
លោក ជា សុផារ៉ា ថ្លែងក្នុងពិធីសម្ពោធ សួនរុក្ខជាតិអង្គរពីថ្ងៃទី ១៩ ឧសភា។ រូបថត ក្រសួងរៀបចំដែនដី
សៀមរាបៈ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងថា សួនរុក្ខជាតិអង្គរដើរតួនាទីសំខាន់ណាស់ក្នុងការរក្សារុក្ខជាតិជាឱសថច្រើនប្រភេទ ជាកន្លែងសិក្សាស្រាវជ្រាវដ៏សំខាន់ និងជាផ្នែកមួយក្នុងការចូលរួមការពារការប្រែប្រួលអាកាសធាតុ ហើយលោកបានបំផុសឱ្យមានការដាំដើមឈើបន្ថែមទៀតក្នុងតំបន់អង្គរ និងតាមវត្តអារាម។
ការថ្លែងរបស់លោក ជា សុផារ៉ា បែបនេះធ្វើឡើងនៅក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “សួនរុក្ខជាតិអង្គរ” កាលពីព្រឹកថ្ងៃទី ១៩ ខែឧសភា នៅក្នុងតំបន់អង្គរ។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ថ្លែងថា តួនាទីសំខាន់ដំបូងនៃសួនរុក្ខជាតិអង្គរ គឺថែរក្សា និងអភិរក្សរុក្ខជាតិសម្បូរបែបដែលបានដុះនៅក្នុងទឹកដីកម្ពុជា។ រុក្ខជាតិទាំងអស់នោះមិនត្រឹមតែផ្តល់នូវជម្រកមនុស្ស សត្វ ក៏ដូចជាផ្លែផ្កា និងក្លិន ជូនដល់ពលរដ្ឋនោះទេ គឺថែមទាំងបានផ្តល់ជាថ្នាំព្យាបាលដែលតាំងពីដើមមក រុក្ខជាតិជាថ្នាំព្យាបាលជំងឺដ៏ស័ក្តិសិទ្ធិរបស់បុព្វបុរសខ្មែរ គ្រប់ជំនាន់រហូតមកដល់បច្ចុប្បន្ន និងទៅអនាគត។
លោកបានបន្តថា ការផ្តួចផ្តើមដាំរុក្ខជាតិរហូតដល់ ៥០០ ប្រភេទក្នុងសួនរុក្ខជាតិអង្គរនៃតំបន់អង្គរនេះចាត់ទុកថា ជាជំហានដំបូងសម្រាប់អភិវឌ្ឍកសិកម្ម ថែរក្សាធនធានជីវចម្រុះ និងធ្វើការសិក្សាស្រាវជ្រាវពីប្រភេទរុក្ខជាតិផងដែរ។ ចំណុចនេះលោករដ្ឋមន្ត្រីបានបង្ហាញជំហរចង់បណ្តុះឱ្យកូនខ្មែរស្គាល់ប្រភេទរុក្ខជាតិដែលជាផ្នែកមួយនៃការសម្របសម្រួលការរស់នៅជាមួយនឹងការប្រែប្រួលអាកាសធាតុឱ្យបានច្រើន ដើម្បីចូលរួមថែរក្សាការពារ ព្រោះកាលណាមិនស្គាល់ប្រភេទរុក្ខជាតិ គឺមិនឱ្យតម្លៃកាលណាមិនឱ្យតម្លៃ គឺជាហេតុនាំឱ្យមានការកាប់បំផ្លាញចោល។
ជាមួយគ្នានោះ លោក ជា សុផារ៉ា បានជំរុញឱ្យមានការដាំដុះដើមឈើបន្ថែមទៀតនៅតំបន់អង្គរ ដោយសហការជាមួយក្រសួងកសិកម្ម និងបានជំរុញឱ្យព្រះសង្ឃតាមវត្តអារាមរៀបចំផែនការបង្កើតឱ្យមានសួនរុក្ខជាតិផងដែរ។ លោកថ្លែងថា៖ «ខ្ញុំករុណានិយាយនេះមិននិយាយចោលទេ ករុណាខ្ញុំនឹងធ្វើលិខិត យ៉ាងយូរអាទិត្យក្រោយធ្វើលិខិតទៅសម្តេចព្រះសង្ឃរាជទាំង ២ គណៈសូមឱ្យវត្តអារាមទាំងអស់ ដាំដើមឈើ»។
លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សួនរុក្ខជាតិអង្គរក៏ជាផ្នែកមួយចូលរួមដល់ការសម្របសម្រួលការប្រែប្រួលអាកាសធាតុផងដែរ ព្រោះរុក្ខជាតិបានផ្តល់នូវអុកស៊ីហ្ស៊ែនពេលថ្ងៃសម្រួលការដកដង្ហើមបានស្រួល។ លោកថា ជាការកត់សម្គាល់ តំបន់ដែលមានរុក្ខជាតិច្រើន តែងតែមានអាកាសធាតុត្រជាក់ស្រួលជាងកន្លែងមិនសូវសម្បូររុក្ខជាតិ។
