ភ្នំពេញៈ លោក ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ថ្លែង​ថា បច្ចុប្បន្ន​ប្រជាជន​កម្ពុជា​ដែល​រស់នៅ​តាម​តំបន់​ដាច់​ស្រយាល​លែង​ជួប​ការ​លំបាក​ដូច​ពេល​មុនៗ​ទៀត​ហើយ ដោយសារ​ជីវភាព​រស់នៅ​របស់​ប្រជាជន​មាន​ភាព​ធូរធារ និង​ប្រសើរ​ឡើង​ជា​លំដាប់ រីឯ​ការ​ធ្វើ​ដំណើរ​ទៅ​មក​ក៏​បាន​ឆាប់​រហ័ស​​ទាន់​ចិត្ដ​ផង​ដែរ។

លោក​លើក​ឡើង​ដូច្នេះ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​សិក្សា​ថ្មី ១ ខ្នង កម្ពស់ ២ ជាន់ មាន ១២ បន្ទប់ រួម​នឹង​សមិទ្ធផល​ផ្សេង​ទៀត នៅ​វិទ្យាល័យ​សម្តេច​ចក្រី ហេង សំរិន អន្លង់ជ្រៃ ស្ថិត​នៅ​ឃុំកក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នា​ថ្ងៃទី ២០ ខែ​ឧសភា។

លោក ហេង សំរិន ថ្លែងថា បណ្ដា​ទីក្រុង ដូចជា​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្ដា​ខេត្ដ ទីប្រជុំជន មាន​ផ្សារ​ទំនើប​ធំៗ អគារ​បុរី​នានា ភូមិគ្រឹះ​ទំនើបៗ និង​អគារ​ខ្ពស់ៗ​រាប់​សិប​ជាន់ បាន​សាង​សង់​រួច និង​កំពុង​សាងសង់ «គួរ​ឱ្យ​មាន​មោទនភាព ចំពោះ​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស» ស័ក្តិសម​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍។

លើស​ពី​នេះ លោក​បាន​លើក​ទឹក​ចិត្ត​ដល់​គណៈគ្រប់គ្រង​សាលា និង​គ្រូ​បង្រៀន​នៅ​សាលា​នេះ ត្រូវ​បំផុស​ផ្សព្វផ្សាយ​ដល់​សិស្ស​នូវ​កម្មវិធី​អប់រំ សុខភាព សីលធម៌ និង​គុណធម៌ ឱ្យ​បាន​ទូលំទូលាយ ព្រម​ទាំង​ស្រឡាញ់​បរិស្ថាន​ធម្មជាតិ និង​បង្កើន​ការ​ដាំដុះ​រុក្ខជាតិ​តាម​សាលារៀន ដើម្បី​ប្រែ​ក្លាយ​បរិវេណ​សាលា​រៀន​ឱ្យ​ពោរពេញ​ដោយ​បរិស្ថាន​ធម្មជាតិ ដោយ​រំលេច​ភាព​បៃតង។

ប្រធាន​រដ្ឋសភា​រូប​នេះ​បាន​លើក​សរសើរ​ដល់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ និង​មាន​មាគ៌ា​ត្រឹមត្រូវ និង​ច្បាស់​លាស់ ដែល​បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា មាន​ការ​អភិវឌ្ឍ និង​រីក​ចម្រើន​ជឿនលឿន «ដែល​មិន​នឹក​ស្មាន​ដល់» ពី​ព្រោះ​ក្រោយ ៧ មករា ឆ្នាំ ១៩៧៩ គឺ​កម្ពុជា​មិនមាន​អ្វី​ទាំង​អស់ ដោយសារ​របប​ខ្មែរ​ក្រហម​បាន​បំផ្លាញ​ស្ទើរ​តែ​ទាំង​ស្រុង ដូចជា​ធនធាន​មនុស្ស និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សង្គម៕