គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប​) បាន​ស្នើសុំ​កិច្ចសហការ និង​ចាត់វិធានការ​ ដើម្បី​បង្ការ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ឬ​ព័ត៌មាន​ដែលមាន​លក្ខណៈ​ញុះញង់​ពី​អគ្គស្នងការ​នគរបាល​ជាតិ​ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ ​ខាងមុខនេះ​។

យោងតាម​លិខិត លោក ទេព នីថា អគ្គលេខាធិការ​ គ.ជ.ប ផ្ញើជូន​លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ សម្រាប់​ការបោះឆ្នោត​ដោយ​ស្នើសុំ​កិច្ចសហការ​ពី​លេខាធិការដ្ឋាន​នៃ​គណៈបញ្ជាការ​សន្តិសុខ អចិន្ត្រៃយ៍​សម្រាប់​ការបោះឆ្នោត ពិនិត្យ និង​ចាត់វិធានការ​តាម​សមត្ថកិច្ច និង​តាមច្បាប់​ជា​ធរមាន​។

លោក ទេព នីថា បាន​លើកឡើង​ថា៖ «​ដើម្បី​ធានា​ឱ្យ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី ​៥ ឆ្នាំ​ ២០២២ ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ ប្រកប​ដោយ​បរិយាកាស​ស្ងប់ស្ងាត់ មាន​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ គ្មាន​អំពើហិង្សា គ្មាន​ការគំរាម​កំហែង គ្មាន​ការបំភិតបំភ័យ គ.ជ.ប ស្នើសុំ​កិច្ចសហការ​ពី​លេខាធិការដ្ឋាន​នៃ​គណៈបញ្ជាការ​សន្តិសុខ អចិន្ត្រៃយ៍​សម្រាប់​ការបោះឆ្នោត ពិនិត្យ និង​ចាត់វិធានការ​តាម​សមត្ថកិច្ច និង​តាមច្បាប់​ជា​ធរមាន​»​។

លោក​បាន​បន្តថា ដើម្បី​បង្ការ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ឬ​ព័ត៌មាន​ដែលមាន​លក្ខណៈ​ញុះញង់​នាំឱ្យមាន​ចលាចល​ដល់​វិស័យ​ការពារជាតិ សន្តិសុខ​ជាតិ ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ សេដ្ឋកិច្ចជាតិ សណ្តាប់ធ្នាប់​សាធារណៈ ការរើសអើង វប្បធម៌ ប្រពៃណីជាតិ និង​ធ្វើឱ្យ​បាត់​ទំនុកចិត្ត​លើ​ការសម្ងាត់​នៃ​ការបោះឆ្នោត ការប្រមាថ​ជា​សាធារណៈ​ចំពោះ​គណបក្ស​នយោបាយ​ណាមួយ ឬ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ឬ​ញុះញង់​ឱ្យមាន​ការរើសអើង​ទៅលើ​សមាជិក​នៃ​ជាតិ​ពន្ធ ក្រុម​ជាតិ ពូជសាសន៍ ឬ​នៃ​សាសនា​ណាមួយ​ជា​កំណត់​នៅក្នុង​សម័យ​បោះឆ្នោត​នេះ​។

គួរ​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃទី​ ៥ ខែមិថុនា ឆ្នាំ ២០២២ ជា​កាលបរិច្ឆេទ​សម្រាប់​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ អាណត្តិ​ទី ​៥ ខណៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប.) បាន​ត្រៀមលក្ខណៈ​រួចជាស្រេច​សម្រាប់​រៀបចំ​ការបោះឆ្នោត​នេះ​ផងដែរ​៕

វីដេអូ៖