ភ្នំពេញៈ គណៈបក្ស​នយោបាយ​ចំនួន​ ១៧ ដែលមាន​សិទ្ធិ​ចូលរួម​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអាទិត្យ​ទី​ ៥ ខែមិថុនា ឆ្នាំ​ ២០២២ បាន​ត្រៀម​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដើម្បី​ប្រកួតប្រជែង​ដណ្ដើម​អាសនៈ​សរុប​ចំនួន ​១ ៦៥២ ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស​។

លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ គ.ជ.ប ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៩ ខែឧសភា ថា កាលបរិច្ឆេទ​នៃ​ការឃោសនា​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​ ២១ ខែឧសភា ដល់​ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២​។ ការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​នេះ​នឹងត្រូវ​ចាប់ផ្តើម​ពី​ម៉ោង ៦ ព្រឹក​ដល់​ម៉ោង ១០ យប់​។ ចាប់ពី​ម៉ោង​ ១០ ​យប់ ទៅដល់​ម៉ោង ៦ ព្រឹក ជា​ពេលវេលា​ត្រូវ​សម្រាក​។ ដោយឡែក​ម៉ោង ១២ ថ្ងៃត្រង់​រហូតដល់​ម៉ោង ២ រសៀល គឺ​ធ្វើ​សកម្មភាព​ឃោសនា​ដោយ​ចែក​ខិត្តប័ណ្ណ ប៉ុន្តែ​ការប្រើ​ឧបករណ៍​បំពង​សំឡេង​ត្រូវ​ហាមឃាត់ ហើយ​ការប្រើប្រាស់​ឧបករណ៍​បំពង​សំឡេង​នៅក្បែរ​មន្ទីរពេទ្យ និង​សាលារៀន​ដែលមាន​សិស្ស​កំពុងតែ​រៀន​ក៏ត្រូវ​ហាមឃាត់​ដែរ​។ ដូច្នេះ​ការឃោសនា​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​ត្រូវតែ​ស្របទៅតាម​នីតិវិធី​របស់ គ.ជ.ប ដោយ​ត្រូវ​ជូនដំណឹង​ទៅ​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការបោះឆ្នោត​ឱ្យបាន​យ៉ាងហោចណាស់ ៣ ​ថ្ងៃមុន ដើម្បី​រៀបចំ​តម្រាយ​ផ្លូវ​កុំឱ្យ​គណបក្ស​នយោបាយ​ហែក្បួន​ប៉ះគ្នា​។

លោក​ថ្លែងថា​៖ «​ការហែក្បួន​តាម​នីតិវិធី​កំណត់​ក្នុង​អំឡុងពេល​ឃោសនា​នេះ គណបក្ស​នយោបាយ​មាន​សិទ្ធិ​ហែ​ក្បួន​ធំ​តែ​ ២ ​ដង​ទេ ប៉ុន្តែ​អ្នក​ឃោសនា​ក៏ត្រូវ​ចៀសវាង​នូវ​ការប្រើប្រាស់​អំពើ​គំរាមកំហែង បំភិតបំភ័យ ឬ​ហិង្សា ឬ​បង្ខំ​ដោយ​សន្យា ឬ​ផ្តិតមេដៃ ឬក៏​ទិញ​សន្លឹកឆ្នោត​ជាដើម​។ បន្ថែម​ពីនេះ គ.ជ.ប នឹង​បើក​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ ដើម្បី​ជម្រាបជូន​បន្ថែម​ដល់​គណបក្ស​នយោបាយ​នៅ​ថ្ងៃទី​ ២០ ខែឧសភា មុន​ ១ ​ថ្ងៃ​នៃ​ការចាប់ផ្តើម​ហែ​ក្បួន​យុទ្ធនាការ​ឃោសនា​»​។

