ភ្នំពេញៈ ក្រុមហ៊ុន Meta ប្រចាំនៅកម្ពុជាជំរុញឱ្យអ្នកប្រើប្រាស់ហ្វេសប៊ុកចូលរួមរាយការណ៍ពីករណីឆបោកតាមហ្វេសប៊ុក ដើម្បីលុបបំបាត់ការឆបោកតាមហ្វេសប៊ុកនៅកម្ពុជាដោយក្រុមហ៊ុននេះអះអាងថា អ្នកបោកប្រាស់តាមអ៊ីនធឺណិតបានបង្កើនសកម្មភាពរបស់ពួកគេ ហើយសកម្មភាពបោកប្រាស់នេះកាន់តែមានភាពឆ្លាតវៃឡើង។
លោក ហេង ភក្តី ប្រធានផ្នែកគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Meta នៅកម្ពុជា ថ្លែងក្នុងសន្និសីទកាសែតតាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី ១៨ ខែឧសភា ថា៖ «ដើម្បីជួយលុបបំបាត់ការបោកប្រាស់ក្នុងប្រព័ន្ធអ៊ីនធឺណិត ឬប្រព័ន្ធហ្វេសប៊ុកហ្នឹងគឺត្រូវការការចូលរួមពីអ្នកប្រើប្រាស់ទាំងអស់គ្នា។ អ៊ីចឹងគឺយើងផ្តល់ជា Tool [ឧបករណ៍] ដើម្បីឱ្យអ្នកប្រើប្រាស់គឺរាយការណ៍មកក្រុមហ៊ុនប្រសិនបើឃើញ Post ណាមួយ ទំនងជាការបោកប្រាស់»។
លោកថ្លែងថា ការរាយការណ៍ទាំងអស់គឺត្រូវបានរក្សាការសម្ងាត់ដោយក្រុមហ៊ុន Meta មិនអនុញ្ញាតឱ្យអ្នកដទៃស្គាល់ ឬដឹងពីឈ្មោះអ្នកដែលបានរាយការណ៍ពី post នីមួយៗនោះទេ។ ដើម្បីរាយការណ៍ពីករណីឆបោកនេះ អ្នកប្រើប្រាស់គ្រាន់តែចុចលើសញ្ញា ៣ តំណក់ [...] ស្ថិតនៅខាងស្តាំដៃនៃ post នីមួយៗហើយជ្រើសយក report post បន្ទាប់មកនឹងមានការសួរថា តើអ្នកប្រើប្រាស់ចង់រាយការណ៍ពីបញ្ហាអ្វី? ហើយអ្នកប្រើប្រាស់ធ្វើការជ្រើសរើសយកពាក្យ Fraud ឬScam ហើយចុចលើពាក្យ Submit ដើម្បីបញ្ជូនការរាយការណ៍នេះទៅក្រុមហ៊ុន Meta។
លោក ហេង ភក្តី ថ្លែងថា នៅកម្ពុជាការឆបោកតាមប្រព័ន្ធហ្វេសប៊ុកបានកើតឡើងតាមរូបភាពផ្សេងៗគ្នា ដូចជា តាមរយៈការផ្តល់ការងារបានប្រាក់ខែច្រើន មិនចាំបាច់មានបទពិសោធ ការផ្តល់កម្ចីមានលក្ខណៈងាយស្រួល មិនចាំបាច់មានទ្រព្យបញ្ចាំ ល្បែងស៊ីសងដែលបង្ហោះថា ងាយនឹងឈ្នះបន្ទាប់ពីបង់ប្រាក់ហើយ។
លោកបញ្ជាក់ថា៖ «មួយទៀតស្រដៀងល្បែងស៊ីសងដែរ គឺឆ្នោតផ្សងសំណាង។ ចូរបង់ ៥ ដុល្លារ ជួនកាលថា ១ ម៉ឺនរៀល អ៊ីចឹងទៅដើម្បីចូលរួមក្នុងការចាប់ឆ្នោតហ្នឹង រង្វាន់វាមានច្រើន មាន iPhone វាមានកុំព្យូទ័រ មានការធ្វើដំណើរទៅប្រទេសផ្សេង។ល។និង។ល។ អ៊ីចឹងប្រសិនបើយើងឃើញរូបភាពបែបនេះអាចនឹងជាការឆបោក»។
លោក ហេង ភក្តី បានបន្តថា ការឆបោកមួយទៀត គឺតាមរយៈការទិញសេវាផ្សេងៗតាមរយៈអ៊ីនធឺណិតក្នុងតម្លៃថោកក៏បានកើតឡើងញឹកញាប់ដែរនៅកម្ពុជា ឧទាហរណ៍ដូចជា ការឆបោកថា ទិញកម្មវិធីកុំព្យូទ័រ (Software) មួយចំនួនក្នុងតម្លៃ ១០ ដុល្លារអាចប្រើបាន ១ ជីវិត ក៏ប៉ុន្តែបន្ទាប់ពីប្រើបានប្រមាណ ២ ទៅ ៣ ថ្ងៃ កម្មវិធីក្នុងកុំព្យូទ័រនោះប្រើលែងកើតទៅវិញ។
