គម្រោង «​កិច្ចគាំពារ​សង្គម​ប្រកប​ដោយ​បរិយាបន្ន​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ​» (​ហៅ​កាត់​ថា INSPIRE) នឹង​ដាក់ឱ្យអនុវត្ត​នៅ​ដើម​សប្តាហ៍​ក្រោយ ដោយ​អង្គការ​អុកស្វាម និង​មូលនិធិ Laudes Foundation ក្នុង​គោលបំណង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ពង្រឹង​កិច្ច​គាំពារ​សង្គម​ប្រកប​ដោយ​បរិយាបន្ន​សម្រាប់​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម កាលពី​ថ្ងៃទី ​១៩ ខែឧសភា បានឱ្យដឹងថា អង្គការ​អុកស្វាម សហការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សហជីព​-​សហភាព​កម្មករ​ចំនួន​បួន អនុវត្ត​គម្រោង​មួយ​ដែលមាន​ឈ្មោះថា «​កិច្ច​គាំពារ​សង្គម​ប្រកប​ដោយ​បរិយាបន្ន​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ​»​។

គម្រោង​នេះ អនុវត្ត​រួមគ្នា​ជាមួយ​ដៃគូ និង​អ្នកពាក់ព័ន្ធ​ពី​ឆ្នាំ​ ២០២២ រហូតដល់​ឆ្នាំ​ ២០២៥ ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការលើកកម្ពស់​កិច្ចគាំពារ​សង្គម​ប្រកប​ដោយ​បរិយាបន្ន​សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​។

តាមរយៈ​ការប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា គម្រោង INSPIRE នេះ​នឹង​ជួយ​ពង្រឹង​ និង​ពង្រីក​គោលនយោបាយ ប.ស.ស និង​ជួយ​ជ្រោមជ្រែង​រាជរដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​សេសសល់​មួយចំនួន​ទៀត ក្នុងចំណោម​កម្មករនិយោជិត ជាពិសេស​កម្មករនិយោជិត​កិច្ចសន្យា​ក្នុង​វិស័យ​កាត់ដេរ​រួមមាន​៖ កង្វះ​លទ្ធភាព​ទទួលបាន​ព័ត៌មាន​អំពី​កិច្ចគាំពារ​សង្គម និង​អត្ថប្រយោជន៍ កង្វះ​ការអនុលោម​តាមច្បាប់​កំណត់​ក្នុង​ចំណោម​និយោជក​ឧស្សាហកម្ម​កាត់ដេរ និង​កម្រិត​គុណភាព​នៃ​សេវាកម្ម​កិច្ច​គាំពារ​សង្គម​ដែល​ផ្តល់​ដល់​កម្មករនិយោជិត​វិស័យ​កាត់ដេរ​។

លោកស្រី ភាណ សោភ័ណ នាយិកា​អង្គការ​អុកស្វាម​បាន​លើកឡើងថា អង្គការ​អុកស្វាម ប្តេជ្ញា​ធ្វើការ​ជាមួយ និង​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​ពាក់ព័ន្ធ​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ និង​វិសមភាព​ក្នុងចំណោម​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ ជាពិសេស​កម្មករ​និយោជិត​កិច្ចសន្យា​ដែល​ភាគច្រើន​ជា​នារី ដើម្បី​ធានា​លទ្ធភាព​របស់​ពួកគេ​ក្នុង​ការទទួល​បាន​កិច្ច​គាំពារ​សង្គម ប្រកបដោយ​បរិយាបន្ន​។

លោកស្រី​បាន​ថ្លែងថា៖ «​ការទទួល​បាន​ការគាំពារ​សង្គម គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​កម្មករនិយោជិត និង​ក្រុមគ្រួសារ​របស់​ពួកគេ ព្រោះ​វា​ជួយ​ទ្រទ្រង់​សុខុមាលភាព​របស់​ពួកគេ បង្កើន​ភាពធន់ និង​កាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះមហន្តរាយ ឬ​ជំងឺ​រាតត្បាត​ជាសកល​ជាដើម​»​។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​លើ​កិច្ចគាំពារ​សង្គម​សម្រាប់​ពលរដ្ឋ​ទាំងអស់​គ្នា​។ ការយកចិត្ត​ទុកដាក់​នេះ គឺ​សបញ្ជាក់​ឱ្យ​ឃើញ​តាមរយៈ ការផ្តួចផ្តើម​អនុវត្ត​គោលនយោបាយ​គាំពារ​សង្គម​មួយចំនួន ជាពិសេស​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប.ស.ស​) ដែល​បានផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ​។ តាមរយៈ​គោលនយោបាយ​នេះ កម្មករនិយោជិត​អាច​ទទួលបាន​សេវា​ថែទាំ​សុខភាព និង​ត្រូវបាន​គាំពារ​ពី​ការរង​របួស​នៅ​កន្លែងធ្វើការ ដែល​មាន​សារៈសំខាន់​ណាស់​ចំពោះ​សុខុមាលភាព និង​ភាពធន់​របស់​ពួកគេ​។