នៅ​ថ្ងៃទី​ ១៩ ខែឧសភា​នេះ គណបក្ស​នយោបាយ​មួយចំនួន​បានបង្ហាញ​នូវ​គម្រោង​ទ្រង់ទ្រាយ​ឃោសនា​ផ្សេងៗ​គ្នា​ឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង ដូចជា លោក ខឿយ ស៊ីនឿន អនុប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ថា ថ្ងៃទី ​១ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត គណបក្ស​ស្រឡាញ់​ជាតិ​នឹងធ្វើ​នៅតាម​ឃុំ​សង្កាត់​ដែល​បាន​ចុះបញ្ជី មិនមាន​ការជួបជុំ​អ្នកគាំទ្រ​សម្រាប់​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​នោះទេ ប៉ុន្តែ​នឹង​រៀបចំ​ធ្វើ​នៅពេល​សមស្រប​ណាមួយ នៅក្រោយ​ពេលដែល​គណបក្ស​នានា​ធ្វើ​រួចហើយ​។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យ​គណបក្ស​ហ្វុនស៊ិនប៉ិច ថា គណបក្ស​ហ្វុនស៊ិនប៉ិច​នឹង​រៀបចំ​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​នៅ​ចំ​ថ្ងៃទី​ ២២ ខែឧសភា ឆ្នាំ ២០២២ ផ្តើមចេញពី​ផ្លូវ ៦០ ម៉ែត្រ សង្កាត់​ព្រែកហូរ ដោយមាន​ក្បួន​រថយន្ត និង​ក្បួន​ម៉ូតូ​ដែលមាន​អ្នកគាំទ្រ​ប្រមាណ​ពី ៥០០ ​នាក់​ទៅ ១ ០០០​ នាក់ ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់​នរោត្តម ចក្រាវុធ ព្រះប្រធាន​គណបក្ស​។

លោក​ថ្លែងថា​៖ «​គណបក្ស​បើក​យុទ្ធនាការ​ធំ​នេះ​មួយ​រួចហើយ​នៅតាម​ខេត្ត​នីមួយៗ​នឹងមាន​ក្រុមការងារ​ធ្វើ​ទៅតាម​រៀងខ្លួន ដោយ​ក្នុងនោះ​ព្រះអង្គម្ចាស់​នឹង​បន្ត​ចុះ​ទៅតាម​ខេត្ត និង​នៅតាម​ឃុំ​សង្កាត់ យើង​មាន​ប្រធាន​ប្រតិបត្តិ ជា​អ្នកឃោសនា​ទៅតាម​កាលបរិច្ឆេទ​របស់ គ.ជ.ប ជាមួយនឹង​ការចែក​ខិត្តប័ណ្ណ និង​ចាក់ផ្សាយ​សារ​នយោបាយ​តាម​ឧគ្ឃោសនស័ព្ទ​ជាដើម​»​។

លោក យ៉ែម ប៉ុញ្ញារិទ្ធិ ស្ថាបនិក​គណបក្ស​កម្ពុជា​និយម​ថា ដោយ​គណបក្ស​កម្ពុជា​និយម​ដាក់​បេក្ខជន​បាន​ចំនួន ៣៨ ឃុំ​-​សង្កាត់ ក្នុង ១០ ​រាជធានី​ខេត្ត​។ ដូច្នេះ គម្រោង​ផែនការ​បើក​យុទ្ធនាការ​ឃោសនា​នៅ​ថ្ងៃទី​ ១ បេក្ខជន រួម​ជាមួយ​នឹង​សកម្មជន​នៅតាម​ឃុំ​សង្កាត់​ដែលមាន​ការដាក់​បេក្ខជន​នោះ​នឹង​រៀបចំ​ក្រុម​ចាក់ផ្សាយ​តាម​មេក្រូ និង​ចែក​ខិត្តប័ណ្ណ​តាម​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ក្នុង​រយៈពេល ១៤ ​ថ្ងៃ​។

ទោះជា​យ៉ាងណា​លោក​ថា ការហែក្បួន​អាច​នឹងមាន​ទៅតាម ឃុំ​សង្កាត់​មួយចំនួន​ដូចជា​នៅ​ឃុំ​ព្រះស្តេច ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ដោយមាន​អ្នក​ចូលរួម​ជាង​ ១០០ ​នាក់​ដែល​នឹង​ផ្តើម​ពី​ព្រំដែន​វៀតណាម​-​កម្ពុជា ប៉ុន្តែ​ជាគោលការណ៍​របស់​គណបក្ស​ផ្តោត​សំខាន់​ទៅលើ​ការចែក​ខិត្តប័ណ្ណ និង​ចាក់​មេក្រូ​ផ្សាយ​ពី​គោលនយោបាយ​របស់​គណបក្ស​។

លោក ឡឹក សុធារ អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ថា នៅ​ថ្ងៃទី ​១ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ គណបក្ស​នឹង​បើក​យុទ្ធនាការ​លក្ខណៈ​ធំ​នៅ​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដោយមាន​ថ្នាក់ដឹកនាំ​របស់​គណបក្ស​នឹងចូលរួម​ហែ​ក្បួន​នេះដែរ​។

