ថ្ងៃទី​ ២០ ឧសភា នេះ ជា​ថ្ងៃ​រំឭក​ទិវា​ជាតិ​នៃ​ការចងចាំ ដែល​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប​ចងចាំ​មិនអាច​បំភ្លេចបាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ហៅថា​របប​ប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជា​របប​ដ៏​ឃោរឃៅ​និង​ខ្មៅ​ងងឹត​។

​នេះ​ជាការ​លើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​លោក​បាន​បញ្ជាក់ថា ទិវា​នេះ ជាការ​រំឭក​ដល់​វិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះ​ជាង​៣​លាន​នាក់​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​នៅក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​។​

​លោក​ថា ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​លើសលប់​បានដឹង និង​បាន​យល់ច្បាស់​អំពី​រឿងរ៉ាវ​សោកនាដកម្ម​ដ៏​ជូរចត់​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ឆ្លងកាត់​ជិត​៣​ទសវត្សរ៍​ក្នុង​ភ្នក់ភ្លើងសង្គ្រាម និង​ទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀស​ចេញពី​ទីលំនៅ​របស់ខ្លួន​ដោយ​បង្ខំ និង​ការបង្ខំ​ឱ្យធ្វើ​ការ​ដូច​សត្វ​ធាតុ​ជាដើម​។

​មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋ​កម្ពុជា ត្រូវស្លាប់​ដោយ​គ្មាន​ថ្នាំសង្កូវ​ព្យាបាល គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់ គ្មាន​សិទ្ធិសេរីភាព គ្មាន​លទ្ធិប្រជាធិបតេយ្យ ហើយ​សូម្បីតែ​សិទ្ធិ​រស់រានមានជីវិត​ដែលជា​សិទ្ធិ​មូលដ្ឋាន​មាន​ពី​កំណើត​របស់​មនុស្ស​ក៏​គ្មាន​ដែរ​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា៖ «​ដើម្បី​កុំឱ្យ​របប​នេះ​វិល​ត្រឡប់មកវិញ យើង​ត្រូវ​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​ឱ្យបាន​គង់វង្ស​ពីព្រោះ​សន្តិភាព​បាន​ផ្តល់ឱកាស​គ្រប់យ៉ាង​ក្នុងការ​កសាង​សង្គម​គ្រួសារ សហគមន៍ និង​ប្រទេសជាតិ ឱ្យ​កាន់តែ​រីកចម្រើន​ទៅមុខទៀត​»៕