ព្រះសីហនុៈ ជន​រងគ្រោះ​ក្នុង​ឧប្បត្តិហេតុ​ជណ្តើរ​យន្ត​ឡើង​លើ​អគារ​កំពុង​សាងសង់​ក្នុង​ក្រុង​ព្រះសីហនុ​ម្នាក់​ទៀត​បាន​ស្លាប់ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ដល់ ៤ នាក់។

មនុស្ស ៣ នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​ក្នុង​ឧប្បត្តិហេតុ​ជណ្តើរ​យន្ត​ពេល​ពួក​គេ​កំពុង​តែ​ធ្វើ​ការ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី ២០ ខែ​ឧសភា​នោះ។

យោង​តាម​នគរបាល​ជាតិ​បាន​ឱ្យ​ដឹង​ថា ជន​រងគ្រោះ​ទាំង ៥ នាក់​នោះ គឺ​ជា​កម្មករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​អគារ​កំពុង​សាងសង់​មួយ​កន្លែង​ស្ថិត​នៅ​ផ្លូវ​សេតេ ក្នុង​ក្រុម​ទី១១ ភូមិ ២ សង្កាត់​លេខ ៣ ក្រុង​ព្រះសីហនុ។ ពួក​គាត់​បាន​ធ្លាក់​ពី​ជាន់​ទី១៥ ដែល​បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ចំនួន ៣ នាក់។ ក្នុង​នោះ​មាន​ឈ្មោះ វល្ល៌ ភេទ​ប្រុស អាយុ ៥៣ ឆ្នាំ មាន​ស្រុក​កំណើត​ភូមិ ៣ សង្កាត់​លេខ ៣ ខណ្ឌ​មិត្តភាព ខេត្ត​ព្រះសីហនុ, ឈ្មោះ នូ ស៊ីនួន ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ មាន​ស្រុក​កំណើត ភូមិ ៣ សង្កាត់​លេខ ៣ ខណ្ឌ​មិត្តភាព ខេត្ត​ព្រះសីហនុ, និង​ឈ្មោះ រ៉ាន ភាស់ ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ មាន​ស្រុក​កំណើត​ភូមិ​គោកមន ឃុំគោកមន ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ។

ដោយ​ឡែក​ជន​រងគ្រោះ ២ នាក់​ផ្សេង​ទៀត​មាន​ឈ្មោះ សយ ម៉ាលីស ភេទស្រី អាយុ ៣៨ ឆ្នាំ មាន​ស្រុក​កំណើត​ភូមិព្រៃផ្គាំ ឃុំព្រៃផ្គាំ ស្រុក​អង្គរបូរី ខេត្ត​តាកែវ និង​ឈ្មោះ ហេង សីហា អាយុ ២៨ ឆ្មាំ មាន​ស្រុក​កំណើត​ខេត្ត​កំពង់ឆ្នាំង។

ដោយសារ​តែ​របួស​ធ្ងន់ធ្ងរ​ពេក ឈ្មោះ សយ ម៉ាលីស ក៏​បាន​ស្លាប់ ក្រោយ​ពី​បញ្ជូន​ដល់​មន្ទីរពេទ្យ​មួយ។ រីឯ​ជន​រងគ្រោះ​ចុង​ក្រោយ​នោះ​កំពុង​តែ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។

សាកសព​បាន​រក្សា​ទុក​បណ្ដោះអាសន្ន នៅ​សាល​តម្កល់​សពមន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ដើម្បី​ធ្វើ​នីតិវិធី​បន្ត​ទៀត៕