ភ្នំពេញៈ សហគមន៍​កុមារកំព្រា​នៃ​គ្រិស្តបរិស័ទ​មួយ​នៅ​ខេត្ត​មណ្ឌលគិរី​បាន​ចោទ​មេដឹកនាំ​របស់ខ្លួន​ថា​បាន​លួច​លក់​ដី​ និង​ទ្រព្យសម្បត្តិ​រួម​របស់​សហគមន៍​មក​ធ្វើជា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ធ្វើឱ្យ​កុមារកំព្រា និង​ជន​ទុរគត​គ្មាន​ទីពឹង ដែល​ភាគច្រើន​ជា​ជនជាតិ​ភាគតិច​ព្នង​នៅក្នុង​ខេត្ត​នេះ បាត់បង់​ទីជម្រក​សម្រាប់​ស្នាក់អាស្រ័យ និង​អស់ជំនឿ​លើ​ព្រះ​អម្ចាស់​ «​យេស៊ូគ្រិស្ត​»​។

លោក ប៉ាត យ៉ូស្វេ អាយុ​ ២៧ ​ឆ្នាំ​ជា​ប្រធាន​មណ្ឌល​ព្រះពរ​ចម្ការ​តែ ដែលជា​ផ្នែក​មួយ​នៃ​ប្រិយសម្ព័ន្ធ​ខ្មែរ​ដំណឹង​ល្អ​ទាំង​ ៤ ប្រចាំ​ខេត្ត​មណ្ឌលគិរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ថ្មីៗ​កន្លងមកនេះ​ពួកគាត់​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​ទទួលបាន​ដំណឹង​ថា ថ្នាក់​ដឹកនាំ​របស់គាត់ គឺ​អ្នកស្រី ស៊ូ មន្ថា ប្រធាន​អង្គការ​កុមារកំព្រា​នៃ​សេចក្ដី​សន្យា​ដំណឹង​ល្អ​ទាំង​ ៤ និង​ជា​ប្រធាន​ប្រិយសម្ព័ន្ធ​ខ្មែរ​ដំណឹង​ល្អ​ទាំង​ ៤ បាន​លួច​លក់​ដី​មជ្ឈមណ្ឌល​ និង​ព្រះវិហារ ក្រុម​ជំនុំ​ជាច្រើន​កន្លែង​នៅក្នុង​ខេត្ត​មណ្ឌលគិរី ដែលជា​ទ្រព្យសម្បត្តិ​រួម​របស់​ក្រុម​ជំនុំ​គ្រិស្តបរិស័ទ​មក​ធ្វើជា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ដោយ​មិន​ខ្វល់ខ្វាយ​ពី​សុខទុក្ខ​របស់​កុមារកំព្រា ស្ត្រី​មេម៉ាយ និង​ជន​ចាស់ជរា​ទុរគត​គ្មាន​ទីពឹង ដែល​ភាគច្រើន​ជា​ជនជាតិភាគតិច​ព្នង​។

លោក យ៉ូស្វេ បាន​និយាយថា​៖ «​កាលពី​ខែមីនា ឆ្នាំ​ ២០២២ កន្លង​ទៅនេះ គាត់​បាន​លក់​ដី​ព្រះវិហារ​ក្រុម​ជំនុំ​មួយ​​កន្លែង​នៅ​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មានជ័យ​ក្រុង​សែនមនោរម្យ​ទៅ​ឱ្យ​ឈ្មោះ ​ឌុក ពិសិដ្ឋ និង​ឈ្មោះ ឡូយ ឆៃ ដោយ​មិនបាន​ជូនដំណឹង​ដល់​យើងខ្ញុំ​ឱ្យបាន​ដឹង​ជាមុន​ឡើយ ហើយ​មិន​គ្រាន់តែ​លក់​ត្រឹម​ទីតាំង​ដី​​ព្រះវិហារ​ទេ គឺ​លក់​ដោយ​ទាំង​ទីតាំង​ដី​បញ្ចុះសព​ថែម​ទៀតផង​។ ​ពួកយើង​បានដឹង​ពី​ករណីនេះ ក្រោយពេល​អ្នកទិញ​បានមក​ប្រាប់​ឱ្យ​ពួកយើង​រុះរើ​អីវ៉ាន់​ពី​ព្រះវិហារ និង​គាស់​សព​ចេញពី​ទីតាំង​ដី​បញ្ចុះសព ព្រោះ​គេ​បាន​ទិញ​ដី​នេះ​រួចហើយ​ក្នុង​តម្លៃ​ ២៣​ ម៉ឺន​ដុល្លារ​»​។

