ក៏​វា​ជា​ចំណែក​សំខាន់​មួយ ប៉ុន្តែ​​ប្រ​សិនបើ​ប្រទេស​ទាំង​អស់​នៅក្នុង​តំបន់​អាស៊ាន​ហ្នឹង​សុទ្ធ​តែមាន​​ឆន្ទៈ​ថាឱ្យ​មាន​ឯកភាព​គ្នា​ក្នុងការ​លើកក​ម្ពស់​ការ​​ដោះស្រាយ​​បញ្ហា​នៅក្នុង​តំបន់​អី អាហ្នឹង​ជាការ​ប្រសើរ»​។

លោក​​បន្ថែម​ថា៖«ប៉ុន្តែ​គ្រាន់​ថា​គោលការណ៍​​របស់​អាស៊ានគឺ​គោលការណ៍​កុងសង់​ស៊ីស​នេះ​គឺ​ធ្វើឱ្យ​អាស៊ាន​​មិនសូវ​ទទួល​បាន​ជោគ​ជ័យ​នៅក្នុង​ការ​ដោះស្រាយ​​បញ្ហា​ក្នុង​តំបន់​ទេ។ម្យ៉ាងវិ​ញទៀត​អាស៊ា​ន​គឺ​ឈរលើ​គោលការ​ណ៍​ថា​​មិន​ជ្រៀតជ្រែក​កិច្ចការ​​ផ្ទៃក្នុង​គ្នា​ទៅវិញ​ទៅមក​ហ្នឹង។ អ៊ីចឹង គោ​លការ​ណ៍​ហ្នឹង​បាន​រារាំង​​អាស៊ាន​ក្នុង​ការ​ដោះស្រា​យ​បញ្ហា​ប្រកបដោ​យ​ប្រសិទ្ធ​ភាព​នៅក្នុង​តំបន់​អាស៊ាន​ដែរ»​៕