​ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ប្រទេស​កម្ពុជា បញ្ជាក់ថា អាស៊ាន និង​ប្រ៊ី​ក (BRICS) ក៏ដូចជា​សហគមន៍​អន្តរជាតិ​ទាំងមូល​ចាំបាច់​ត្រូវខិតខំ​ប្រឹងប្រែង​ទ្វេ​ដង​ដើម្បី​ស្តារឡើងវិញ​នូវ​ពហុភាគី​និយម ដែល​ផ្តល់​អាទិភាព​ដល់​ការរួបរួម​គ្នា​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ខណៈ​បរិបទ​ពិភពលោក​កំពុងមាន​ការប្រែប្រួល​យ៉ាង​ឆាប់រហ័ស មិន​ច្បាស់លាស់ និង​ស្មុគស្មាញ ដែល​មិនអាច​បោះបង់​ឬ​ងាក​ចេញពី​យន្តការ​ពហុភាគី​និយម​នេះ​បានទេ​។​

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បញ្ជាក់​បែបនេះ​តាមរយៈ​បទ​អន្តរាគមន៍​ក្នុង «​វេទិកា​លើក​ទី​២ នៃ​គណបក្សនយោបាយ ក្រុម​ស្រាវជ្រាវ និង​អង្គការ​សង្គម​ស៊ីវិល មកពី​បណ្តា​ប្រទេស​ប្រ៊ី​ក (BRICS)» ក្រោម​មូលបទ «​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ឆ្ពោះទៅរក​ការអភិវឌ្ឍ​រួម និង​អនាគត​ដ៏​ភ្លឺស្វាង​» នៅ​ថ្ងៃទី ១៩-២០ ខែឧសភា ឆ្នាំ​២០២២​នេះ​។​

លោក​បាន​ថ្លែងថា មូលបទ​វេទិកា​នាពេលនេះ គឺ «​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ឆ្ពោះទៅរក​ការអភិវឌ្ឍ​រួម និង​អនាគត​ដ៏​ភ្លឺស្វាង​» គឺ​ពិតជា​បាន​ឆ្លើយតប​ទាន់ពេលវេលា​ទៅនឹង​បញ្ហា​ប្រឈម​នានា​ទាំង​ប្រពៃណី និង​មិន​ប្រពៃណី​ដែល​សហគមន៍​អន្តរជាតិ​កំពុង​ជួបប្រទះ​។

លោក​ថ្លែងថា​៖«​ខ្ញុំ​យល់ថា​នៅក្នុង​បរិបទ​ដែល​ពិភពលោក​ទាំងមូល​កំពុង​មានការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស មិន​ច្បាស់លាស់ និង​ស្មុគស្មាញ​នេះ យើង​មិនអាច​បោះបង់​ឬ​ងាក​ចេញពី​យន្តការ​ពហុភាគី​និយម​បានទេ ប្រសិនបើ​យើង​ពិតជា​មានបំណង​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​នាពេល​បច្ចុប្បន្ន​»​។

លោក​បន្តថា​៖«​អាស៊ាន និង​ប្រ៊ី​ក (BRICS) ក៏ដូចជា​សហគមន៍​អន្តរជាតិ​ទាំងមូល ចាំបាច់​ត្រូវខិតខំ​ប្រឹងប្រែង​ទ្វេ​ដង ដើម្បី​ស្តារឡើងវិញ​នូវ​ពហុភាគី​និយម ដែល​ផ្តល់​អាទិភាព​ដល់​ការរួបរួម​គ្នា​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​»​។​

តាមរយៈ​វេទិកា​នេះ​លោកនាយក​រដ្ឋមន្ដ្រី ស្នើឱ្យអាស៊ាន និង​ប្រ៊ី​ក (BRICS) ក៏ដូចជា​សហគមន៍​អន្តរជាតិ​ទាំងមូល​បន្ត​យកចិត្តទុកដាក់​ឱ្យ​កាន់​ខ្លាំង​ចំពោះ​ប្រព័ន្ធ​អន្តរជាតិ ដែលមាន​អង្គការសហប្រជាជាតិ​ជា​ស្នូល និង​អនុញ្ញាត​ឱ្យមាន​ការលើក​កម្ពស់​កិច្ចសហប្រតិបត្តិការ​ជាជាង​ការប្រឈមមុខ​ដាក់គ្នា​។

