អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បានស្នើ​សុំឱ្យ​បារាំង​ជួយ​កសាង​ស្ថានីយ​ប្រតិកម្ម​ទឹក​កខ្វក់​មួយកន្លែង​ទៀត នៅ​ខាងជើង​ឆៀង​ខាងលិច​រាជធានី​ភ្នំពេញ ដើម្បីឱ្យ​បរិស្ថាន​ទឹក​ល្អប្រសើរ មុននឹង​ហូរ​ចូលទៅ​ដង​ទន្លេសាប​។​

​ការស្នើ​ឡើង​នេះ​ធ្វើឡើង​ក្នុង​ឱកាសលោក ឃួ​ង ស្រេង និង​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា លោក ហ្សា​ក់ ប៉ឺ​ឡេ ( H.E.Mr.Jacques PELLET ) ជួបពិភាក្សា​ការងារ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ការទូត និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​រាជធានី​ភ្នំពេញ និង​ទីក្រុង​ប៉ារីស ឱ្យ​កាន់តែ​ប្រសើរ កាលពី​រសៀល​ថ្ងៃទី​១៨ ខែឧសភា​។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា ៖ «​អង្គការ (JICA) របស់​ជប៉ុន បាន​ជួយ​កម្ពុជា​ជាច្រើន​ពិសេស​នៅ​រាជធានី​ភ្នំពេញ ដោយបាន​កសាង​ស្ថានីយ​ទឹក​កខ្វក់​ជាច្រើន​កន្លែង​នៅ​រាជធានី​ភ្នំពេញ​។ ដោយឡែក​នៅ​ខាងជើង​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ មិនទាន់មាន​ស្ថានីយ​ទឹក​កខ្វក់​នៅឡើយ​ទេ ដូច្នេះ​ខ្ញុំ​សូម​ស្នើ​សុំឱ្យ​បារាំង​ជួយ​រាជធានី​ភ្នំពេញ ក្នុង​ការកសាង​ស្ថានីយ​ទឹក​កខ្វក់​មួយកន្លែង​នេះ ដើម្បី​ទុកឱ្យ​ក្មេងជំនាន់ក្រោយ​បាន​ប្រើប្រាស់ ទោះបី​ជួយ​ជា​កម្ចី ឬក៏​ជា​ជំនួយឥតសំណង​ក្តី​»​។​

​បន្ថែម​ពីលើ​នេះ​ផងដែរ លោក ឃួ​ង ស្រេង ក៏បាន​ស្នើឱ្យ​ភាគី​បារាំង​ជួយ​ដោះស្រាយ​ទៅលើ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​ផងដែរ ដោយសារតែ​រាជធានី​ភ្នំពេញ​មានការ​កកស្ទះ​ចរាចរណ៍​រាល់ថ្ងៃ​។

​នៅក្នុង​ឱកាស​នោះដែរ លោក ឃួ​ង ស្រេង ក៏បាន​លើកឡើង​ពី​ស្ថានភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ ដោយ លោក​ថា ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​របប​ប៉ុលពត ក្រោយ​ឆ្នាំ​១៩៧៩ ប្រទេសជាតិ​ស្ថិតនៅ​ចំណុចសូន្យ តែ​ក្រោម​ការដឹកនាំ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឱ្យ​ប្រទេស​ដ៏​កម្សត់​មួយ​នេះ មានការ​អភិវឌ្ឍ​រីកចម្រើន​រហូតមកដល់​សព្វថ្ងៃនេះ​។​

​ជាមួយគ្នា​នោះដែរ លោក ហ្សា​ក់ ប៉ឺ​ឡេ បាន​សម្តែង​នូវ​ការកោតសរសើរ​យ៉ាងខ្លាំង​ផងដែរ ចំពោះ​ការអភិវឌ្ឍ​រីកចម្រើន​របស់​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយមាន​សំណង់ អគារ​ខ្ពស់ៗ ជាមួយ​ផ្លូវ​ខ្វាត់ខ្វែង ខុសពី​ឆ្នាំ​១៩៩៥ ដាច់ស្រឡះ​តែម្តង​។

​លោក​បាន​បន្តថា ប្រទេស​កម្ពុជា គឺ​ពិតជា​មានការ​មមាញឹក​ខ្លាំង ចំពោះ​ការរៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់ ដោយសារតែ​ជិត​ដល់​ថ្ងៃ​បោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ នៅ​ថ្ងៃទី​០៥ ខែមិថុនា ខាងមុខនេះ​។ ចំណែក​ប្រទេស​បារាំង​ក៏ត្រូវ​បោះឆ្នោត​នៅ​ថ្ងៃទី​០៥ ខែមិថុនា ខាងមុខ​នេះដែរ​។

​លោក ហ្សា​ក់ ប៉ឺ​ឡេ ស្នើ​សុំឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជួយ​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​ប្រជាពលរដ្ឋ​របស់​បារាំង​នៅ​ភ្នំពេញ ដែល​ត្រូវ​បោះឆ្នោត​ផងដែរ​។​

​លោក ហ្សា​ក់ ប៉ឺ​ឡេ ក៏បាន​ស្នើឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្វើការ​អភិរក្ស​នូវ​បេតិកភណ្ឌ​ចាស់ៗ ដែល​នៅ​សេសសល់ ព្រោះ​វា​ជាការ​ទាក់ទាញ​ភ្ញៀវ​ជាតិ អន្តរជាតិ​មក​ដើរលេង​កម្សាន្ត​នៅ​រាជធានី​ភ្នំពេញ​។ បន្ថែមទៀត​នោះ លោក បានលើកឡើង​ពី​គម្រោង​សិក្សា​កសាង​នូវ​រទេះភ្លើង​ល្បឿន​លឿន នៅ​ភ្នំពេញ​ផងដែរ ក្រោយពី​សិក្សា​រួច​រយៈពេល ១០​ឆ្នាំ​ផងដែរ​។​

​ជាការ​ឆ្លើយតប អភិបាល​រាជធានី​ភ្នំពេញ​រូបនេះ​ក៏បាន​លើកឡើង​ដែរ​ថា ចំពោះ​ស្ថានទូត​បារាំង​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ជួយ​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​គ្រប់បែបយ៉ាង ហើយ​បើ​ស្ថានទូត​ត្រូវ​ការឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជួយ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ជួយ​សម្រួល​គ្រប់​ការងារ ដែល​ស្ថានទូត​បារាំង​ត្រូវការ​ផងដែរ​៕