ភ្នំពេញៈ យ៉ាងហោចណាស់​ជនសង្ស័យ​ចំនួន ​១០​ នាក់​ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​ ៦​ ករណី​នៅ​ទូទាំងប្រទេស​ដោយ​រឹបអូស​វត្ថុតាង​សរុប​បាន​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន ​(Ice)​ ចំនួន​ ៣៩,២២ ​ក្រាម និង ​៣​ កញ្ចប់​តូច​កាលពី​ថ្ងៃទី ​១៩ ខែឧសភា​នេះ​។ នេះ​បើ​យោងតាម​នគរបាលជាតិ​។​

​ក្នុងចំណោម​ជនសង្ស័យ​ទាំង​ចំនួន​១០​នាក់​រួមមាន​អ្នក​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការជួញដូរ​ថ្នាំញៀន​ចំនួន​៣​ករណី ដោយ​ឃាត់ខ្លួន​បាន​៦​នាក់ និង​ការប្រើប្រាស់​ចំនួន​៣​ករណី​ផងដែរ ដែលមាន​៤​នាក់​។​

​ក្នុងចំណោម​៦​ករណីនេះ​មាន​ក្នុង​ខេត្តបាត់ដំបង​, កំពង់ឆ្នាំង​, កំពង់ស្ពឺ​, ក្រចេះ និង​ខេត្តស្វាយរៀង​ជាដើម​។​

​ដោយឡែក​កាលពី​ថ្ងៃទី​១៨ ខែឧសភា​វិញ កម្លាំង​នគរបាល​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣៩​នាក់ ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​១៦​ករណី​ទូទាំងប្រទេស​។ ថ្នាំញៀន​ជាច្រើន​ក្រាម​ក៏ត្រូវ​បានធ្វើ​ការរកឃើញ និង​រឹបអូស​ផងដែរ​៕