ភ្នំពេញៈ នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក​ ណារិន ដ្រា ម៉ូឌី​ (Narendra Modi) បានបង្ហាញ​ក្តីសប្បាយ​រីករាយ និង​អបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដែល​ប្រទេស​នេះ​មិនមាន​ការរកឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ​ ១៩ រយៈពេល​ជាង​ ១០ ​ថ្ងៃ​កន្លងមកនេះ​។

នាយករដ្ឋមន្ត្រី​ឥណ្ឌា​លើកឡើង​ដូចនេះ ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន តាម​ប្រព័ន្ធ​វីដេអូ​កាលពី​ថ្ងៃទី​ ១៨ ខែឧសភា នៅ​ភូមិគ្រឹះ​របស់លោក ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ក្នុងពេល​សន្ទនា​នោះដែរ លោក​ ហ៊ុន សែន ក៏បាន​អបអរសាទរ​ចំពោះ​ឥណ្ឌា​ដែល​បានទទួល​ជោគជ័យ​ក្នុងការ​ប្រយុទ្ធប្រឆាំង និង​គ្រប់គ្រង​កូវីដ ​១៩ ពី​ការឆ្លង​ច្រើន​រហូតដល់​ឆ្លង​តិចតួច​នៅពេលនេះ​។

លោក​ ហ៊ុន សែន បាន​អរគុណ​ប្រទេស​ឥណ្ឌា​ដែល​បានផ្ដល់​វ៉ាក់សាំង​ដល់​កម្ពុជា កាលពី​ថ្ងៃទី​ ១២ ខែមេសា ឆ្នាំ​ ២០២២ ចំនួន​ ៣២៥ ០០០ ​ដូស​។ វា​ជា​វ៉ាក់សាំង​ដែល​ឆ្លុះបញ្ចាំង​ពីអ្វី​ដែល​ឥណ្ឌា​ចូលរួម​ក្នុង​សាមគ្គីភាព ហើយ​ធ្វើឱ្យ​កម្ពុជា​ទទួល​បាន​ជោគជ័យ​។

លោក​បញ្ជាក់ថា​៖ «​នៅពេលនេះ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ចំនួន​ ៩៣,៦ ​ភាគរយ​នៃ​ចំនួន​ប្រជាជន​ ១៦​ លាន​នាក់​។ ដូច្នេះ​ដោយសារ​ការចូលរួម​ចំណែក​របស់​ប្រទេស​ឥណ្ឌា​នេះ​ធ្វើឱ្យ​ប្រទេស​កម្ពុជា​បាន​បើក​ប្រទេស​ឡើងវិញ កាលពី​ថ្ងៃទី​ ១ ខែវិច្ឆិកា ឆ្នាំ​ ២០២១​។ មកដល់​ពេលនេះ​មាន​រយៈពេល​ ១១ ​ថ្ងៃ​ហើយ​ដែល​ប្រទេស​កម្ពុជា​មិនមាន ករណី​ឆ្លង​កូវីដ ​១៩ ​ថ្មីៗ​ឡើយ​»​។

ជា​ការឆ្លើយតប លោក​ ណារិនដ្រា ម៉ូឌី បាន​ថ្លែងថា​៖ «​យើង​ពិតជា​រីករាយ​ដែល​អាចជួយ​កម្ពុជា​បាន ហើយ​កម្ពុជា​ជា​ប្រទេស​ទី​ ១ នៅក្នុង​ក្របខ័ណ្ឌ​នេះ ដែល​ទទួលបាន​វ៉ាក់សាំង​ពី​ប្រទេស​ឥណ្ឌា ហើយ​យើង​ពិតជា​រីករាយ​ដែល​ឮថា​កម្ពុជា​មិនមាន​ករណី​ឆ្លង​កូវីដ​ ១៩ ក្នុង​រយៈពេល​ ១១​ ថ្ងៃ​មកនេះ​។ ជា​សមាសភាព​របស់​ឥណ្ឌា ដែល​ខិតខំ​ជំរុញ​ជួយ​ខ្លួនឯង​ផង និង​ជួយ​មនុស្ស​ក្នុង​សកលលោក​ផងដែរ​»​។