លោក​ថ្លែងថា​៖ «​នៅ​ថ្ងៃទី​ ១ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ហែ​តែ ៣ ​ឃុំ​ទេ ប៉ុន្តែ​ហែ​ធំជាងគេ​នៅ​សង្កាត់​កោះដាច់​នេះ ដោយសារតែ​គណបក្ស​ដាក់​បេក្ខភាព​តែ ១ ​សង្កាត់​នេះ​ទេ ហើយ​នៅ​ថ្ងៃទី​ ២៦ នឹង​ហែ​ធំ​មួយទៀត ឃុំ​សគ្រាម នៅ​ខេត្តកំពត ដែលមាន​អ្នក​ចូលរួម ៨០០ ​នាក់​»​។

លោក អ៊ូ ចន្ទរ័ត្ន ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា​ថា គណបក្ស​ដាក់​បេក្ខភាព​បាន​ចំនួន ៥៩ ​ឃុំ​-​សង្កាត់ នៃ ១២ រាជធានី​ខេត្ត​ប៉ុណ្ណោះ ដូច្នេះ​គណបក្ស​មិនមាន​ការរៀបចំ​ធ្វើ​យុទ្ធនាការ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​ដំបូង​នោះទេ​។ ដូច្នេះ គណបក្ស​ឱ្យ​ឃុំ​-​សង្កាត់​នីមួយៗ​ហែ​ក្បួន និង​ចែក​ខិត្តប័ណ្ណ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅតាម​ខ្នងផ្ទះ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​។ ជាមួយគ្នានេះ គណបក្ស​ក៏​នឹង​រៀបចំ​វេទិកា​ចាក់​ផ្សព្វផ្សាយ​គោលនយោបាយ​នៅក្នុង​តំបន់​ណា​ដែលមាន​មនុស្ស​ច្រើន​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថា សម្រាប់​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​នេះ​ត្រូវ​ធ្វើ​នៅក្នុង​មណ្ឌល​នីមួយៗ ដូច្នេះ​គណបក្ស​ប្រជាជន​កម្ពុជា​មិនមាន​ការជួបជុំ​អ្នកគាំទ្រ​សម្រាប់​ហែ​ក្បួន​ធំ​នោះទេ ដោយ​អនុញ្ញាត​ឱ្យធ្វើ​នៅតាម​ឃុំ​-​សង្កាត់​។

លោក​ថ្លែងថា​៖ «​យើង​ធ្វើ​នៅតាម​មណ្ឌល​ (​ឃុំ​-​សង្កាត់​) នីមួយៗ យើង​មិន​អាចធ្វើ​ឆ្លង​ទេ បើសិនជា​យើង​ឆ្លង ទី​ ១ ត្រូវសុំ​ច្បាប់ និង​ទី​ ២ ត្រូវគេ​កាត់​ហែ​ក្បួន​ម្តង​។ អ៊ីចឹង យើង​មិន​អាចធ្វើ​អ្វី​ផ្ទុយ​ពី​នីតិវិធី​របស់​ គ.ជ.ប ដែល​បាន​ណែនាំ​ទេ​»​។

គណបក្ស​ភ្លើងទៀន​កាលពី​ថ្ងៃទី​ ១៨ ខែឧសភា បាន​ចេញ​សេចក្តី​ជូនដំណឹង​ថា នៅ​ថ្ងៃ​សៅរ៍ ទី​ ២១ ខែឧសភា ឆ្នាំ​ ២០២២ នឹងមាន​ការជួបជុំ​ដង្ហែ​ក្បួន​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ អាណត្តិ​ទី​ ៥ ថ្ងៃ​ដំបូង​របស់ខ្លួន ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​រចនាសម្ព័ន្ធ គ្រប់លំដាប់​ថ្នាក់​របស់​គណបក្ស​ភ្លើងទៀន​នៅ​ទូទាំង​រាជធានី​-​ភ្នំពេញ នៅវេលា​ម៉ោង ៧:០០ ​ព្រឹក ជួបជុំ និង​ចាប់ផ្ដើម​ចេញដំណើរ​នៅ​បណ្តោយ​ផ្លូវ​ ៣០ ​ម៉ែត្រ (​ទ្រីហេង​ ៣) ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ និង​ម៉ោង ១៤:០០ ​រសៀល ជួបជុំ និង​ចេញដំណើរ​នៅ​មហាវិថី​អង្គរ ជិត​រង្វង់មូល​កាំកូស៊ីធី​»៕

វីដេអូ៖