អង្គការ​យូនីសេហ្វ​បាន​ធ្វើការ​ព្រមាន​ថា ចំនួន​កុមារ​ដែលមាន​បញ្ហា​ស្គមស្គាំង​ធ្ងន់ធ្ងរ មាន​ការកើនឡើង​តាំងពី​នៅមុន​ពេល​មាន​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន ហើយ​សង្គ្រាម​ក៏បាន​កំពុង​ធ្វើឱ្យ​ពិភពលោក​ធ្លាក់​កាន់តែ​ជ្រៅ​ទៅក្នុង​វិបត្តិ​ស្បៀងអាហារ​សកល ហើយ​ស្ថានភាព​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​។

ស្ថានភាព​ពិភពលោក​កំពុង​បង្ក​មហន្តរាយ​លើ​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​សម្រាប់​កុមារ ការឡើង​តម្លៃ​ស្បៀងអាហារ និង​ការកាត់បន្ថយ​ថវិកា​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​រាតត្បាត​នឹង​បង្កើន​នូវ​ករណី​ខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​ស្រប​ពេលដែល​ជំនួយ​នៃ​ការព្យាបាល​សង្គ្រោះ​ជីវិត​កំពុង​ធ្លាក់ចុះ​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​យូនីសេហ្វ​កាលពី​ថ្ងៃទី​ ១៨ ខែឧសភា​។

អង្គការ​ដដែល​នេះ​បាន​បន្តថា បញ្ហា​ស្គមស្គាំង​ធ្ងន់ធ្ងរ​ពោលគឺ​ស្ថានភាព​កុមារ​ស្គម​ខ្លាំងពេក​បើ​ធៀប​នឹង​កម្ពស់​ខ្លួន ដែល​បង្កឡើង​ដោយ​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ គឺជា​ទម្រង់​នៃ​ការខ្វះ​អាហារូបត្ថម្ភ​ចំពោះមុខ អាច​មើលឃើញ​យ៉ាងច្បាស់ និង​កំពុង​គំរាមកំហែង​ដល់​អាយុជីវិត​។

នៅ​ទូទាំង​ពិភពលោក កុមារ​អាយុ​ក្រោម ​៥​ ឆ្នាំ យ៉ាងហោច​ណាស់​ចំនួន ១៣,៦ ​លាន​នាក់​មាន​បញ្ហា​ស្គមស្គាំង​ធ្ងន់ធ្ងរ ដែល​បង្ក​ឱ្យ​កុមារ​ម្នាក់​ក្នុងចំណោម​កុមារ ៥ ​នាក់​នៅក្នុង​ក្រុម​អាយុ​នេះ​បាន​បាត់បង់​ជីវិត​។

អង្គការ​យូនីសេហ្វ បាន​បញ្ជាក់ថា៖ «​នៅ​ប្រទេស​កម្ពុជា កុមារ​ចំនួន ១០ ​ភាគរយ​មាន​បញ្ហា​ស្គមស្គាំង​។ កុមារ​ទាំងនោះ​ច្រើន​មកពី​គ្រួសារ​ដែលមាន​ស្ថានភាព​សេដ្ឋកិច្ចសង្គម​ងាយ​រងគ្រោះ​។ ពួកគេ​ពុំ​សូវ​ទទួលបាន​ទឹកស្អាត និង​លក្ខខណ្ឌ​អនាម័យ​ប្រកប​ដោយ​សុវត្ថិភាព និង​ខ្វះ​ការអនុវត្ត​ល្អ​ក្នុងការ​ផ្ដល់​អាហារ​ដល់​ទារក និង​កុមារ​តូច​»​។

