កំពតៈ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ចាប់​ផ្តើម​ដំឡើង​ម៉ាស៊ីន​ស្គែន​កាំរស្មីអ៊ិច​នៅ​តាម​ច្រក​ព្រំដែន ក្រោយ​ពី​ទទួល​បាន​ពី​រាជរដ្ឋាភិបាល​ប្រទេស​ជប៉ុន កាល​ពី​ដើម​ខែ​ឧសភា​នេះ ដើម្បី​ជួយ​ទប់ស្កាត់​បទល្មើស​ពិសេស​ពេល​ដែល​កម្ពុជា​កំពុង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ​នេះ។

យោង​តាម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឱ្យ​ដឹង​ថា លោក ឡុង ហាបាណា អគ្គនាយក​រង​អន្តោប្រវេសន៍ និង​ជា​ប្រធាន​ក្រុម​ការងារ​គ្រប់គ្រង​ម៉ាស៊ីន​ស្គែន​កាំរស្មីអ៉ិច​បាន​ចាត់​តាំង​លោក ព្រំ ង៉ា អនុ​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​សរុប និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ឱ្យ​ដឹកនាំ​ក្រុម​ការងារ ក្រោម​កិច្ច​សហការ​ជាមួយ​ក្រុម​ការងារ​បច្ចេកទេស​មក​ពី​ប្រទេស​ហ្វីលីពីន និង​សហការី ដើម្បី​ចុះ​ពិនិត្យ​ទីតាំង​ និង​រៀបចំ​ដំឡើង​ម៉ាស៊ីន​ស្គែន​កាំរស្មីអ៉ិច​នៅ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ខេត្ត​កំពត កាល​ពី​ថ្ងៃ​ពុធ ទី ១៨ ខែ​ឧសភា​នេះ។

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បញ្ជាក់​ថា ក្រុម​ការងារ​បាន​បញ្ចប់​ការ​ដំឡើង​ម៉ាស៊ីន​ស្គែន និង​បាន​ធ្វើ​តេស្ត​សាកល្បង​ប្រកប​ដោយ​ជោគជ័យ ហើយ​រង់ចាំ​ថ្ងៃ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ពី​ថ្នាក់​ដឹកនាំ​តែ​ប៉ុណ្ណោះ។

ម៉ាស៊ីន​ស្គែន​កាំរស្មីអ៊ិច​ទាំង ១១ គ្រឿង​នោះ ត្រូវ​បាន​រាជរដ្ឋាភិបាល​ប្រទេស​ជប៉ុន ផ្តល់​ឱ្យ​កម្ពុជា​កាល​ពី​ថ្ងៃទី ៤ ខែ​ឧសភា ដើម្បី​ត្រួត​ពិនិត្យ ទប់ស្កាត់ បង្ក្រាប​ការ​រត់​ពន្ធ​សព្វាវុធ និង​គ្រឿង​ញៀន​ឆ្លង​ដែន។ ជា​ពិសេស​ដើម្បី​ចូលរួម​ការពារ​ដល់​ការងារ​សន្តិសុខ​ជាតិ ខណៈ​ដែល​កម្ពុជា​កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ​នេះ៕