កែបៈ អភិបាលខេត្ត​កែប​លោក​ សោម ពិសិដ្ឋ ដែលជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការបោះឆ្នោត​ខេត្ត​កែប​ផង​នោះបាន​ដឹកនាំ​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​អន្តរ​ស្ថាប័ន ស្តីពី​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​កិច្ចដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ នៅ​ខេត្ត​កែប​កាលពី​ថ្ងៃទី​ ១៨ ​ខែឧសភា​នេះ​។

យោងតាម​រដ្ឋបាលខេត្ត​កែប​បានឱ្យ​ដឹងថា ដើម្បី​ឱ្យ​ដំណើរការ​បោះឆ្នោត​នេះ ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​សន្តិសុខ​ល្អប្រសើរ ធានា​បាន​នូវ​សណ្តាប់ធ្នាប់​របៀបរៀបរយ និង​សុវត្ថិភាព​សង្គម គ្មាន​ការបំភិត​បំភ័យ គ្មាន​ការគំរា​មកំហែង និង​គ្មាន​អំពើហិង្សា​នោះ រដ្ឋបាលខេត្ត និង​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ខេត្ត​បានសម្រេច​ដាក់ចេញ​នូវ​ផែនការ​អន្តរ​ស្ថាប័ន​ការពារ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី ​៥ ​កាលពី​ថ្ងៃទី​ ៣១ ខែមីនា ឆ្នាំ​ ២០២២ ​នេះ​។

ដើម្បី​បញ្ចៀស​បាន​នូវ​ភាពអសកម្ម ឬ​សកម្មភាព​ណាមួយ​ដែល​អាច​បង្កឱ្យមាន​បទ​ល្មើស​ ឬ​ទំនាស់ និង​ឧបស័គ្គ​ផ្សេងៗ​លោក​ សោម ពិសិដ្ឋ ​បានដាក់​ចេញ​នូវ​វិធានការ​មួយចំនួន​។ ក្នុងនោះ​រួមមាន​ ៖១- ​លេខាធិការដ្ឋាន​នៃ​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការបោះឆ្នោត​ខេត្ត គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង ស្រុក និង​កម្លាំង​ទាំងអស់​ត្រូវអនុវត្ត​នូវ​រាល់​តួនាទី ភារកិច្ច​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​ស្របតាម​ផែនការ​ដែល​បាន​ដាក់​ចេញ​ទាំង​នៅក្នុង​ការឃោសនា​បោះឆ្នោត ពេល​បោះឆ្នោត ពេល​រាប់​សន្លឹកឆ្នោត និង​ក្រោយ​ពេល​បោះឆ្នោត ពិសេស​ត្រូវ​បង្កលក្ខណៈ​ងាយស្រួល និង​ផ្តល់​សេវា​សន្តិសុខ​ដល់​គ្រប់​គណបក្ស​នយោបាយ​ដែលមាន​។ ២-​ កងកម្លាំង​មាន​សមត្ថកិច្ច​ត្រូវ​ពង្រឹង​ការការពារ​សន្តិសុខ​ឱ្យបាន​ហ្មត់ចត់​បំផុត និង​ត្រូវ​ចាត់វិធានការ​តាមច្បាប់​ឱ្យបាន​តឹងរ៉ឹង​។ ៣- ​ស្នងការ មេបញ្ជាការ និង​អាជ្ញាធរ​ដែនដី​ក្រុង ស្រុក ត្រូវ​យកចិត្ត​ទុកដាក់​តាមដាន​សភាពការណ៍ និង​ការប្រែប្រួល​ឱ្យ​បាន​ទាន់ពេលវេលា​។ ៤-​ ត្រូវ​បង្កើន​ការ​ក្តាប់​សភាពការណ៍ ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ​សន្តិសុខ និង​សណ្តាប់ធ្នាប់​នៅ​គ្រប់​មូលដ្ឋាន​ទូទាំង​ខេត្ត​ឱ្យបាន​ជាមុន​។ ៥- ​ក្តាប់​ឱ្យ​ជាប់​នូវ​រាល់​សភាពការណ៍ សកម្មភាព​ប្រមូលផ្តុំ​ទាមទារ​តវ៉ា​លើ​បញ្ហា​ផ្សេងៗ​ ដើម្បី​មាន​វិធានការ​ដោះស្រាយ​ដោយ​សន្តិវិធី​ឱ្យបាន​សមស្រប និង​មាន​ប្រសិទ្ធភាព​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅក្នុង​ដំណាក់កាល​នៃ​ការឃោសនា​បោះឆ្នោត ជនខិលខូច​មួយចំនួន​នឹង​ឆ្លៀតឱកាស​យក​បញ្ហា​ផ្សេងៗ​ផ្សារភ្ជាប់​ទៅ​និង​រឿង​នយោបាយ ដូច្នេះ​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ត្រូវ​យកចិត្ត​ទុកដាក់​ការពារ​ឱ្យបាន​នូវ​សុវត្ថិភាព ចំពោះ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត សន្តិសុខ សណ្តាប់ធ្នាប់​នៅក្នុង​ពេល​ឃោសនា​ជាពិសេស​ត្រូវមាន​ការអត់ធ្មត់​ឱ្យ​បានជា​អតិបរមា​»៕