ព្រះសីហនុៈ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​៣​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង និង​ ២​ នាក់​ផ្សេង​ទៀត​រង​របួស​នៅ​ក្នុង​ឧប្បត្តិហេតុ​ដាច់​ខ្សែ​យោង​ជណ្តើរយន្ត​មួយ​ស្ថិត​នៅ​ក្នុង​អគារ​មួយ​កន្លែង​ស្ថិត​ក្នុង​សង្កាត់​លេខ​ ៣​ ក្រុង​ព្រះសីហនុ​ កាល​ពី​វេលា​ម៉ោង​ជាង​ ៨ ​ព្រឹក​ថ្ងៃ​សុក្រ​ ទី​ ២០ ​ខែ​ឧសភា​នេះ​។ នេះ​បើ​យោង​តាម​លោក​ ជិន ឈូន​ នាយ​ការិយាល័យ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ ដែល​ទទួល​វេន​ប្រចាំការ​។

លោក​បាន​ឱ្យ​ដឹង​បន្ត​ថា អគារ​នោះ​កំពុងតែ​កំពុង​សាងសង់ ដែល​មាន​កម្ពស់​ចន្លោះ​ពី​ ២០ ​ទៅ​ ៣០ ​ជាន់ ហើយ​អ្នក​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត​។

មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​ឱ្យ​ដឹង​ថា មន្ត្រី​ពាក់ព័ន្ធ​កំពុង​តែ​ធ្វើ​ការ​ស្រាវជ្រាវ​ពី​ហេតុការណ៍​នេះ ហេតុ​នេះ​ពុំ​ទាន់​មាន​ព័ត៌មាន​បន្ថែម​នោះ​ទេ​៕​