ប្រភព​ដដែល​ថា គួបផ្សំ​ជាមួយ​នឹង​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​បច្ចុប្បន្ន​បង្កឡើង​ដោយ​ការ​រាតត្បាត​ជំងឺ​កូវីដ​ ១៩ ដែល​កាន់តែ​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​លើ​អសន្តិសុខ​ស្បៀង និង​ការខ្វះ​អាហារូបត្ថម្ភ​សម្រាប់​គ្រួសារ​ងាយ​រងគ្រោះ​។ រួមផ្សំ​នឹង​វិបត្តិ​អាហារូបត្ថម្ភ​នេះ យ៉ាងហោចណាស់​មាន​កុមារ​ស្គមស្គាំង​ធ្ងន់ធ្ងរ​ចំនួន ១០ ​លាន​នាក់ ឬ​កុមារ ២ ​នាក់​ក្នុងចំណោម ៣ ​នាក់ មិនមាន​លទ្ធភាព​ទទួល​បានការ​ព្យាបាល​ភាពស្គមស្គាំង​ដែលមាន​ប្រសិទ្ធភាព​បំផុត ពោល​គឺ​មិនបាន​ទទួល​អាហារ​ព្យាបាល​ផលិត​រួចស្រេច (RUTF) ឡើយ​។

យូនីសេហ្វ​ព្រមាន​ថា៖ «​ការរួមបញ្ចូល​គ្នា​នៃ​ការប៉ះទង្គិច​ជា​សកល​ចំពោះ​សន្តិសុខ​ស្បៀង​ដោយសារ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន និង​ការលំបាក​ផ្នែក​សេដ្ឋកិច្ច​ជាមួយនឹង​ការស្តារ​ទ្បើង​វិញ​ពី​ជំងឺ​រាតត្បាត និង​គ្រោះរាំងស្ងួត​ជាប់ៗ​គ្នា​នៅក្នុង​ប្រទេស​មួយចំនួន​ ដោយសារ​បម្រែបម្រួល​អាកាសធាតុ​កំពុង​បង្កើត​លក្ខខណ្ឌ​នានា​ធ្វើឱ្យ​បញ្ហា​ស្គមស្គាំង​ធ្ងន់ធ្ងរ​កាន់តែ​កើនទ្បើង​គួរឱ្យ​កត់សម្គាល់​នៅ​កម្រិត​ពិភពលោក​»​។

ជំនួយ​សម្រាប់​បញ្ហា​ស្គមស្គាំង​នៅតែមាន​កម្រិត​ទាប​យ៉ាងខ្លាំង ព្រមទាំង​ត្រូវបាន​ព្យាករ​ថា​នឹង​ធ្លាក់ចុះ​យ៉ាងខ្លាំង​ទៀត​នៅ​ឆ្នាំ​ខាងមុខ​ជាមួយ​នឹង​ក្ដីសង្ឃឹម​តិចតួច​នៃ​ការស្ដារ​ឡើងវិញ​ទៅរក​ស្ថានភាព​មុន​មាន​ជំងឺ​រាតត្បាត​នៅមុន​ឆ្នាំ ​២០២៨​។ ជំនួយ​ពិភពលោក​ដែល​ត្រូវបាន​ចំណាយ​លើ​បញ្ហា​ស្គមស្គាំង​មាន​ចំនួន​ស្មើនឹង​ត្រឹម ២,៨ ​ភាគរយ​តែប៉ុណ្ណោះ​នៃ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ (ODA) សរុប​សម្រាប់​វិស័យ​សុខាភិបាល និង ០,២ ​ភាគរយ​នៃ​ការចំណាយ ODA សរុប​។

នៅ​កម្ពុជា មូលនិធិ​ដើម្បី​ប្រយុទ្ធ​នឹង​បញ្ហា​ស្គមស្គាំង​ធ្ងន់ធ្ងរ គឺមាន​ចំនួន​មិន​គ្រប់គ្រាន់​ទ្បើយ​ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​កាន់តែ​កើនទ្បើង​។ ផែនទី​បង្ហាញ​ផ្លូវជាតិ​សម្រាប់​ឆ្លើយតប​នឹង​បញ្ហា​ស្គមស្គាំង​របស់​កុមារ​ត្រូវ​បានកំណត់​តម្លៃ​ថា​មាន​ចំនួន​សរុប​ស្មើនឹង ២៥ ​លាន​ដុល្លារ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​នៃ​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ​នៅក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ខាងមុខ​។

