ភ្នំពេញៈ អាជ្ញាធរ​មីន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ពន្លឿន​ការគាំទ្រ​ដល់​សកម្មភាព​បោសសំអាត​មីន​ ដើម្បី​សម្រេចបាន​គោលដៅ​គ្មាន​មីន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ​២០២៥ ខណៈ​កម្ពុជា​ត្រូវការ​រំដោះ​ផ្ទៃដី​មាន​មីន​ដែល​បានដឹង​ចំនួន​ជាង​ ៧០០ ​គីឡូម៉ែត្រ​ក្រឡា​ត្រឹម​ឆ្នាំ​ ២០២៥ នេះ​។

លោក លី ធុជ ទេសរដ្ឋមន្ត្រី និង​អនុប្រធាន​ទី​ ១ ​អាជ្ញាធរ​មីន​ថ្លែងថា ដើម្បី​បំពេញ​កាតព្វកិច្ច​របស់​កម្ពុជា​ក្រោម​អនុសញ្ញា​ហាមប្រាម​មីន​ប្រឆាំង​មនុស្ស អាជ្ញាធរ​មីន​ត្រូវ​បោសសម្អាត​ដី​ដែលមាន​មីន​ប្រហែល​ ៧៣៦ គីឡូម៉ែត្រ​ក្រឡា​នៅ​ឆ្នាំ​ ២០២៥​។

លោក​ថ្លែងថា​៖ «​ទោះបី​ជាមាន​មហិច្ឆតា​ក៏ដោយ ប៉ុន្តែ​កាលកំណត់​ឆ្នាំ ​២០២៥ គឺជា​គោលដៅ​ដែល​អាច​សម្រេចបាន ប្រសិន​បើ​រាជរដ្ឋាភិបាល​កម្ពុជា សហគមន៍​ម្ចាស់ជំនួយ​អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន​ធ្វើការ​រួមគ្នា និង​ពន្លឿន​ការគាំទ្រ​របស់​ពួកគេ​ចំពោះ​សកម្មភាព​មីន​»​។

លោក​ថ្លែង​ដូច្នេះ​ក្នុង​វេទិកា​កិច្ចសន្ទនា​កម្រិត​ខ្ពស់​ស្តីពី​សកម្មភាព​មីន នា​ថ្ងៃទី​ ២០ ខែឧសភា ដើម្បី​ពង្រីក​ និង​លើកកម្ពស់​ភាពជា​ដៃគូ​ឆ្ពោះទៅរក​កម្ពុជា​គ្មាន​មីន​ឆ្នាំ ២០២៥ នៅ​ខេត្ត​សៀមរាប​ដោយ​អាជ្ញាធរ​មីន និង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ធ្វើជា​សហប្រធាន​ដឹកនាំ​។

លោក លី ធុជ ថ្លែងថា​៖ «​ការបរិច្ចាគ​របស់​អ្នកនឹង​ធ្វើឱ្យ​ប្រទេស​កម្ពុជា​រួច​ផុតពី​ផលប៉ះពាល់​យ៉ាងខ្លាំង​ ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ផ្សេងទៀត​។ យើង​មិន​ត្រឹមតែ​ស្នើសុំ​ការបរិច្ចាគ​ដ៏សប្បុរស​របស់​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​ចង់បាន​ជំនួយ​របស់​អ្នក​ក្នុង​ការរៃអង្គាស​ថវិកា និង​ធ្វើការ​ជាមួយ​យើង​លើ​មធ្យោបាយ​ថ្មី​ក្នុង​ការ​រៃអង្គាស​ថវិកា​នៅក្នុង​ប្រទេស​ផងដែរ ដើម្បី​រ៉ាប់រង​រាល់​ការចំណាយ​ទាំងអស់​ ដើម្បី​បោសសម្អាត សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ទាំងអស់​នៅ​កម្ពុជា​»​។

គណៈប្រតិភូ​នៃ​វេទិកា​កិច្ចសន្ទនា​កម្រិត​ខ្ពស់​ស្តីពី​សកម្មភាព​មីន ដែល​មាន​តំណាង​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ចុះ​ទស្សនកិច្ច​នៅ​សារៈមន្ទីរ​សន្តិភាព​សកម្មភាព​កំចាត់មីន​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​) ដើម្បី​ស្វែងយល់​អំពី​សមិទ្ធផល​ការងារ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា ដែល​ជា​លទ្ធផល​បានមកពី​មរតក​នៃ​សង្គ្រាមរ៉ាំរ៉ៃ​អស់​រយៈពេល​ជាង ៣ ​ទសវត្សរ៍​នៅ​កម្ពុជា​។

លោក លី ធុជ ថ្លែងថា មជ្ឈមណ្ឌល​ស៊ីម៉ាក់​បាន​ធ្វើការ​ក្នុង​ភាពជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មីន ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​សម្របសម្រួល គ្រប់គ្រង និង​ត្រួតពិនិត្យ​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា ក្នុង​ការ​ឆ្លើយតប​នឹង​បញ្ហា​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​៕