សៀមរាបៈ បុរស​ជា​ជនជាតិ​អង់គ្លេស​ម្នាក់​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​ និង​បញ្ជូនទៅ​តុលាការ​ខេត្តសៀមរាប ក្រោយពី​បាន​វាយ​ស្ត្រី​ម្នាក់​នឹង​ញញួរ​បណ្តាលឱ្យ​របួស ធ្ងន់ធ្ងរ​កាលពី​ថ្ងៃទី​ ១៨ ​ខែឧសភា​នេះ​។

លោក​ យិន ស្រាង​អ្នកនាំពាក្យ​តុលាការខេត្ត​សៀមរាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​សុក្រ​ទី​ ២០ ​ខែឧសភា​នេះ​ថា ជនជាតិ​អង់គ្លេស​ម្នាក់​នោះ​កំពុងតែ​ត្រូវបាន​តំណាង​អយ្យការ​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​ទៅនឹង​ការប្រើ​ហិង្សា​នោះ​។

យោងតាម​នគរបាលជាតិ​បានឱ្យ ដឹងថា សមត្ថកិច្ច​ខេត្ត សៀមរាប​បាន​ឃាត់ខ្លួន​ជនជាតិ​អង់គ្លេស​ម្នាក់​នោះ ក្រោយពី​បាន​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដោយ​យក​ញញួរ​វាយ​ជនរងគ្រោះ​កាលពី​វេលា​ម៉ោង​ ១៧ ​និង​ ២០​ នាទី ថ្ងៃទី​ ១៨ ខែឧសភា​នេះ​នៅ​ស្ថិតនៅ​ភូមិ​បឹងដូនប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។ ជនសង្ស័យ​មានឈ្មោះ​ JON LEON LOV ភេទ​ប្រុស កើត​ថ្ងៃទី ​០៦-១០-១៩៦៥ ជនជាតិ​អង់គ្លេស គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន គ្មាន​មុខរបរ ហើយ​ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ​។ ប្រភព​ដដែល​បានឱ្យ ដឹងថា ជនសង្ស័យ​បានធ្វើ​សកម្មភាព​យក​ញញួរ ដង​ជ័រ​ក្បាល​ដែក​ទៅ​វាយ​ទៅលើ​ជនរងគ្រោះ​ឈ្មោះ អ៊ុយ សូរិយា ភេទ​ស្រី អាយុ​ ៣៨ ​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​បន្ទប់​ជួល​។ ស្ត្រី​រូប​នោះ បាន​រងរបួស​ត្រង់​ចំ​បបូរមាត់​លើ​ខាងស្តាំ បណ្តាល ឱ្យ​បែក​បបូរមាត់​ហូរឈាម និង​បាក់​ឆ្អឹងថ្គាម​ខាងស្តាំ ហើយ​ត្រូវ​ចំក្បាល​ផ្នែក​ខាងក្រោយ បណ្តាលឱ្យ​ហើមប៉ោង​។ ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​ និង​សមត្ថកិច្ច​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​គ្លីនិក​មួយ​ឈ្មោះ​តាព្រហ្ម​៕