មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងបរិស្ថាន បាន​លើកឡើងថា មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​ជា​មន្ត្រីនគរបាល​យុត្តិធម៌​ដើរតួនាទី​សំខាន់​ក្នុងការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ទាំង​ការចុះ​ល្បាត បង្ក្រាប និង​ទប់ស្កាត់​បទល្មើស និង​ការអនុវត្ត​ច្បាប់​ប្រឆាំងនឹង​បទល្មើស ដែល​បាន​កើតឡើង នៅក្នុង​តំបន់ការពារធម្មជាតិ​។​

​នេះ​ជាការ​ថ្លែង​របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ក្រុមការងារ​ប្រឆាំង​ការសម្អាត​ប្រាក់ នៃ​ក្រសួងបរិស្ថាន នា​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២២ ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ជា​មន្ត្រីនគរបាល​យុត្តិធម៌ និង​មន្ត្រី​អនុវត្ត​ច្បាប់​ចំនួន ៥០ រូប របស់​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី​។​

​ការបណ្តុះបណ្តាល​នេះ​ស្តីអំពី​គោលការណ៍​ណែនាំ​ស្តីពី​បែបបទ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​សម្រាប់​ស៊ើបអង្កេត និង​ការរៀបចំ​សំណុំរឿង​សម្អាង​បទល្មើស និង​បទល្មើស​សម្អាត​ប្រាក់​ដែល​ពន្លាត​ចេញពី​បទល្មើស​ដើម​នៃ​បទល្មើស​ធនធានធម្មជាតិ​។

​លោក​បាន​ថ្លែងថា ៖ «​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំងអស់​មិនមែន​ត្រឹមតែ​ជា​បំពេញ​តួនាទី​ភារកិច្ច​តាម​ឯកសណ្ឋាន​របស់ខ្លួន ក្នុងការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​នោះទេ ប៉ុន្តែ​ក៏​បំពេញ​តួនាទី​ជា​ឪពុកម្តាយ​ជីដូន​ជីតា ក្នុងការ​ការពារ​និង​អភិរក្ស​ព្រៃឈើ​សត្វព្រៃ និង​ធនធានធម្មជាតិ​ផ្សេងទៀត​ដើម្បី​បន្សល់ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង​រាប់​ជំនាន់​ទៀត​»​។​

​គួរ​បញ្ជាក់ថា ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំងនឹង​បទល្មើស​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ពាក់ព័ន្ធ​នឹង​បទល្មើស​ធនធានធម្មជាតិ ក្រសួងបរិស្ថាន បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ​របស់​រាជរ​ដ្ឋា​ភិ​បាល ដើម្បី​ពង្រឹង​យន្តការ និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការទប់ស្កាត់​បទល្មើស​នៃ​ការសម្អាត​ប្រាក់​។

​រហូតមកដល់​ពេលនេះ មន្ត្រីនគរបាល​យុត្តិធម៌​ជាច្រើន​រយ​នាក់​នៃ​មន្ទីរ​បរិស្ថាន​ចំនួន ៦ ដែលមាន​តំបន់ការពារធម្មជាតិ បានទទួល​ការបណ្តុះបណ្តាល​គោលការណ៍​ណែនាំ​ស្តីពី​បែបបទ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​សម្រាប់​ស៊ើបអង្កេត និង​ការរៀបចំ​សំណុំរឿង​សម្អាង​បទល្មើស និង​បទល្មើស​សម្អាត​ប្រាក់​ដែល​ពន្លាត​ចេញពី​បទល្មើស​ដើម​នៃ​បទល្មើស​ធនធានធម្មជាតិ​។

​ខេត្តរតនគិរី​គឺជា​ខេត្ត ទី​៦ បន្ទាប់ពី​ខេត្តកំពង់ស្ពឺ ខេត្ត​កែប ខេត្តកំពត ខេត្តក្រចេះ ស្ទឹងត្រែង ដែល​ក្រសួងបរិស្ថាន​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ក្នុង​គោលបំណង ដើម្បី​ពង្រឹង​យន្តការ និង​បង្កើន​សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់​ប្រឆាំងនឹង​បទល្មើស​នៃ​ការសម្អាត​ប្រាក់​។​

​លោក នេត្រ ភក្ត្រា បាន​បន្តថា ក្រសួងបរិស្ថាន​មាន​មន្ត្រីនគរបាល​យុត្តិធម៌ និង​មន្ត្រី​អនុវត្ត​ច្បាប់​សរុប​ជាង ១២០០ នាក់​ដែល​ត្រូវ​ទទួល​ការបណ្តុះបណ្តាល​ពង្រឹងសមត្ថភាព ក្នុង​កិច្ចការ​ប្រឆាំងនឹង​ការសម្អាត​ប្រាក់​។

​មន្ត្រី​បរិស្ថាន​រូបនេះ ក៏បាន​ជំរុញ​ឱ្យ​មន្ត្រីនគរបាល​យុត្តិធម៌ និង​មន្ត្រី​អនុវត្ត​ច្បាប់ ត្រូវតែ​បង្កើន​ការយកចិត្តទុកដាក់ និង​បន្ត​អនុវត្ត​ច្បាប់​ឱ្យបាន​ហ្មត់ចត់ និង​ប្រកបដោយ​ការទទួលខុសត្រូវ និង​វិជ្ជាជីវៈ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​កិច្ចការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​ជាពិសេស​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ទាក់ទង​នឹង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ពាក់ព័ន្ធ​នឹង​បទល្មើស​ធនធានធម្មជាតិ​៕​