ភ្នំពេញៈ ​សហភាព​អឺរ៉ុប​បាន​ត្រៀម​កញ្ចប់​ហិរញ្ញប្បទាន​ប្រមាណ ១ ៤៣២,៦៣ ​លាន​អឺរ៉ូ​ ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ​អឺរ៉ុប​រួម​ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​នៅ​កម្ពុជា ឆ្នាំ​ ២០២១-២០២៧ ដោយ​ផ្តោត​សំខាន់​លើ​ការពង្រឹង​ការស្ដារ​សង្គម សេដ្ឋកិច្ច ព្រមទាំង​បញ្ហា​អន្តរវិស័យ រួមមាន សិទ្ធិមនុស្ស សមភាព​យេនឌ័រ​, ភាព​អង់អាច​របស់​ស្ត្រី និង​យុវជន​, ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​នៃ​កិច្ចប្រជុំ​ពិភាក្សា​លើ​យុទ្ធសាស្ត្រ​អឺរ៉ុប​រួម​ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​នៅ​កម្ពុជា ឆ្នាំ​ ២០២១-២០២៧ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​អឺរ៉ុប​ថ្ងៃទី​ ១៨ ខែឧសភា​ឆ្នាំ ​២០២២ ដែល​ដឹកនាំ​ដោយ លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​គណៈកម្មាធិការ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍-​កម្ពុជា និង​លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​។

កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ​មកពី​ក្រសួង-​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​ចំនួន​ ២៩ ​ស្ថាប័ន និង​ឯកអគ្គរដ្ឋទូត​,​មន្ត្រីជាន់ខ្ពស់​ស្ថានទូត និង​ប្រធាន​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​នៃ​សហភាព​អឺរ៉ុប បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប និង​ស្វ៊ីស​ប្រមាណ​ ១០ ​ប្រទេស​ក្នុង​គោលដៅ​​ចម្បង​ដើម្បី​ពិភាក្សា​លើ​យុទ្ធសាស្ត្រ​អឺរ៉ុប​រួម​ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​នៅ​កម្ពុជា​ឆ្នាំ​ ២០២១-២០២៧​។

តាមរយៈ​យុទ្ធសាស្ត្រ​នេះ​ដៃគូ​អឺរ៉ុប​នឹង​ផ្តោតលើ​វិស័យ​អាទិភាព​ចំនួន​ ៦​ រួមមាន​ ១-​ ការពង្រឹង​គណនេយ្យភាព​តាមបែប​ប្រជាធិបតេយ្យ ២- ​ការជំរុញ​ការចូលរួម​តាមបែប​ប្រជាធិបតេយ្យ ៣- ​ការអភិវឌ្ឍ​ធនធានមនុស្ស ៤- ​ការពង្រឹង​ភាពប្រកួតប្រជែង​កម្ពុជា​ក្នុង​ទីផ្សារ​តំបន់ និង​សកល ៥- ​ការលើកកម្ពស់​ការអភិវឌ្ឍ​បៃតង​ប្រកប​ដោយ​ចីរភាព និង​ ៦-​ ការពង្រឹង​កិច្ចអភិរក្ស​បេតិកភណ្ឌ​វប្បធម៌​កម្ពុជា​។

បន្ថែម​លើ​នេះ យុទ្ធសាស្ត្រ​អឺរ៉ុប​រួម​ក៏​នឹង​ចូលរួម​ក្នុងការ​ជំរុញ​ឌីជីថល​ភាវូបនីយកម្ម​នៅ​កម្ពុជា និង​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការធានា​ឱ្យបាន​នូវ​ដំណោះស្រាយ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ប្រកប​ដោយ​ចីរភាព និង​សមិតភាព និង​អនុលោមភាព​តាម​បទដ្ឋាន និង​ស្តង់ដា​អន្តរជាតិ ជាពិសេស​លើ​ការការពារ​ទិន្នន័យ​។

លោក Jacques Pellet ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​ដែលជា​ប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​ថ្លែងថា យុទ្ធសាស្ត្រ​ថ្មី​នេះ​មាន​សង្គតិភាព​ជាមួយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ដៃគូ​អឺរ៉ុប​បានកំណត់​អាទិភាព​ជា​សកល​លើ​ការលើកកម្ពស់​ថាមពលបៃតង​, ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ពហុភាគី និង​ការគោរព​សណ្ដាប់ធ្នាប់​សកល​ដែល​ផ្អែក​តាមច្បាប់​។

លោក​ថ្លែងថា​៖ «​យុទ្ធសាស្ត្រ​ថ្មី​នេះ​នឹង​រួមចំណែក​ដល់​ការអនុវត្ត​របៀបវារៈ​ឆ្នាំ​ ២០៣០ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ក៏ដូចជា ផ្តល់​ការគាំទ្រ​ដល់​កម្ពុជា​ក្នុងការ​ពង្រឹង​ការតភ្ជាប់​ក្នុង​តំបន់​អាស៊ាន ព្រមទាំង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សមាហរណកម្ម​ក្នុង​តំបន់ និង​សកល​»​។

លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បានបញ្ជាក់​ពី​ភាពចាំបាច់ និង​ភាពពាក់ព័ន្ធ​របស់​យុទ្ធសាស្ត្រ​អឺរ៉ុប​រួម​ក្នុងការ​អនុវត្ត​គោលនយោបាយ​របស់​សហភាព-​អឺរ៉ុប​នៅ​កម្ពុជា​ដែល​ក្នុងនោះ​រួមមាន យុទ្ធសាស្ត្រ ឥណ្ឌូប៉ាស៊ីហ្វិក ឬ​យុទ្ធសាស្ត្រ​ច្រក​សកល​។

លោកស្រី បន្ថែមថា យុទ្ធសាស្ត្រ​អឺរ៉ុប​រួម​ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​នៅ​កម្ពុជា ឆ្នាំ ​២០២១-២០២៧ នឹង​គាំទ្រ​ដៃគូ​អឺរ៉ុប និង​កម្ពុជា​, រដ្ឋាភិបាល​, សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ក្នុង​ការបង្កើន​ភាព​ផ្សារភ្ជាប់​ប្រកបដោយ​ចីរភាព ស្របតាម​ស្តង់ដា​បរិស្ថាន និង​សង្គម​។

លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​សហប្រធាន​នៃ​កិច្ច​ប្រជុំបាន​ស្វាគមន៍ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​យុទ្ធសាស្ត្រ​អឺរ៉ុប​រួម​ដែលជា​ក្របខ័ណ្ឌ​គោលនយោបាយ​រួម​របស់​​សហភាព​អឺរ៉ុប និង​ប្រទេស​សមាជិក​ដែល​តម្រឹម​ជាមួយ​នឹង​គោលនយោបាយ​អភិវឌ្ឍន៍​របស់​កម្ពុជា ព្រមទាំង​រំលេច​ពី​ការប្ដេជ្ញា​របស់​ដៃគូ​អឺរ៉ុប​ក្នុង​ការរួម​ចំណែក​ដល់​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​នៅ​កម្ពុជា​៕