ក្រៅពីនេះ នៅមានការបោកប្រាស់តាមរូបភាពផ្សេងទៀត ដូចជា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការបោកប្រាស់បែបលួងលោមស្នេហា និងការលួចចូលគណនី ដើម្បីលួចយកព័ត៌មានរបស់អ្នកប្រើប្រាស់ជាដើម។
ក្រុមហ៊ុន Meta មានគោលនយោបាយមួយចំនួន ដើម្បីជួយដល់អ្នកប្រើហ្វេសប៊ុកក្នុងការការពារខ្លួនកុំឱ្យចាញ់បោកអ្នកបោកប្រាស់ដែលមានដូចជា ស្តង់ដាសហគមន៍ (Community standard) ដែលក្នុងនោះប្រសិនបើការបង្ហោះណាទំនងជាការបោកប្រាស់គឺក្រុមហ៊ុន Meta នឹងលុបចេញ និងមានឧបករណ៍ (Tool) មួយចំនួនទៀតដែលក្រុមហ៊ុននេះផ្តល់ឱ្យអ្នកប្រើប្រាស់ដោយឥតគិតថ្លៃសម្រាប់រាយការណ៍ក៏ដូចជាសម្រាប់ប្រយ័ត្នប្រយែងចំពោះការបោកប្រាស់នេះ។
ក្នុងរយៈពេល ២ ខែកន្លងមកនេះ ក្រុមហ៊ុន Meta បានដាក់ដំណើរការយុទ្ធនាការប្រឆាំងការបោកប្រាស់ថ្មីមួយក្រោមប្រធានបទ «តោះ! និយាយអំពីការបោកប្រាស់តាមអ៊ីនធឺណិត» ដើម្បីលើកកម្ពស់ការយល់ដឹង និងផ្តល់ដំបូន្មាននិងគន្លឹះសាមញ្ញៗអំពីរបៀបដោះស្រាយការបោកប្រាស់នេះប្រកបដោយទំនុកចិត្ត និងជំរុញបទពិសោធឌីជីថលកាន់តែមានសុវត្ថិភាពជាងមុន។
នៅក្នុងយុទ្ធនាការជាវីដេអូជាសេរីទាំងនេះ ទស្សនិកជនអាចស្វែងយល់អំពីជំហានសុវត្ថិភាពសំខាន់បំផុត ដើម្បីចៀសវាងពីការបោកប្រាស់ មិនថានៅក្នុងពិភពឌីជីថល ឬនៅក្នុងពិភពខាងក្រៅនោះទេ។
យុទ្ធនាការនេះអំពាវនាវឱ្យប្រជាជនចងចាំជំហានសាមញ្ញចំនួន ៣ រួមមាន «កំណត់អត្តសញ្ញាណពិនិត្យ និងរាយការណ៍» ដើម្បីរក្សាការប្រុងប្រយ័ត្នក្នុងការកំណត់អត្តសញ្ញាណផ្ទៀងផ្ទាត់ និងរាយការណ៍អំពីអ្នកបោកប្រាស់លុយកាក់។
ក្រុមហ៊ុន Meta នៅកម្ពុជាបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ១៨ ខែឧសភា ថា រហូតមកទល់ពេលនេះ យុទ្ធនាការនេះបានទទួលជោគជ័យយ៉ាងខ្លាំង ដោយមានមនុស្សជាង ៣,៥ លាននាក់បានប្រើប្រាស់មាតិកានេះ ចូលរួមយ៉ាងសកម្ម និងបានចែករំលែកគន្លឹះខ្លីៗ និងគំនិតជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេ។
កាលពីចុងខែមីនានៅក្នុងវេទិកាតុមូលស្តីពី «ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត» ដែលរៀបចំឡើងដោយក្រុមហ៊ុន Meta នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យារបស់ក្រសួងមហាផ្ទៃ និងក្រុមហ៊ុន Meta បានជំរុញឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធទាំងវិស័យសាធារណៈ និងវិស័យឯកជនធ្វើការបញ្ជ្រាបចំណេះដឹងអំពីការប្រើប្រាស់បណ្តាញសង្គមប្រកបដោយសុវត្ថិភាព ដើម្បីទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិតឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា៕