ចំណែក​លោក ទូច ស៊ីនឿន អាយុ​ ៤៦ ​ឆ្នាំ​ជា​គ្រូ​គង្វាល​នៅ​ព្រះវិហារ​ព្រះពរ​ចម្ការ​តែ និង ជា​នាយក​តំបន់​មើល​ការគ្រប់គ្រង​អង្គការ​កុមារកំព្រា​នៃ​សេចក្ដី​សន្យា​ដំណឹង​ល្អ​ទាំង​ ៤ ​និង​ប្រិយសម្ព័ន្ធ​ខ្មែរ​ដំណឹង​ល្អ​ទាំង ​៤ ទូទាំង​ខេត្ត​មណ្ឌលគិរី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អ្នកស្រី មន្ថា និង​ប្ដី​របស់គាត់​គឺ​លោក Ted Olbrich ជា​ជនជាតិ​អាមេរិកាំង ធ្លាប់បាន​លក់​ដី​ព្រះវិហារ​ ១​ កន្លែង​ស្ថិតនៅ​ភូមិ​ឡៅកា សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ ទំហំ​ប្រហែល​ ៤​ ហិកតា​។ បច្ចុប្បន្ន ប្ដី​ប្រពន្ធ​ទាំង ២​ នាក់​នេះ​កំពុង​បន្ត​ប្រកាស​លក់​ទីតាំង​ព្រះវិហារ​មួយចំនួន​ទៀត នៅ​ស្រុក​កែវ​សីមា ស្រុក​កោះញែក និង​ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី​។

លោក ស៊ីនឿន បាន​បញ្ជាក់ថា​៖ «​ដី​ និង​សំណង់​ព្រះវិហារ​ទាំងនេះ គឺជា​ទ្រព្យសម្បត្តិ​រួម​របស់​សហគមន៍​គ្រិស្តបរិស័ទ​នៅ​កម្ពុជា ដែល​ទីតាំង​ដី និង​សំណង់​ព្រះវិហារ ព្រមទាំង​មជ្ឈមណ្ឌល​កុមារកំព្រា​ទាំងនេះ​បាន​មកពី​ការចូលរួម​បរិច្ចាគ​របស់​សប្បុរសជន​នៃ​គ្រិស្តបរិស័ទ ទាំង​ក្នុង​ និង​ក្រៅប្រទេស ដែល​គ្មាន​បុគ្គល​ណា​ម្នាក់​អាច​លក់ដូរ​បានទេ​»​។

លោក​ ស៊ីនឿន បាន​ចាត់ទុក​ទង្វើ​របស់​អ្នកស្រី មន្ថា និង​ប្ដី​របស់គាត់​ថា​ជា​អំពើ ​«​ទុច្ចរិត​» ក្បត់​ឆន្ទៈ និង​ក្ដី​បំណង​ពិតប្រាកដ​របស់​សប្បុរសជន​ជា​ម្ចាស់ជំនួយ​ក្បត់​សហគមន៍​ថ្នាក់ក្រោម​ក្នុង​ការបំពេញ​បេសកកម្ម​របស់​ព្រះយេស៊ូគ្រិស្ត ដើម្បី​ជួយ​ដល់ ជនក្រីក្រ​គ្មាន​ទីពឹង កុមារកំព្រា ស្ត្រី​មេម៉ាយ និង​ចាស់ជរា​ឱ្យ​ទទួល​បាន​ជីវភាព​រស់នៅ​សមរម្យ​។

លោក​បាន​បន្ថែមថា​៖ «​ទង្វើ​របស់​អ្នកស្រី ស៊ូ មន្ថា និង​ប្ដី​របស់គាត់​គឺជា​អំពើ​ទុច្ចរិត ឆបោក ដែល​ប៉ះពាល់​ដល់​ជំនឿ​របស់​គ្រិស្តបរិស័ទ​ទូទៅ​»​។

បើតាម​សម្ដី​លោក ស៊ីនឿន កាលពី​ឆ្នាំ​ ២០១៨ អ្នកស្រី ស៊ូ មន្ថា និង​ប្ដី​របស់គាត់​បាន​លក់​ដី​វិហារ​ ១​ កន្លែង​នៅ​ក្រុង​ព្រះសីហនុ ទំហំ ២ ៧៣៨ ម៉ែត្រការ៉េ ក្នុង​តម្លៃ ជិត​ ៣​លាន​ដុល្លារ​។ បច្ចុប្បន្ន​គាត់​បានប្រកាស​លក់​ដី​ព្រះវិហារ​មួយចំនួន​ទៀត​នៅ​ខេត្តព្រះវិហារ និង​ខេត្តសៀមរាប​រួម​នឹង​ខេត្ត​ផ្សេងៗ​ទៀត​ពោលគឺ​ឱ្យតែ​ហាងឆេង​ដី​ខ្ពស់​គឺ​លក់​ទាំងអស់​។ ដោយ​ឃើញ​ទង្វើ​បែបនេះ លោក ស៊ីនឿន និង​ក្រុមជំនុំ​មួយចំនួន​នៅក្នុង​ខេត្តមណ្ឌលគិរី​បាន​នាំគ្នា​ធ្វើ​ពាក្យ​បណ្ដឹងសុំ​កិច្ចអន្តរាគមន៍​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​មណ្ឌលគិរី និង​គោរព​ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើសុំ​ជួយ​អន្តរាគមន៍​ទាមទារ​ដី​ និង​ព្រះវិហារ​ទាំងនោះ​ត្រឡប់​មក​ឱ្យ​សហគមន៍​គ្រិស្តបរិស័ទ​វិញ និង​បញ្ឈប់​សកម្មភាព​របស់ ប្ដី​-​ប្រពន្ធ​ទាំង​ ២ ​នាក់​នេះ​ផងដែរ​។ នេះ​បើ​យោង​បណ្ដឹង​ចុះ​ថ្ងៃទី​ ១៣ ខែឧសភា ឆ្នាំ​ ២០២២ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួល​បាន​។

