ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជឿជាក់​លើ​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិន ដ្រា ម៉ូឌី (Narendra Modi) ក្នុង​ការ​ចរចា​រក​ដំណោះស្រាយ​ជម្លោះ​រុស្ស៊ី​-​អ៊ុយក្រែន ​បន្ទាប់ពី​លោក ម៉ូឌី បាន​ជួប​សន្ទនា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី និង​អ៊ុយក្រែន ដើម្បី​ស្ដារ​ស្ថានភាព​ជម្លោះ​នេះ​មករក​សន្តិភាព​វិញ ដោយ​លោក ហ៊ុន សែន ចង់ឃើញ​ដំណោះស្រាយ​ជម្លោះ​រុស្ស៊ី-​អ៊ុយក្រែន​ឱ្យបាន​ឆាប់​។

លោក ហ៊ុន សែន បង្ហាញ​ជំនឿ​បែបនេះ​ក្នុងជំនួប​ជាមួយ​លោក ម៉ូឌី តាម​ប្រព័ន្ធ​វីដេអូ​ពី​ភូមិគ្រឹះ​ក្រុង​តាខ្មៅ​របស់​លោក​នៅ​ខេត្តកណ្តាល​កាលពី​ល្ងាច​ថ្ងៃទី​ ១៨ ខែឧសភា​។

នៅក្នុង​ជំនួប​នេះ លោក ម៉ូឌី បាន​ប្រាប់​លោក ហ៊ុន សែន ថា លោក​បាន​ព្យាយាម​ចូលរួម​ចំណែក​ក្នុង​កិច្ចសន្ទនា​រក​ដំណោះស្រាយ​ជម្លោះ​រវាង​អ៊ុយក្រែន និង​រុស្ស៊ី ដោយ​លោក​បាន​ជួប​សន្ទនា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ​កន្លងមកនេះ ដើម្បី​ធ្វើ​យ៉ាងម៉េច​ឱ្យ​ស្ដារ​ស្ថានភាព​នេះ​មករក​សន្តិភាព​វិញ​។

ហ្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា​៖ «​សម្ដេច [​លោក​ ហ៊ុន សែន​] មាន​ការជឿជាក់​ថា ឥណ្ឌា អាច​ដើរតួនាទី​សមស្រប​ក្នុង​ការចរចា​រវាង​ភាគី​ទាំង​ ២ អ៊ុយក្រែន និង​រុស្ស៊ី​។ សម្ដេច​ចង់ឃើញ​ដំណោះស្រាយ​រវាង​រុស្ស៊ី​-​អ៊ុយក្រែន​ឱ្យបាន​ឆាប់​ផងដែរ ដោយសារ​វា​មាន​ផលប៉ះពាល់​ដល់​សកលលោក ជាពិសេស លើ​វិស័យ​សន្តិសុខ​ស្បៀង និង​ថាមពល​ដែល​ប៉ះពាល់​ដល់​ប្រទេស​ទាំងអស់​»​។

លោក ថុង ម៉េងដាវិត អ្នកសិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សង្គ្រាម​នៅ​អ៊ុយក្រែន​បាន​បង្កឱ្យមាន​បញ្ហា​សន្តិសុខ​ស្បៀង និង​ថាមពល និង​បាន​ជះឥទ្ធិពល​​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​សកលលោក​ផងដែរ​។

លោក ហ៊ុន សែន លើកដៃ​ស្វាគមន៍​សមភាគី​ឥណ្ឌា​មុន​ប្រជុំ​។ រូបថត SPM

លោក​ថ្លែងថា​៖ «​ឥណ្ឌា​គឺជា​ដៃគូ​យោធា​ដ៏សំខាន់​មួយ​របស់​រុស្ស៊ី​ដែល​ឥណ្ឌា​បាន​ទិញ​សព្វាវុធ​ជាច្រើន​ពី​រុស្ស៊ី​ ដើម្បី​ពង្រឹង​យោធា​របស់ខ្លួន​។ ដូចនេះ​ឥណ្ឌា​ក៏​ជា​តួអង្គ​សំខាន់​ក្នុង​ការសម្របសម្រួល​ឱ្យ​រុស្ស៊ី​គិតពី​វិបត្តិ​សេដ្ឋកិច្ច​របស់ខ្លួន ក៏ដូចជា​សកលលោក​ទាំងមូល​។ ការចូលរួម​របស់​ឥណ្ឌា​ក៏ដូចជា​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​នឹង​បន្ត​ខិតខំ​ធ្វើ​យ៉ាងណា​ស្វែងរក​ដំណោះស្រាយ​សន្តិភាព ដែលជា​បច្ច័យ​ឈ្នះ ឈ្នះ​ដល់​ភាគី​ជម្លោះ​។

