បាត់ដំបងៈ ស្ថាប័នពាក់ព័ន្ធបានធ្វើការបើកវគ្គផ្សព្វផ្សាយ ស្វែងយល់អំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនដល់សិស្សនិស្សិតចំនួន ១៥០ អង្គ-នាក់នៅក្នុងសាកលវិទ្យាល័យបៀលប្រាយស្ថិតក្នុងភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបងកាលពីថ្ងៃទី ១៨ ខែឧសភានេះ។
យោងតាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងកាលពីថ្ងៃទី ១៩ ខែឧសភាបានឱ្យដឹងថា លោក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបងបានចូលរួមក្នុងកម្មវិធីបើកវគ្គផ្សព្វផ្សាយស្តីពីផលប៉ះពាល់នៃគ្រឿងញៀននេះ។ លោកបានលើកឡើងពីខ្លឹមសារស្តីពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនដល់សិស្សនិស្សិត ដើម្បីឱ្យបានជ្រាប និងយល់ដឹងកាន់តែច្បាស់ ហើយបន្តផ្សព្វផ្សាយដល់ក្រុមគ្រួសារ និងបងប្អូនរបស់ពួកគាត់ នៅក្នុងសហគមន៍ដែលគាត់រស់នៅ។
ក្រៅពីបានយល់ដឹងនូវផលប៉ះពាល់នៃគ្រឿងញៀន អ្នកចូលរួមត្រូវបានជំរុញឱ្យចូលរួមផ្តល់ព័ត៌មានមកអាជ្ញាធរមូលដ្ឋាន ឬ សមត្ថកិច្ចពីក្រុមជួញដូរ ចែកចាយនិង ប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋានដែលគាត់រស់នៅ។ ក្នុងនោះសមត្ថកិច្ចត្រូវរក្សាការសម្ងាត់ជូនពួកគាត់គ្រប់ពេលវេលាផងដែរ។
ការរៀបចំវគ្គផ្សាព្វផ្សាយនេះឡើងក៏ដើម្បីឱ្យពួកគាត់ចូលរួមទាំងអស់គ្នា ដើម្បីកសាងជីវិត និងសហគមន៍គ្មានគ្រឿងញៀនឱ្យសមស្របនឹងពាក្យស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀនថា «បីកុំ មួយរាយការណ៍» គឺកុំពាក់ព័ន្ធ, កុំអន្តរាគមន៍ និងកុំលើកលែង។ ចំពោះមួយរាយការណ៍គឺ ត្រូវរាយការណ៍ ផ្តល់ព័ត៌មានដល់សមត្ថកិច្ច៕