តាមរយៈ​បណ្ដឹង​នោះ​ប្រជាសហគមន៍​គ្រិស្តបរិស័ទ​នៅក្នុង​ខេត្តមណ្ឌលគិរី បាន​ចោទ​អ្នកស្រី ស៊ូ ម​ន្ថា ថា​ជា​ជន​«​ឆបោក​» តាមរយៈ​ការ​កៀរគរ​មូលនិធិ​ពី​សប្បុរសជន​ទាំង​ក្នុង​ និង​ក្រៅប្រទេស​មក​ទិញ​ដី សង់​មជ្ឈមណ្ឌល និង​ព្រះវិហារ​នានា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ដោយ​ដាក់បញ្ចូល​ជា​ទ្រព្យសម្បត្តិ​រួម​របស់​សហគមន៍ ដើម្បី​ជួយ​គាំទ្រ​ការផ្សព្វផ្សាយ​ព្រះបន្ទូល​ដ៏បរិសុទ្ធ​របស់​ព្រះ​យេស៊ូគ្រិស្ត​ និង​ការបន្ត​បេសកកម្ម​របស់​ព្រះ​ផង​ ដើម្បី​ជួយ​ដល់​ក្មេង​កំព្រា ទុរគតជន ជនអនាថា ជាដើម​។ លុះដល់​បាន​ជំនួយ​សម្រាប់​ការទិញ​ទីតាំង​ដី និង​សង់​អគារ​ហើយ​នោះ​អ្នកស្រី​ មន្ថា ​បាន​កាត់​ផ្ទេរ​ប្លង់​កម្មសិទ្ធិ​ទាំងអស់​នៃ​អចលនទ្រព្យ​ទាំងនោះ​មក​ជា​កម្មសិទ្ធិ​របស់​គាត់​ទាំងអស់ [​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដាក់ឈ្មោះ គាត់​] ដោយ​សំអាងថា «​ដើម្បី​រក្សាទុក​រហូត សម្រាប់​ជួយ​ដល់​សហគមន៍​»​។

ពាក្យបណ្ដឹង​ដដែល​នោះបាន​បញ្ជាក់ថា​៖ « ក្រោយពេល​ទទួល​បាន​ឈ្មោះ​ជា​ម្ចាស់​ដី ម្ចាស់​សំណង់​អគារ​មជ្ឈមណ្ឌល​កុមារ​កំព្រា និង ព្រះវិហារ​ហើយ​នោះ ស្រាប់តែ អ្នកស្រី មន្ថា​ និង​ប្ដី​របស់គាត់​បាន​យក​ទីតាំង​ដី អគារ និង​ព្រះវិហារ​ទៅ​លក់​ផ្ដាច់​ឱ្យ​ឯកជន​បាន​លុយ​រាប់លាន​ដុល្លារ​ដាក់ចូល​ហោប៉ៅ​របស់ខ្លួន បណ្ដាលឱ្យ ក្មេង​កំព្រា ទុរគតជន ជនអនាថា លែងមាន​កន្លែង​ជ្រក​បែកបាក់​ខ្ចាត់ខ្ចាយ​គ្នា​អស់ ខណៈ​ទីតាំង​ដី​បញ្ចុះសព និង​សព​ក៏​ប្រឈម​នឹង​ការ​គាស់​រើចេញ​ផងដែរ​»​។