លោក​ថ្លែងថា​៖«​យើង​មិនគួរ​រារាំង​បណ្ដា​ប្រទេស​នានា ដោយ​ការដាក់ទណ្ឌកម្ម​ឯកតោភាគី ការហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ឬ​ប្រើប្រាស់​ទណ្ឌកម្ម​ផ្សេងទៀត​ដែល​បំពាន​លើ​ច្បាប់​អន្តរជាតិ ក៏ដូចជា​គោលការណ៍ និង​គោលបំណង​ស្នូល​ដែលមាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​»​។​

ពាក់ព័ន្ធ​នឹង​ការស្តារ​ឡើងវិញ​ក្រោយ​វិ​បិ​ត្ត​ជំងឺ​កូ​វីដ​១៩ ប្រកបដោយ​បរិ​យា​ប័ន្ន ចីរភាព និង​ភាព​ធន់ លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែងថា អាស៊ាន និង​ប្រ៊ី​ក (BRICS) ក៏ដូចជា​សហគមន៍​អន្តរជាតិ​ទាំងមូល ពិត​ជាមាន​ភាពចាំបាច់​ជំរុញ​នូវ​កិច្ចសហការ​ឱ្យបាន​កាន់​តែ​ជិតស្និទ្ធ ដើម្បី​ធានាថា​ប្រទេស​ទាំងអស់ កំពុង​ដើរ​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ ឆ្ពោះទៅរក​ការសម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០ របស់​អង្គការ​សហ​ប្រជាជាតិ​។

លោក​ថ្លែងថា​៖«​ក្នុងន័យនេះ​ខ្ញុំ​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គំនិត​ផ្តួចផ្តើម អភិវឌ្ឍន៍​សកល​រប​ស់​ប្រទេស​ចិន ដែល​រួមបញ្ចូល​នូវ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​ការខិតខំ​ប្រឹងប្រែង​ដើម្បី​ជួយ​ដល់​បណ្តា​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​ទាប ជាពិសេស​បណ្ដា​ប្រទេស​ទទួលរង​គ្រោះ​យ៉ាងធ្ងន់ធ្ងរ​ដោយ​ជំងឺ​រាតត្បាត​»​។​

ក្នុងនាម​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២ ដែលមាន​មូលបទ «​អាស៊ាន​រួមគ្នា​ធ្វើ​៖ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់គ្នា​» កម្ពុ​ជារួម​ជាមួយនឹង​បណ្តា​ប្រទេស​សមាជិក​ជា​អាស៊ាន​ផ្សេងទៀត ខិត​ប្រឹងប្រែង​ដើរតួនាទី​យ៉ាងសកម្ម​បន្ថែមទៀត​ដើម្បី​កសាង​អនាគត​ភ្លឺស្វាង​ជាង​មុន​សម្រាប់​អាស៊ី និង​ពិភពលោក​។

លោ​ថ្លែងថា ប្រទេស​ទាំងអស់​នឹង​បង្កើន​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​ឱ្យបាន​ទ្វេដង​លើ​ការពង្រឹង នូវ​ភាពជា​កណ្ដាល និង​ភាព​ធន់​របស់​អាស៊ាន​។ ប្រទេស​ទាំងអស់ ក៏​កំពុង​ជំរុញ​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​រាល់​គំនិត​ផ្តួចផ្តើម និង​វិធាន​ការដែល​បាន​ព្រមព្រៀងគ្នា​រួមមាន​ក្របខ័ណ្ឌ​ស្តារឡើងវិញ​គ្រប់ជ្រុងជ្រោយ​អាស៊ាន​, កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​, ការតភ្ជាប់​ទាំង​រូបវន្ត និង​ឌីជីថល​, សមត្ថភាព របស់​សហគ្រាស​ធុន​តូច និង​មធ្យម​, និង​ការអភិវឌ្ឍ​ធនធានមនុស្ស ដើម្បី​បំពេញតម្រូវការ​នៃ​យុគសម័យ​ឌីជីថល និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​។​

លោក​ថ្លែងថា​៖«​យើង​សូម​ពឹង​ផ្អែកលើ​ដៃគូ​របស់​អាស៊ាន​រួមទាំង​ប្រទេស​ប្រ៊ី​ក (BRICS) ចំពោះ​ការគាំទ្រ​ដើម្បីធានាបាន​នូវ​ភាពជោគជ័យ​នៃ​ការធ្វើជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​នៅ​ឆ្នាំនេះ ដែល​នឹង​ផ្តល់​ផលប្រយោជន៍ ដល់​ប្រជាជន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​និង​ពិភពលោក​»​។​

លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រា​ជប​ណិ្ឌ​ត្យ​សភា​កម្ពុជា លើកឡើងថា អ្វីដែល​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន លើកឡើង​នេះ គឺ​បាន​ឆ្លុះ​ប​ញ្ចាំង​អំពី​ស្ថានភាព​បច្ចុប្បន្ន លើ​បញ្ហា​ជាច្រើន​ដែល​បាន​និង​កំពុង​កើតឡើង រួមមាន​វិស័យ​សន្តិសុខ បញ្ហា​បរិស្ថាន ការ​បម្រែបម្រួល​អាកាសធាតុ និង​ករណី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​ផងដែរ​។

លោក​ថ្លែងថា​៖ «​បញ្ហា​ទាំងអស់នេះ គឺ​សុទ្ធតែ​ត្រូវការ​នូវ​សាមគ្គីភាព កិច្ចសហប្រតិបត្ដិការ ក្នុង​ក្របខ័ណ្ឌ​ពហុភាគី​និយម ដែល​ប្រទេស​ទាំងអស់​ត្រូវ​រួមគ្នា​ក្នុងការ​ដោះស្រាយ​នូវ​បញ្ហា​ដែលជា​កង្វល់​រួម​ទាំងអស់គ្នា​។ ពីព្រោះ​បញ្ហា​សន្តិសុខ​ក្ដី បញ្ហា​បរិស្ថាន​ក្ដី បញ្ហា​ជំងឺ​រាតត្បាត​កូ​វីដ​១៩​ក្ដី វា​អត់​បាន​ឈប់​នៅ​ព្រំដែន​ណាមួយ​នៃ​ប្រទេស​ណាមួយ​ទេ គឺ​វា​មាន​ផលប៉ះពាល់​ជា​លក្ខណៈ​សកល​តែម្ដង​។ ដូច្នេះ​ការជំរុញ លើកកម្ពស់​នូវ​គោល​ការ​ពហុភាគី​និយម​ពិត​ជាមាន​សារៈសំខាន់​ណាស់ ជាពិសេស​សម្រាប់​ប្រទេស​តូច ក៏ដូចជា​អង្គការ​តំបន់​នានា គឺជា​ផ្នែក​នៃ​ការជំរុញ​នូវ​យន្តការ​ពហុភាគី​និយម​»​។​

លោក​លើកឡើងថា ប្រទេស​កម្ពុជា​ជានិច្ចកាល ដើម្បី​រក្សា​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ វិបុលភាព គឺ​ចាំបាច់ និង​ត្រូវការ​នូវ​កិច្ចសហប្រតិបត្ដិការ​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​នៅក្នុង​តំបន់​និង​ពិភពលោក ហើយ​ចរន្ត​នៃ​គោល​ការ​ពហុភាគី​និយម​នេះ បើ​ពិនិត្យ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ហាក់ដូចជា​មានការ​ធ្លាក់​ចុះ​ប​ន្ដិច ដោយសារ​មានការ​លេចឡើង​នូវ​និន្នាការ​ឯកតោភាគី​និយម ឬក៏និន្នាការ​គាំពារ​និយម ដែល​ធ្វើឱ្យប៉ះពាល់​ទៅដល់​ពាណិជ្ជកម្ម​សេរី បញ្ហា​សន្ដិសុខ និង​បញ្ហា​ផ្សេងទៀត​ដែល​ត្រូវការ​កិច្ចសហប្រតិបត្ដិការ​ទូ​លំ​ទូលាយ​។​

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​លោក ប៉ា ចន្ទ​រឿន គត់​សម្គាល់​ឃើញថា​ជា​រឿង​ល្អ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ថ្លែង​អំពី​ការយក​ចិ​ត្ដ​ទុកដាក់​ខ្ពស់​ចំពោះ​ប្រព័ន្ធ​អន្តរជាតិ ដែលមាន​អង្គការសហប្រជាជាតិ​ជា​ស្នូល ហើយ​បាន​លើកកម្ពស់ និង​ឱ្យ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្ដិការ សាមគ្គីភាព ទាំង​នៅក្នុង​តំបន់ និង​ពិភពលោក​ទាំងមូល​។

លោក​ថ្លែងថា​៖«​នេះ​គឺជា​មធ្យោបាយ និង​យុទ្ធសាស្ដ្រ​ដ៏​មាន​ប្រសិទ្ធភាព នៅក្នុង​ការបង្កើន​ឱកាស សម្រាប់​កម្ពុជា​ក្នុងការសហ​ប្រតិ​ប​ត្ដិ​ការ ទាំង​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ ហើយ​ធានាបាន​នូវ​ប្រព័ន្ធ​ការពារ​ប្រទេស​ផងដែរ ក្នុងនាម​ជា​ប្រទេស​តូច​មួយ​នៅក្នុង​តំបន់​អាស៊ី​អា​គ្មេ​យ៍​នេះ​»៕