លោកថ្លែងថា៖ «ការផ្តួចផ្តើមនេះចាត់ទុកថា ជាការរួមចំណែកធ្វើឱ្យបរិស្ថានល្អ នៅក្នុងតំបន់អង្គរ ដែលជាតំបន់អាចទាក់ទាញបាននូវភ្ញៀវទេសចរ ហើយប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី តែងតែមានបំណងប្រាថ្នារបស់ខ្លួនថា ក្នុង ១ ជីវិតត្រូវឱ្យបានមកឃើញអង្គរវត្តដែលជាសម្បត្តិវប្បធម៌សម្បូរបែបប្រកបដោយមោទនភាព»។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថ្លែងថា ការបង្កើតសួនរុក្ខជាតិអង្គរគោលបំណងសំខាន់គឺ ដើម្បីផ្សព្វផ្សាយជូនសាធារណជនជាតិ និងអន្តរជាតិឱ្យបានជ្រួតជ្រាប និងចូលរួមទស្សនាកម្សាន្តនៅពេលអនាគតនូវផលិតផលទេសចរណ៍ថ្មីដែលពោរពេញដោយគុណប្រយោជន៍ ក៏ដូចជា ការចូលរួមលើកកម្ពស់ការយល់ដឹងបន្ថែមពីប្រភេទរុក្ខជាតិដ៏សម្បូរបែបរួមនឹងផលិតផលទេសចរណ៍បន្ទាប់បន្សំក្នុងសួន សំដៅបង្កើនស្មារតីស្រឡាញ់ ចូលរួមថែរក្សា ការពារ និងអភិរក្សមរតជាតិ។
លោកស្រីបានឱ្យដឹងថា សួនរុក្ខជាតិអង្គរបែងចែកជា ៥ សួនធំៗ ដែលមានរុក្ខជាតិសរុបប្រមាណ ៥០០ ប្រភេទដូចជា ឈើប្រណីត និងឈើព្រៃ ៣០ ប្រភេទ ឱសថ គ្រឿងទេស និងបន្លែ ១០០ ប្រភេទ រុក្ខជាតិអម្បូរត្នោត ៥០ ប្រភេទ ដើមឈើហូបផ្លែ ៩០ ប្រភេទ ប្រទាល ៥០ ប្រភេទ កេសរកូល ប៉ប្រក និងវល្លិ ៤០ ប្រភេទ ដើមផ្កា ៥០ ប្រភេទ ផ្កាតាមរដូវ ២០ ប្រភេទ ផ្កាស្មៅ និងត្រែង ១០ ប្រភេទ ផ្កាខ្មែរ និងផ្កាក្រអូប ២០ ប្រភេទ ព្រមទាំងរុក្ខជាតិទឹក និងរុក្ខជាតិផ្សេងៗទៀតជាច្រើន។
លោកស្រីបានបញ្ជាក់ថា ដើម្បីបង្កើនភាពទាក់ទាញក្នុងសួនទាំងមូលក៏មានលម្អដោយកូនភ្នំ ស្រះប្រឡាយទឹកទឹកធ្លាក់ខ្លាតតូច និងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ ព្រមទាំងសត្វព្រៃ និងសត្វចិញ្ចឹមមួយចំនួនផងដែរ។
លោកស្រីថា បន្ទាប់ពីសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការ អាជ្ញាធរជាតិអប្សរាបើកឱ្យមានការចូលទស្សនាដោយមិនគិតថ្លៃយ៉ាងហោច ១ ខែ។
លោកស្រីថ្លែងថា៖ «សួនរុក្ខជាតិអង្គរនឹងបើកឱ្យសាធារណជន ភ្ញៀវទេសចរជាតិ អន្តរជាតិ បានចូលទស្សនាដោយឥតបង់ថ្លៃរយៈពេលមួយខែ ឬមួយខែកន្លះដំបូង គិតចាប់ពីថ្ងៃដាក់ឱ្យដំណើរការជាផ្លូវការតទៅ។ បន្ទាប់ពីនេះសួនរុក្ខជាតិអង្គរនឹងដើរតួនាទីមួយផ្នែកក្នុងការរកចំណូលបន្ថែមជូនជាតិតាមរយៈលក់សំបុត្រចូលទស្សនា»។
លោកស្រីរដ្ឋមន្ត្រីបានឱ្យដឹងទៀតថា អាជ្ញាធរជាតិអប្សរាគ្រោងពង្រីកសួនរុក្ខជាតិអង្គរបន្ថែមរហូតដល់កសិណខាងត្បូងនៃអង្គរវត្តលើផ្ទៃដីប្រមាណ ១៣០ ហិកតា ដើម្បីធ្វើឱ្យសួនមានសក្តានុពល វិសាលភាពធំទូលាយ និងសម្បូរបែបជាងមុន ដើម្បីប្រយោជន៍សាធារណៈ ក៏ដូចជាចូលរួមចំណែកក្នុងការអភិរក្ស និងលើកតម្លៃរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក៕