ជុំវិញ​ករណីនេះ អ្នកស្រី​ មន្ថា និង ប្ដី​របស់គាត់ មិនអាច​ទាក់ទង​ស្នើសុំ​ការពន្យល់​បានទេ​កាលពី​ថ្ងៃទី​ ១៨ ខែឧសភា ឆ្នាំ​ ២០២២ ដោយ​ពួកគាត់​ទាំង​ ២ បាន​ធ្វើ​ដំណើរ​ទៅ​អាមេរិក ដើម្បី​ចូលរួម​កិច្ចប្រជុំ​ផ្នែក​សាសនា​ធំ​មួយ​នៅ​ថ្ងៃទី​ ២៤ ខែឧសភា ខាងមុខ​។ នេះ​បើតាម​ការ​ប្រាប់​ឱ្យដឹងពី​លោកគ្រូ​គង្វាល​ម្នាក់ ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​កំពុង​បម្រើ​ការងារ​នៅ​អង្គការ​កុមារកំព្រា​នៃ​សេចក្ដី​សន្យា​ដំណឹង​ល្អ​ទាំង​ ៤ និង​ជា​សមាជិក​សកម្ម​នៅក្នុង​ប្រិយសម្ព័ន្ធ​ខ្មែរ ដំណឹង​ល្អ​ទាំង​ ៤​។

យោងតាម​ឃ្លីប​វីដេអូ​មួយ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​កាលពី​ថ្ងៃទី​ ១៨ ខែឧសភា ឆ្នាំ​ ២០២២ អង្គការ​កុមារកំព្រា​នៃ​សេចក្ដី​សន្យា​ដំណឹង​ល្អ​ទាំង​ ៤ ​និង​ប្រិយ​សម្ព័ន្ធ​ខ្មែរ ដំណឹង​ល្អ​ទាំង​ ៤ បាន​បង្កើត​គណៈកម្មការ​មួយ​ឈ្មោះ «​គណៈកម្មការ​គ្រប់គ្រង​អលនទ្រព្យ​ខ្មែរ​ដំណឹង​ល្អ​ទាំង​ ៤» ដើម្បី​ធានា​ការពារ​ការលក់​ទ្រព្យសម្បត្តិ​សមូហភាព​របស់​អង្គការ​។ នេះ​បើតាម​ការលើកឡើង​របស់ លោក Ted Olbrich នៅក្នុង​ឃ្លីប​វីដេអូ​នោះ​។

តាមរយៈ​ឃ្លីប​វីដេអូ លោក Ted Olbrich បាន​បញ្ជាក់ថា​៖ «​រាល់​ការលក់​អចលនទ្រព្យ​ទាំងអស់​គឺ​ត្រូវ​ឆ្លងកាត់​ការ​ឯកភាព​ពី​គណៈកម្មការ​គ្រប់គ្រង​អចលនទ្រព្យ​ខ្មែរ​ដំណឹង​ល្អ​ទាំង​ ៤ ក្នុង​សំឡេង​ ២ ​ភាគ​ ៣»​។

ជុំវិញ​ករណីនេះ លោក ស៊ីនឿន បាន​អះអាងថា ពេល​បង្កើត​គណៈកម្មការ​នោះ ពួកគាត់​នៅតាម​ថ្នាក់មូលដ្ឋាន​មិនត្រូវ​បាន​ជ្រើសរើស​ ឬ​ដាក់បញ្ចូល​ជា​សមាជិក​នៃ​គណៈកម្មការ​នោះទេ គឺ​ជ្រើសរើស​តែ​អ្នក​នៅ​ភ្នំពេញ ហើយ​មិនបាន​ស្នើសុំ​ការប្រឹក្សា​យោបល់​ពី​ពួកគាត់​មុនពេល​សម្រេច​លក់​អចលនទ្រព្យ​នៅទីណា​មួយ​នោះទេ ហើយក៏​មិនបាន​បង្ហាញ​នូវ​របាយការណ៍​​ច្បាស់លាស់​នោះដែរ​។

គ្រូ​គង្វាល​នៅ​ព្រះវិហារ​ព្រះពរ​ចម្ការ​តែ និង ជា​នាយក​តំបន់​មើល​ការគ្រប់គ្រង​អង្គការ​កុមារកំព្រា​នៃ​សេចក្ដី​សន្យា​ដំណឹង​ល្អ​ទាំង​ ៤​ និង​ប្រិយ​សម្ព័ន្ធ​ខ្មែរ​ដំណឹង​ល្អ​ទាំង​ ៤ ទូទាំង​ខេត្តមណ្ឌលគិរី រូបនេះ​ថ្លែងថា​៖ «​គាត់​ចង់​បង្កើត​អី លក់​អី​គឺ​គាត់​ធ្វើ​តែ​គ្នា​គាត់ មិនបាន​សុំ​ការប្រឹក្សា​ពី​ពួកយើង​ទេ សូម្បីតែ​គណៈកម្ម​ការគ្រប់គ្រង​អចលនទ្រព្យ​ខ្មែរ​ដំណឹង​ល្អ​ទាំង​ ៤ ក៏​ពួកគេ​មិនបាន​ដាក់បញ្ចូល​ពួកយើង ដែលជា​​ក្រុម​ជំនុំ​នៅតាម​ខេត្ត​ជា​សមាជិក​នោះដែរ​»៕