​ភ្នំពេញៈ ក្រសួងបរិស្ថាន និង​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ដល់​សិក្ខាកាម​ពាក់ព័ន្ធ​ស្តីពី គោលការណ៍​ណែនាំ និង​វិញ្ញាបនបត្រ​កម្ម​អគារ​បៃតង​កម្ពុជា​ (Cambodia’s Guidelines and Certification for Green Buildings-CamGCGB) ដើម្បី​រួមចំណែក​ក្នុង​ការចូលរួម​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន ក៏ដូចជា​ឆ្លើយតប​នឹង​ការប្តេជ្ញា​របស់​រដ្ឋាភិបាល​ក្នុងការ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។

​យោងតាម​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃទី​១៩​ខែឧសភា​បានឱ្យដឹងថា វគ្គ​បណ្ដុះបណ្ដាល​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​(១)​ពង្រឹង​ការយល់ដឹង និង​តម្រូវការ សកម្មភាព​ប្រកបដោយ​និរន្ដរភាព​ក្នុង​វិស័យ​សំណង់​អគារ និង​ណែនាំ​ពី​គោលការណ៍​ណែនាំ និង​វិញ្ញាបនបត្រ​កម្ម​អគារ​បៃតង​កម្ពុជា (CamGCGB) មុនពេល​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​។ (២)​ បណ្ដុះបណ្ដាល​អ្នកជំនាញ​ក្នុង​វិស័យ​សំណង់​លើ​ការអនុវត្ត​ CamGCGB និង​ឧបករណ៍​គណនា ប្រើ​សម្រាប់​ការវាយតម្លៃ​អគារ​ផ្អែក​លក្ខណៈវិនិច្ឆ័យ​អគារ​បៃតង និង​តម្រូវការ​ចងក្រង​ឯកសារ​របាយការណ៍​វាយតម្លៃ​អគារ​បៃតង និង (៣) ផ្សព្វផ្សាយ​គំនិត​ថ្មីៗ​នៃ​អគារ​បៃតង ឬ​ការអនុវត្ត​សំណង់​ប្រកបដោយ​និរន្ដរភាព​សម្រាប់​អ្នកជំនាញ​។​

​វគ្គ​បណ្តុះបណ្តាល​នេះ​ជាការ​រួមចំណែក​ក្នុងការ​បង្កើន​ជំនាញ និង​ចំណេះដឹង​ថ្មី​អំពី​អគារ​បៃតង​ដល់​សិក្ខាកាម​ទាំងអស់ ជាពិសេស​ការផ្តល់​ចំណេះដឹង និង​ការអនុវត្ត​លើ​ការវាយតម្លៃ​អគារ​បៃតង​ផ្អែកលើ​ប្រព័ន្ធ​ CamGCGB”​។ នេះ​ជាការ​ថ្លែង​របស់លោក​វ៉ាន់ មុនីនាថ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​ក្នុងពេល​បិទ​វគ្គ​បណ្តុះបណ្តាល និង​ចែក​វិញ្ញាបនបត្រ​។​

​លោក​វ៉ាន់ មុនីនាថ​បាន​សម្ដែង​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា វគ្គ​បណ្តុះបណ្តាល​នេះ នឹង​ទទួលបាន​នូវ​លទ្ធផល​ជា​ផ្លែផ្កា​ទៅ​ថ្ងៃ​អនាគត ក្នុងការ​រួមចំណែក​ដ​ល់​ការសម្រេចបាន​នូវ​ចក្ខុវិស័យ​កំណើន​នៃ​ការសាងសង់​ដែល​គិតគូរ​ពី​និរន្តរភាព​បរិស្ថាន បង្កើត​ឱកាស​ទីផ្សារ​ក្នុង​វិស័យ​សំណង់​អគារ និង​ចូលរួម​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​ដែល​ឆ្លើយតប​នឹង​ការប្តេជ្ញា​របស់​រដ្ឋាភិបាល​ដើម្បី​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​តាមរយៈ​ការពង្រឹង​គុណភាព​អគារ ជាពិសេស​ការសម្រេច​គោលដៅ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​។​

​ការបិទ​វគ្គ និង​ចែក​វិញ្ញាបនបត្រ​នេះ​ក៏មាន​ការចូលរួម​ពី លោកស្រី​ងិន លី​ណា អគ្គនាយិការ​រង នៃ​អគ្គនាយកដ្ឋាន​គោលនយោបាយ​និង​យុទ្ធសាស្ត្រ និង លោក Robby Rosandi អ្នកគ្រប់គ្រង​គម្រោង នៃ​វិទ្យាស្ថាន​មេគង្គ (MI) និង​ជា​អ្ន​សម្របសម្រួល​មូលនិធិ​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ (MKCF) និង​សិក្ខាកាម​ដែល​តំណាង​អន្ដរក្រសួង ស្ថាប័ន គ្រឹះស្ថាន​សិក្សាធិការ ដៃគូ​អភិវឌ្ឍ និង​វិស័យ​ឯកជន ជាច្រើនរូប​ផងដែរ​៕