មណ្ឌលគិរីៈ អាជ្ញាធរ និង​តំណាងរាស្រ្ត​ខេត្ត​មណ្ឌលគិរី ធ្វើ​ពិធី​សាសនា​បួងសួង​សុំ​សេចក្តី​សុខ និង​សេចក្តី​ចម្រើន​ពី​ម្ចាស់​ទឹក​ដី និង​សុំ​ឱ្យ​ទទួល​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ខាង​មុខ​នេះ។

នៅ​ថ្ងៃទី ២០ ខែ​ឧសភា ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត អភិបាល​ខេត្ត តំណាងរាស្រ្ត សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិ​ភាគ ៨ និង​មន្រ្តី​នៃ​ខេត្ត​មណ្ឌលគិរី​បាន​ធ្វើ​ការ​អុជ​ធូប​ថ្វាយ​គ្រឿង​សក្ការៈ​បូជា​ជូន​លោក​តា​ស្រុះ យាយផ្លុំ ភ្នំ​ដោះក្រមុំ ដើម្បី​សុំ​សេចក្តី​សុខ និង​សេចក្តី​ចម្រើន​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី ​ជា​ពិសេស​សុំ​ឱ្យ​ការ​បោះឆ្នោត​ខាង​មុខ​នេះ​ទទួល​បាន​ជ័យជម្នះ។ ពិធី​នេះ​ធ្វើ​នៅ​អាស្រម​លោក​តា ភ្នំ​ដោះក្រមុំ ស្ថិត​នៅ​ក្រុង​សែនមនោរម្យ។ នេះ​បើ​យោង​តាម​មន្ទីរ​ព័ត៌មាន​ខេត្ត​មណ្ឌលគិរី។

មន្ទីរ​ព័ត៌មាន​ខេត្ត​មណ្ឌលគិរី​បាន​ឱ្យ​ដឹង​តាម​រយៈហ្វេស​ប៊ុក​នា​ថ្ងៃទី ២០ ខែ​ឧសភា​ថា៖ «ថ្នាក់​ដឹកនាំ​ខេត្ត បាន​ឧទ្ទិស​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធ​ក្នុង​លោក ជា​ពិសេស​ទសបារមី​ដែល​ថែ​រក្សា​ទឹក​ដី​នៃ​ខេត្ត​មណ្ឌលគិរី មាន​លោកតា​ស្រុះ យាយផ្លុំ សូម​តាម​ជួយ​ឃុំ​គ្រង​ថែរក្សា​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស សូម​ឱ្យ​មាន​សេចក្តី​សុខ​សេចក្តី​ចម្រើន និង​សុំ​ឱ្យ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី៥ នាពេល​នា​ពេល​ខាង​មុខ ទទួល​បាន​ជ័យជម្នះ»។

អភិបាល​ខេត្ត​មណ្ឌលគិរី លោក ថង សាវុន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ឱ្យ​ចូលរួម​បោះឆ្នោះ​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី៥ នៅ​ថ្ងៃ​អាទិត្យ ទី ៥ ខែ​មិថុនា ខាង​មុខ​នេះ ឱ្យ​បាន​គ្រប់ៗគ្នា៕