លោក​ ណារិន ដ្រា ម៉ូឌី ក៏បាន​បញ្ជាក់​ដែរថា នៅពេល​នេះ ឥណ្ឌា​បាន​ជួយផ្ដល់​វ៉ាក់សាំង​ទៅដល់​ប្រមាណ​ ១០០ ​ប្រទេស ហើយ​ក៏បាន​ចូលរួម​បណ្ដុះបណ្ដាល​មន្ត្រី​របស់​រដ្ឋាភិបាល​កម្ពុជា​ប្រមាណ​ជាង​ ២ ​ពាន់​នាក់ ជាពិសេស​នៅក្នុង​ការបណ្ដុះបណ្ដាល​គ្រប់​វិស័យ​ខុសៗ​គ្នា​។ រដ្ឋាភិបាល​ឥណ្ឌា​ក៏​នឹង​ផ្ដល់​អាហារូបករណ៍​ចំនួន​ ១ ០០០​ កន្លែង​ទៀត សម្រាប់​វិស័យ​ព័ត៌មានវិទ្យា​ក្នុងការ​បណ្ដុះបណ្ដាល​ប្រជាពលរដ្ឋ​មកពី​ប្រទេស​អាស៊ាន​។

ដោយឡែក គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​ (​គ.វ.ក​-១៩) បាន​ជូនដំណឹង​ពី​ការបន្ថែម​ទីតាំង​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដែល​ចាក់​ជូន​ដោយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេចតេជោ (​ធីតា​)​។

សេចក្តី​ជូនដំណឹង​របស់​លោកស្រី​ ឱ វណ្ណឌីន ប្រធាន​ គ.វ.ក​-១៩ កាលពី​ថ្ងៃទី​ ១៨ ខែឧសភា បាន​ឱ្យដឹងថា ការបន្ថែម​ទីតាំង​នេះ​ ដើម្បី​បង្កើនល្បឿន​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ ដូស​ជំរុញ (​ទាំង​ដូស​ទី​ ៣ និង​ដូស​ទី​ ៤) ជូន សិស្ស និស្សិត នៅតាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។

លោកស្រី​បញ្ជាក់ថា​៖ «​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ (​ធីតា​) ​ចំនួន​ ៤០០ ​នាក់​នឹង​ចាប់ផ្តើម​ចាក់​ដល់​សិស្ស និស្សិត នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ពីថ្ងៃ​ទី​ ២៣ ខែឧសភា ឆ្នាំ​ ២០២២ ​តទៅ​»​។

គួរ​បញ្ជាក់​ដែរថា ក្នុងជំនួប​សំណេះសំណាល និង​ផ្តល់​រង្វាន់​លើក​ទឹកចិត្ត​ដល់​សិស្ស​ប្រឡង​ជាប់​និទ្ទេស​ A កាលពី​ថ្ងៃទី ​៣ ខែឧសភា លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​ដាក់​សិស្សានុសិស្ស និស្សិត​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ទៅជា​ក្រុម​អាទិភាព​នៃ​ការទទួល​វ៉ាក់សាំង​ បន្ទាប់ពី​មន្ត្រីរាជការ គ្រូបង្រៀន បុគ្គលិក​សុខាភិបាល និង​កម្លាំង​ប្រដាប់​អាវុធ​ដែល​ហៅថា​ក្រុម​អាទិភាព​ជួរមុខ​។

លោក​ ហ៊ុន សែន បានបញ្ជាក់​ថា​៖ «​មុននេះ ខ្ញុំ​បានប្រកាស​ត្រឹមតែ​មុខសញ្ញា​ពាក់ព័ន្ធ​ជាមួយ​នឹង​មន្ត្រីរាជការ គ្រូបង្រៀន​ទេ ហើយ​និង​កម្លាំង​ប្រដាប់​អាវុធ ដែល​ហៅថា ក្រុម​អាទិភាព​ជួរមុខ​។ ឥឡូវ​ដើម្បី​ធានា​សុវត្ថិភាព​ជូន​ដល់​សិស្សានុសិស្ស កុមារា កុមារី របស់​យើង គឺ​ត្រូវដាក់​ចូលក្នុង​ដំណើរការ​អាទិភាព​នៃ​ការទទួល​បាន​ការចាក់​វ៉ាក់សាំង​»​។

យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល គិត​ត្រឹម​យប់​ថ្ងៃទី​ ១៨ ឧសភា ឆ្នាំ​ ២០២២ លទ្ធផល​នៃ​ការចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​ ១៦ ​លាន​នាក់ គឺមាន​ចំនួន​ ៩៣,៨៣% បាន​ចាក់​វ៉ាក់សាំង​។ ចំពោះ​អត្រា​ចាក់​ដូស​ទី​ ៣ មាន​ជាង ​៩ ​លាន​នាក់ និង​ដូស​ទី​ ៤ បាន​ជាង​ ២​ លាន​នាក់​៕