ជាក់ស្តែង​របាយការណ៍​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម ឆ្នាំ ​២០២០ បានកត់សម្គាល់​ឃើញថា កម្មការិនី​កាត់ដេរ​សរុប​ចំនួន ៨ ម៉ឺន​នាក់​បានទទួល​ប្រាក់ឧបត្ថម្ភ​មាតុភាព​ពី​រដ្ឋាភិបាល​ដែលមាន​ទឹកប្រាក់​សរុប​ប្រមាណ​ជា ៧,៩ លាន​ដុល្លារ​អាមេរិក​។ បន្ថែម​លើ​នេះ​ទៀត នៅពេល​កម្ពុជា​រង​សម្ពាធ​ខ្លាំង​ពី​ការ​រាតត្បាត​នៃ​វីរុស​កូវីដ​ ១៩ កម្មករនិយោជិត​ដែល​បាត់បង់​ការងារ​ក៏ត្រូវ​បានផ្តល់​ការគាំទ្រ​ក្នុង​ទម្រង់​ជា​សាច់ប្រាក់​ផងដែរ​។

លោក Jill Tucker ប្រធាន​កម្មវិធី​សិទ្ធិ​ពលកម្ម របស់​មូលនិធិ Laudes Foundation មានប្រសាសន៍​ថា​៖ «​គោលនយោបាយ​សន្តិសុខ​សង្គម​ដូចជា ប.ស.ស បាន​ចូលរួមចំណែក​ជួយ​ពង្រឹង​កិច្ចសន្យា​សង្គម និង​ផ្តល់​ការការពារ​ជា​មូលដ្ឋាន​ដល់​កម្មករនិយោជិត ដើម្បី​ស្នើសុំ​ការគាំទ្រ និង​កិច្ច​គាំពារ​ពេល​ពួកគេ​មាន​ជំងឺ ជួប​គ្រោះថ្នាក់​នៅ​កន្លែង​ធ្វើការ ឬ​រង​ផលប៉ះពាល់​ដោយ​វិបត្តិ​សេដ្ឋកិច្ច​ជាដើម​»​។

លោក​បាន​បន្តថា ការបំពេញ​តាម​កិច្ចសន្យា​នេះ​បាន​ជំរុញ​ឱ្យ​សំឡេង​កម្មករ​មាន​ភាព​ជា​តំណាង​កាន់តែ​ប្រសើរ​ឡើង និង​ឆ្លុះបញ្ចាំង​នៅក្នុង​កិច្ចពិភាក្សា​អំពី​គោលនយោបាយ​នានា​។

លោក Jill Tucker បាន​បន្ថែមថា តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​អុកស្វាម​លើ​គម្រោង INSPIRE នេះ យើងខ្ញុំ​ជឿជាក់ថា​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​នឹងមាន​លទ្ធភាព​កាន់តែ​ច្រើនឡើង​ ដើម្បី​ប្រើប្រាស់ និង​ទទួលបាន​អត្ថប្រយោជ៍​នានា​តាមរយៈ​គោលនយោបាយ​ ប.ស.ស​។

គួរ​បញ្ជាក់ថា គម្រោង «​កិច្ច​គាំពារ​សង្គម​ប្រកប​ដោយ​ដោយ​បរិយាបន្ន​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ​» (​ហៅ​កាត់​ថា INSPIRE) គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​រវាង​អង្គការ​អុកស្វាម មូលនិធិ Laudes Foundation និង​អង្គការ-​សហជីព​ចំនួន ៤ ​ផ្សេងទៀត​។

គម្រោង​នេះ​នឹងត្រូវ​អនុវត្ត​រួមគ្នា​ជាមួយ​អង្គការ និង​សហជីព​ចំនួន​បួន​ផ្សេងទៀត​មានដូចជា​៖ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL), សហភាព​ការងារ​កម្ពុជា (CLC), សហព័ន្ធ​សហជីព​កម្ពុជា (CATU), និង​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (C.CAWDU)៕