
រកឃើញសពសិស្ស ៣ នាក់ ដែលលង់ទឹកស្ទឹងស្លាប់នៅស្រុកភ្នំក្រវាញ។ រូបថត ហ្វេសប៊ុក
ពោធិ៍សាត់ៈ សពក្មេងស្រីសិស្សសាលា ៣ នាក់ ដែលលង់ទឹកស្ទឹងស្លាប់ពីថ្ងៃទី ១៨ ឧសភានៅក្នុងភូមិក្របៅជ្រំ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវបានគេរកឃើញហើយនៅថ្ងៃទី ១៩ ឧសភា។
លោក ឈឹម មានបាន អធិការរងនគរបាលស្រុកភ្នំក្រវាញបានឱ្យដឹងនៅថ្ងៃទី ១៩ ឧសភា ថា ករណីក្មេងស្រីសិស្សសាលា ៣ នាក់ ដែលលង់ទឹកស្លាប់នោះត្រូវបានអ្នកចងសន្ទូចប្រទះឃើញម្នាក់នៅព្រឹកថ្ងៃទី ១៩ ឧសភា រីឯ ២ នាក់ទៀតប្រទះឃើញអណ្ដែតទឹកនៅពេលល្ងាចចម្ងាយប្រមាណ ២ គីឡូម៉ែត្រពីកន្លែងកើតហេតុ។
លោកថា សពទាំងនោះមានឈ្មោះ ថា ស្រីម៉ី អាយុ ១៤ ឆ្នាំឈ្មោះ ជា ស្រីនាថ អាយុ ១៤ ឆ្នាំ និងឈ្មោះ គីម សុខគៀង អាយុ ១៤ ឆ្នាំ។ ពួកគេជាសិស្សថ្នាក់ទី ៨ នៃអនុវិទ្យាល័យបាក់ចិញ្ចៀន និងរស់នៅភូមិទួលពង្រ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ។
លោកថា៖ «សពម្នាក់បានអណ្តែតហើយសក់គាត់ទាក់ជាប់នឹងផ្លែសន្ទូចដែលបុរសម្នាក់បានបង្កៃដាក់ត្រី។ យើងដឹងដំណឹងថា ឃើញម្នាក់នៅម៉ោង ៦ កន្លះព្រឹកមិញ (ថ្ងៃ ១៩ ឧសភា) ក្នុងទឹកស្ទឹងដែលក្មេងរងគ្រោះលង់ ឯ ២ នាក់ទៀតរកឃើញអណ្ដែតទឹកនៅពេលល្ងាច»។
លោក សៅ សាមិត្ត នាយនគរបាលប៉ុស្តិ៍ស្តីទី បាក់ចិញ្ចៀនបានឱ្យដឹងតាមសម្តីមិត្តភក្ដិសិស្សរងគ្រោះថា កាលរសៀលថ្ងៃទី ១៨ ឧសភា មានសិស្សស្រី ៦ នាក់ បានជិះម៉ូតូ ២ គ្រឿងឌុបគ្នាទៅលេងទឹកស្ទឹងកើតហេតុ។ ពេលនោះពួកគេបាននាំគ្នាចុះទឹកលេង តែ ៣ នាក់បានចុះទៅកន្លែងទឹកជ្រៅក៏ផុតជើង និងបានស្រែកឱ្យជួយ។
លោកបន្តថា ពេលនោះក្មេងស្រី ៣ នាក់ដែលនៅទឹករាក់បានហែលទៅជួយតែជួយមិនបាន។
លោកថា៖ «នៅចំណុចក្មេងៗលង់ទឹកនោះសម្បូរដីខ្សាច់ ហើយដីខ្សាច់មិនដូចដីធម្មតាទេ។
កន្លែងនោះជារណ្តៅដីខ្សាច់ផងដូច្នេះស្រូបទាញទៅហើយ»៕