រាជរដ្ឋាភិបាល​កម្ពុជា​បាន​ណែនាំ​ឱ្យ​ផ្អាក​ការលក់ដូរ និង​ពិសា​គ្រឿង​ស្រវឹង ចំនួន​ ០២ ថ្ងៃ គឺ​ ០១​ ថ្ងៃមុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ ដែល​ត្រូវ​នឹង​ថ្ងៃទី​ ៤ និង​ថ្ងៃទី​ ៥ ខែមិថុនា ឆ្នាំ ​២០២២​។

យោងតាម​សេចក្តីណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ថ្ងៃទី​២០ ខែឧសភា​នេះ បាន​លើកឡើងថា កន្លងទៅ រាជរដ្ឋាភិបាល​បាន​សង្កេតឃើញថា ការ​ពិសា​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ភាគច្រើន​អាច​បង្កឱ្យមាន​អំពើហិង្សា គ្រោះថ្នាក់​ចរាចរណ៍ គ្រោះថ្នាក់​សង្គម ការប្រព្រឹត្ត​បទល្មើស​នានា ឬ​ករណីខ្លះ​អាច​បណ្តាលឱ្យ​បាត់​សណ្តាប់ធ្នាប់​សាធារណៈ​ថែម​ទៀតផង​។

ការផ្អាក​លក់​និង​ពិសា​គ្រឿង​ស្រវឹង​នេះ គឺ​ដើម្បីឱ្យ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​ ៥ ​នេះ​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គ្មាន​អំពើហិង្សា គ្មាន​ការគំរាម​កំហែង គ្មាន​ការបំភិត​បំភ័យ និង​គ្មាន​បាតុភាព​នានា ដែល​អាច​កើតមានឡើង ដោយសារ​តែ​ការ​ពិសា​គ្រឿង​ស្រវឹង​នេះ​។

លោក ហ៊ុន សែន បាន​ណែនាំ​ថា៖ «​ប្រជាពលរដ្ឋ និង​ជនបរទេស​ទាំងអស់​ដែល​រស់នៅក្នុង​ប្រទេស​កម្ពុជា ត្រូវ​រួមសហការ​ជាមួយ​រាជរដ្ឋាភិបាល កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​គ្រប់លំដាប់​ថ្នាក់ ពាណិជ្ជករ និង​អាជីវករ ដោយ​ត្រូវ​ផ្អាក​ការលក់ដូរ និង​ពិសា​គ្រឿង​ស្រវឹង​មួយថ្ងៃ​គឺ​ថ្ងៃទី​ ៤ និង​ថ្ងៃទី​ ៥ ខែមិថុនា​»​។

លោក​ក៏បាន​ណែនាំ​ឱ្យ​ក្រសួង ស្ថាប័ន កងរាជ​អាវុធហត្ថ កង​នគរបាលជាតិ រួមជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ គ្រប់លំដាប់​ថ្នាក់ ត្រូវ​ធ្វើការ​បំពាក់​បំប៉ន​ដល់​មន្ត្រីរាជការ​ក្រោម​ឱវាទ និង​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​ផ្សព្វផ្សាយ អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស​ទាំងអស់​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ឱ្យ​អនុវត្ត​ផ្អាក​ការលក់​ និង​ពិសា​គ្រឿង​ស្រវឹង​នេះ​ផងដែរ​។

ជាមួយ​គ្នានេះដែរ ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បានឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ត្រូវ​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​សេចក្តី​ណែនាំ​នេះ​តាម​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ និង​ឯកជន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ជនបរទេស ពាណិជ្ជករ អាជីវករ មន្ត្រីរាជការ និង​កងកម្លាំង​ប្រដាប់អាវុធ គ្រប់​ប្រភេទ​ឱ្យ​បាន​យល់​ជ្រួតជ្រាប និង​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​៕

វីដេអូ៖