ភ្នំពេញៈ ក្រុមការងារ​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានរៀបចំ​សិក្ខាសាលា​មួយ ដើម្បី​ចាប់ផ្ដើម​អនុវត្ត​គម្រោង​ពិគ្រោះ​យោបល់ និង​ផ្សព្វផ្សាយ​អំពី​ការចុះបញ្ជី​ដី​សហគមន៍​ព្រៃឈើ​របស់​គម្រោង​លើកកម្ពស់​ផលិតកម្ម​ឫស្សី​ដោយ​និរន្តរភាព​ តាមរយៈ​សហគមន៍​ព្រៃឈើ ដើម្បី​បង្កើន​ជីវភាព និង​អេកូស៊ីស្ទែម​ព្រៃឈើ​កាលពី​ថ្ងៃ​ពុធ​ទី​ ១៨ ខែឧសភា​ឆ្នាំ ​២០២២ ​នេះ​។ នេះ​បើ​យោងតាម​រដ្ឋបាល​ព្រៃឈើ​កាលពី​ថ្ងៃទី​ ១៩ ​ខែឧសភា​នេះ​។

រដ្ឋបាល​ព្រៃឈើ​បានឱ្យ​ដឹងថា​សិក្ខាសាលា​នេះ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​នាយកដ្ឋាន ក្រុមការងារ​គ្រប់គ្រង​គម្រោង​នៃ​រដ្ឋបាល​ព្រៃឈើ ព្រមទាំង​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នាយ នាយរង មន្ដ្រី​នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ និង​គណៈកម្មាធិការ​សហគមន៍​ព្រៃឈើ​សរុប​ចំនួន​ ៣៦ ​រូប​ផងដែរ​។

គម្រោង​បង្កើន​ជីវភាព និង​អេកូស៊ីស្ទែម​ព្រៃឈើ​នេះ​គឺ​នៅក្នុង​សហគមន៍​ព្រៃឈើ​ចំបក់​ហោះ សហគមន៍​ព្រៃឈើ​ថ្នលកែង​ត្រពាំង​ផ្ចឹក និង​សហគមន៍​ព្រៃឈើ​សាមគ្គី​ត្រពាំង​ទន្ទឹម​ស្ថិតក្នុង​ខេត្ដ​ព្រះវិហារ​។

សិក្ខាសាលា​នេះ​មាន​គោលបំណង​ ដើម្បី​បង្ហាញ​ពី​គោលបំណង​នៃ​គម្រោង និង​ការចាប់ផ្ដើម​អនុវត្ត​គម្រោង​, ផ្សព្វផ្សាយ​អំពី​ប្រយោជន៍​នៃ​ការចុះបញ្ជី​ដី​សហគមន៍​ព្រៃឈើ​ទាំង​ ៣ និង​គោលបំណង​ចុងក្រោយ​គឺ ពិគ្រោះ​យោបល់​អំពី​ដំណើរការ​នៃ​ការចុះបញ្ជី​ដីព្រៃ​សហគមន៍​ទាំង​ ៣ ​ខាងលើ​។

កាលពី​ឆ្នាំ ​២០២១​ កន្លងមក ព្រៃ​សហគមន៍​ថ្មី​ចំនួន​ ៧ ​បន្ថែមទៀត​ត្រូវបាន​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បានប្រកាស​ទទួលស្គាល់ ដែល​ធ្វើឱ្យ​ព្រៃ​សហគមន៍​ដែល​ចុះបញ្ជី​រួច​នៅ​ទូទាំង​ប្រទេស​កម្ពុជា​សរុប​មាន​ចំនួន​ ៥៣៦ ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​ជាង​ ៤ សែន​ហិកតា​៕