ទោះបីជា​យ៉ាងណាក្ដី ៦៩% (១៧,២ ​ដុល្លារ​) នៃ​មូលនិធិ​ត្រូវការ​សម្រាប់​ការអនុវត្ថ​ពេញលេញ​នូវ​ផែនការ​សកម្មភាព​នេះ គឺ​មិនទាន់​មាន​ថវិកា​គ្រប់គ្រាន់​នៅ​ទ្បើយ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​យូនីសេហ្វ​។

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ តំណាង​អង្គការ​យូនីសេហ្វ​ប្រចាំ​ប្រទេស​កម្ពុជា បាន​លើកឡើង​ថា អាហារូបត្ថម្ភ​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការអភិវឌ្ឍ​វ័យ​កុមារ​តូច និង​មាន​ឥទ្ធិពល​យ៉ាងសំខាន់​លើ​សមត្ថភាព​របស់​កុមារ​ក្នុងការ​រស់រាន ចម្រើន​ពេញវ័យ រៀនសូត្រ និង​រីកចម្រើន​។

លោកស្រី​បាន​បញ្ជាក់ថា៖ «​យូនីសេហ្វ​កំពុង​ធ្វើការងារ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ចាត់​អាទិភាព​លើ​បញ្ហា​ស្គមស្គាំង​នៅក្នុង​គោលនយោបាយ និង​ថវិកាជាតិ ដើម្បី​បិទ​ភ្ជិត​គម្លាត​នេះ ជាពិសេស​ដោយ​ស្វែងរក​មតិ​គាំទ្រ​ឱ្យមាន​ការផ្ដល់​ហិរញ្ញប្បទាន​ប្រកប​ដោយ​ចីរភាព សម្រាប់​ធានាឱ្យ​មាន​អាហារ​ព្យាបាល​ផលិត​រួចស្រេច (RUTF) ដើម្បី​ព្យាបាល​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​ក្នុង​វ័យ​កុមារភាព​»​។

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ បាន​បន្តថា អង្គការ​យូនីសេហ្វ​នៅ​កម្ពុជា​ក៏​កំពុង​គាំទ្រ​រាជរដ្ឋាភិបាល​ក្នុង​ការ​ពង្រឹង​សកម្ម​ភាពចុះ​ដល់​សហគមន៍​ផងដែរ ដោយសារ​ហេតុនេះ ករណី​នៃ​បញ្ហា​ស្គមស្គាំង​ធ្ងន់ធ្ងរ​ត្រូវបាន​កំណត់​ឃើញ​តាំងពី​ដំបូង ហើយ​អ្នក​ថែទាំ​ដឹង​អំពី​សេវា​សុខភាព និង​អាហារូបត្ថម្ភ​នៅក្នុង​តំបន់​របស់​ពួកគេ​នឹង​ចូលរួម​នៅក្នុង​ការប្រើប្រាស់​សេវា​ទាំងនោះ​ជាប្រចាំ សម្រាប់​ការបង្ការ​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ​។

ដើម្បី​ឆ្លើយតប​នឹង​វិបត្តិ​សកល​នេះ យូនីសេហ្វ សូម​ស្នើ​ដល់​រដ្ឋាភិបាល​ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​សង្គម​ស៊ីវិល​នានា​នៅ​ជុំវិញ​ពិភពលោក​ត្រូវ​ចាត់​អាទិភាព​លើ​ការផ្ដល់​មូលនិធិ​បន្ទាន់ សម្រាប់​អន្តរាគមន៍​ផ្តល់​អាហារ​ព្យាបាល និង​ការព្យាបាល សម្រាប់​កុមារ​មាន​បញ្ហា​ស្គមស្គាំង និង​ធានាឱ្យមាន​នូវ​មូលនិធិ​សម្រាប់​តម្រូវការ​រយៈពេល​វែង​នៃ​កុមារ​ដែល​ងាយ​រងគ្រោះ​បំផុត​៕