​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​និង​គ្រួសារ​ជនជាតិភាគតិច​ដែល​រស់នៅ​តំបន់​ដាច់ស្រយាល ជាង ៥០០០ គ្រួសារ ក្នុង​ខេត្ត​ចំនួន ៨ បានទទួល​អំណោយ​មនុស្សធម៌​ពី​កាកបាទក្រហមកម្ពុជា ក្នុង​បេសកកម្ម រយៈពេល​២១ ថ្ងៃ​និង​ត្រូវបាន​ស្ថាប័ន​មនុស្សធម៌​មួយ​នេះ ប្រកាស​បិទ​បញ្ចប់​បេសកកម្ម​នេះ​ផងដែរ កាលពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២២​។​

​យោងតាម​កាកបាទក្រហម​កម្ពុជា បានឱ្យដឹង​នៅ​ថ្ងៃទី​២០ ខែឧសភា នេះ​ថា បេសកកម្ម​រយៈពេល ២១​ថ្ងៃ ក្នុង​ការចែក​អំណោយ​ម​នុស្ស​ធម៌​ជូន​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត និង​គ្រួសារ​ជនជាតិភាគតិច​រស់នៅ​តំបន់​ឆ្ងាយ​ដាច់ស្រយាល​បាន​បិទ​បញ្ចប់​។​

​កាកបាទក្រហមកម្ពុជាបាន​លើកឡើងថា ៖ «​បេសកកម្ម​រយៈពេល​២១​ថ្ងៃនេះ​គឺ​បានចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​២៩ ខែមេសា នៅតាម​បណ្តា​ខេត្ត​ចំនួន​៨ ដោយ​សម្រេចបាន​ការផ្តល់​អំណោយ​មនុស្សធម៌​ជូន​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​សរុប​ចំនួន ៥ ២៩២ គ្រួសារ ដែលជា​ចាស់​អត់​ទីពឹង គ្រួសារ​ជនជាតិភាគតិច ជន​មាន​ពិការភាព អតីតយុទ្ធជន​ពិការ​ដោយសារ​សង្គ្រាម​និង​រងគ្រោះថ្នាក់​ដោយសារ​មីន ស្ត្រី​មេម៉ាយ​មានកូន​ច្រើន កុមារកំព្រា និង​អ្នក​ផ្ទុកមេរោគ​អេដស៍​»​។

​លោកស្រី ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា បេសកកម្ម​មនុស្សធម៌​នេះ​ត្រូវបាន​ប្រធាន​កាកបាទក្រហមកម្ពុជា លោកស្រី ប៊ុន រ៉ានី ចាត់តាំង​ឱ្យ​មន្ត្រី​នៃ​ទីស្នាក់ការ​កណ្តាល បែង​ចែកជា​២​គោលដៅ​។​

​លោកស្រី ម៉ែន នារី​សោ​ភ័គ​ថា គោលដៅ​ទី​១ ដឹកនាំ​ដោយ​លោកស្រី​ផ្ទាល់ ចុះ​បំពេញការងារ​នៅ​ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ឧ​ត្ត​រ​មានជ័យ និង​ខេត្តព្រះវិហារ​។ ចំណែកឯ​គោលដៅ​ទី​២ គឺ​ដឹកនាំ​ដោយ​លោក អ៊ុយ សំអាត នាយក​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា ចុះ​បំពេញការងារ​នៅ​ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី​។

​លោកស្រី​បាន​បន្ថែមថា៖ «​សម្រាប់​ថ្ងៃទី​១៩ ខែឧសភា ដែលជា​ថ្ងៃ​បិទ​បញ្ចប់​បេសកកម្ម​នេះ គឺ​ត្រូវ​បានបញ្ចប់​នៅត្រឹម​ខេត្តព្រះវិហារ សម្រាប់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​ចំនួន ២៣០​គ្រួសារ និង​នៅ​ខេត្តមណ្ឌលគិរី សម្រាប់​គ្រួសារ​ជនជាតិភាគតិច​សរុប​ចំនួន ៧២៥​គ្រួសារ​»​។​

​នាឱកាស​នោះដែរ លោកស្រី ម៉ែន នារី​សោ​ភ័គ បាន​គូសបញ្ជាក់ថា ថ្វីបើ​លោកស្រី ប៊ុន រ៉ានី មានធុរៈ​និង​កិច្ចការងារ​ជាច្រើន​ដែល​មិនអាច​អញ្ជើញ​មក​ផ្ទាល់​ក៏ដោយ ក៏​លោកស្រី​តែងតែ​ផ្តល់​អនុសាសន៍​ឱ្យ​មន្ត្រីក្រោមឱវាទ​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត ដើម្បី​ដោះស្រាយ​ជួយ​សម្រាល​ការលំបាក​ឱ្យបាន​ទាន់ពេលវេលា ដោយ​មិន​ទុក​នរណាម្នាក់​ចោល​ឡើយ​។​

​សូមបញ្ជាក់ថា ក្នុងចំណោម​ប្រជាពលរដ្ឋ​ទទួលផល​ទាំង ៥២៩២​គ្រួសារ ក្នុងនោះ​ខេត្តកំពង់ស្ពឺ មាន ៨៣៩​គ្រួសារ​, ខេត្តកំពង់ឆ្នាំង ៣០៥​គ្រួសារ​, ខេត្ត​ឧ​ត្ត​រ​មានជ័យ ៦០៩​គ្រួសារ​, ខេត្តព្រះវិហារ ២៣០​គ្រួសារ​, ខេត្តក្រចេះ ១០៣១​គ្រួសារ​, ខេត្តស្ទឹងត្រែង ៧៧៥​គ្រួសារ​, ខេត្តរតនគិរី ៧៧៨​គ្រួសារ និង​ខេត្តមណ្ឌលគិរី ៧២៥​គ្រួសារ​។

​គ្រួសារ​នីមួយៗ​ទទួលបាន អង្ករ ២៥​គីឡូក្រាម​, មី ១​កេស​, ត្រីខ ១០​កំប៉ុង​, ទឹកត្រី ឬ​ទឹកស៊ីអ៊ីវ ១​យួរ​, ជែ​ល​លាងដៃ ១​ដប​, ឃី​ត (​មុង ភួយ សារុង ក្រមា អាវយឺត​) ១​កញ្ចប់ និង​ថវិកា ២​ម៉ឺន​រៀល​៕​