​ភ្នំពេញៈ កម្ពុជា និង​អាមេរិក​បង្ហាញ​ឆន្ទ​:​ក្នុងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​យោធា​បន្ថែមទៀត​នៅពេល​ខាងមុខ និង​ប្តេជ្ញា​បន្ត​បង្កើន​ភាពជឿ​ទុកចិត្តរ​វាង​កងទ័ព​នៃ​ប្រទេស​ទាំង​២​។

​ការបង្ហាញ​ឆន្ទៈ និង​ការប្តេជ្ញា​នេះ​ធ្វើឡើង​ក្នុងជំនួប​រវាង​លោក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ជាមួយ​លោកស្រី Lori Abele នាយក​គោលនយោបាយ​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍​នៃ​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​១៨ ខែឧសភា​។​

​ក្នុងជំនួប​នោះ ភាគី​ទាំង​២​បាន​ពិភាក្សាគ្នា​ពី​កិច្ចសហប្រតិបត្តិការ​មួយចំនួន ជាពិសេស កិច្ចសហប្រតិបត្តិការ​យោធា​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​២​។​

​សេចក្តីប្រកាស​ព័ត៌មាន​នាយកដ្ឋាន​ព័ត៌មាន​ក្រសួងការពារជាតិ​កម្ពុ​ជា​បញ្ជាក់ថា​៖ «​ភាគី​ទាំង​២​បាន​វាយតម្លៃ​ខ្ពស់​លើ​កិច្ចសហប្រតិបត្តិការ​ដែល​មាន​កន្លងមក និង​បានបង្ហាញ​ឆន្ទ​:​ក្នុងការ​រក្សា ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​យោធា​បន្ថែមទៀត​នៅពេល​ខាងមុខ និង​ការបន្ត​បង្កើន​ភាពជឿ​ទុកចិត្តរ​វាង​កងទ័ព​នៃ​ប្រទេស​ទាំង​២​ផងដែរ​»​។

​លោក ហ៊ុន ម៉ា​ណែ​ត អរគុណ​រដ្ឋាភិបាល និង​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក ដែល​បាន​ជួយឧបត្ថម្ភ និង​បណ្តុះបណ្តាល​ដល់​កងទ័ព​កម្ពុជា​កន្លងមក ខណៈ​លោកស្រី Lori Abele ក៏បាន​អរគុណ​កម្ពុជា ដែល​បាន​ចូលរួម​ជាមួយ​សហរដ្ឋ​អាមេរិក ក្នុង​កិច្ចការ​សន្តិសុខ​កន្លង​មក​ផងដែរ​៕