ឆ្លើយតបនឹងសំណើរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចឱ្យដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៥ ដែលនឹងចាប់ផ្តើមចាក់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះតទៅ សម្រាប់អ្នកដែលបានចាក់ដូសទី៤ រួច និងមានគម្លាតរយៈពេល ៣ខែ។
លោក ហ៊ុន សែន បានថ្លែងតាមរយៈសារសំឡេងពិសេសនាល្ងាចថ្ងៃទី២០ ខែឧសភា នេះ ដោយលោកក៏បានលើកឡើងពីស្ថានភាពនៃការឆ្លងវីរុសកូវីដ១៩ ក្នុងប្រទេសកម្ពុជា ដែលរយៈពេល ១៤ថ្ងៃជាប់គ្នាកន្លងមក កម្ពុជាមិនមានអ្នកឆ្លងថ្មីឡើយ ខណៈអ្នកជំងឺកំពុងសម្រាកព្យាបាលជំងឺកូវីដនៅមន្ទីរពេទ្យមានចំនួនតែ ៨ នាក់ទៀតប៉ុណ្ណោះ ក្នុងនោះរាជធានីភ្នំពេញមានចំនួន ៤នាក់ និងខេត្តបាត់ដំបងចំនួន ៤ នាក់។
លោកមានប្រសាសន៍ថា៖ «នៅរសៀលនេះ ខ្ញុំបានសម្រេចតាមសំណើរបស់លោកជំទាវ ឱ វណ្ណឌីន ប្រធាន គ.វ .ក-១៩ គឺដូសជំរុញដូសទី៥ នឹងត្រូវចាប់ផ្តើមចាក់ចាប់ពីថ្ងៃទី០៩ ខែមិថុនាតទៅ នោះគឺសម្រាប់អ្នកដែលបានចាក់ដូសទី ៤ រួចហើយ ហើយដែលមានគន្លាតពីដូសទី ៤ មកដូសទី៥ រយៈពេលយ៉ាងតិចចំនួន ៣ខែ»។
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានលើកជាផែនការសម្រាប់ការចាក់វ៉ាក់សាំងទៅលើអ្នកដែលបានចាក់ដូសទី៤ រួចហើយ ក្នុងនោះមានអ្នកការទូត អ្នកសារព័ត៌មាន សិល្បករ សិល្បការិនី។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ សុំបន្តរក្សានូវស្ថានភាពដ៏ល្អប្រសើរនេះតាមរយៈការការពារខ្លួន ចំពោះមុខការរាតត្បាតនៃជំងឺនេះដែលមិនទាន់បានបញ្ចប់ជាមួយនឹងការទទួលយកវ៉ាក់សាំង៕
វីដេអូ៖