លោក ម៉េងដាវិត ថ្លែងថា បញ្ហា​សង្គ្រាម​នៅ​អ៊ុយក្រែន​នេះ​ផងដែរ​ក៏​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​មហាអំណាច​ដទៃទៀត​ផងដែរ ដូចជា​ចិន អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ក្នុង​ការ​កាត់បន្ថយ​ភាពតានតឹង និង​បង្កើត​ឱ្យមាន​បរិយាកាស​សមស្រប​ក្នុង​ការចរចា​ស្មោះត្រង់​រវាង​អ៊ុយក្រែន និង​រុស្ស៊ី​។

កាលពី​ថ្ងៃទី​ ១៧ ខែឧសភា ថ្មីៗ​នេះ​ក្រុម​ឧត្តម​មន្ត្រី​ការពារជាតិ​អាស៊ាន​បានសម្រេច​ឱ្យមាន​លំហាត់​លម្ហសមុទ្រ​អាស៊ាន​-​ឥណ្ឌា ដើម្បី​លើកកម្ពស់​វិស័យ​សន្តិសុខ​រវាង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ជាមួយ​ឥណ្ឌា​ក្នុង​ទិសដៅ​ជំរុញ​សាមគ្គីភាព​ជាមួយ​គ្នា​។

លោក ហ៊ុន សែន ថ្លែងថា គោលនយោបាយ​ឆ្ពោះ​មក​ខាងកើត​របស់​ប្រទេស​ឥណ្ឌា គឺ​ត្រូវ​នឹង​គោលនយោបាយ​របស់​អាស៊ាន ដែល​ផ្សារភ្ជាប់​ទំនាក់ទំនង​ជា​មួយ​ប្រទេស​ឥណ្ឌា ហើយ​លោក​ចាត់ទុក​ប្រទេស​ឥណ្ឌា​ជា​ដៃគូ​យុទ្ធសាស្ត្រ​សំខាន់​មួយ​។

ហ្វេសប៊ុក​លោក ហ៊ុន សែន បាន​ដកស្រង់​សម្ដី​លោក ម៉ូឌី ថា ឥណ្ឌា​នឹង​ផ្ដល់នូវ​ឥណទាន​ចំនួន ១ ​ពាន់​លាន​ដុល្លារ សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការ​ប្រើប្រាស់​សម្រាប់​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​គង្គា​។

ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​បានបញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​ ១៩ ខែឧសភា​ថា មេដឹកនាំ​ទាំង​ ២ ​បាន​ផ្លាស់ប្តូរ​ទស្សនៈ​លើ​បញ្ហា​តំបន់ និង​ពិភពលោក​ដែលជា​ប្រយោជន៍​រួម ហើយ​លោក ម៉ូឌី បាន​អបអរសាទរ​កម្ពុជា ដែល​បាន​ចូលកាន់​តំណែង​ជា​ប្រធាន​អាស៊ាន​ឆ្នាំនេះ និង​បាន​ធានា​គាំទ្រ និង​ជួយ​កម្ពុជា​ពេញ​ទំហឹង​ ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន​។

ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី ​១៩ ខែឧសភា​ថា លោក ហ៊ុន សែន បាន​បាន​អញ្ជើញ​លោក ម៉ូឌី មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ឥណ្ឌា ព្រមទាំង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ផ្សេងទៀត​ក្នុង​ខែវិច្ឆិកា ហើយ​លោក ម៉ូឌី បាន​ទទួល​យក​ការអញ្ជើញ​នេះ​។ កម្ពុជា និង​ឥណ្ឌា​បាន​បង្កើត​ទំនាក់ទំនង​ការទូត​តាំងពី​ឆ្នាំ​ ១៩៨១ ដែល​មកដល់​ពេលនេះ គឺជា​ខួប​លើក​ទី​ ៧០៕