កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​ថ្នាក់ជាតិ សម្រាប់​គម្រោង​ពង្រឹង​សុខភាព​មាតា និង​ទារក​នៅ​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (​កយកា​) រួមជាមួយ​ក្រសួង​សុខាភិបាល​នា​ថ្ងៃទី​ ២០ ខែឧសភា ឆ្នាំ​ ២០២២ ​នេះ​។

យោងតាម​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (​កយកា​) បានឱ្យ​ដឹងថា កិច្ចប្រជុំ​នេះ​ត្រូវបាន​រៀបចំ​ឡើង​ក្រោម​អធិបតីភាព​លោក នោ ហ្យន់ជូន (Hyunjun RHO) នាយក​ប្រចាំ​ប្រទេស​នៃ​ការិយាល័យ​ កយការ ​នៅ​កម្ពុជា និង​លោក ហុក គឹមឆេង អគ្គនាយក​ក្រសួង​សុខាភិបាល​។

កិច្ចប្រជុំ​នេះ​ក៏មាន​ការចូលរួម​ពី​សមាជិក​គណៈកម្មាធិការ​សម្របសម្រួល​ថ្នាក់ជាតិ​ទាំងអស់​ដូចជា​មន្ទីរ​សុខាភិបាល​ខេត្ត​មណ្ឌលគិរី និង​រតនគិរី មជ្ឈមណ្ឌល​ជាតិ​គាំពារ​សុខភាព​មាតា មជ្ឈមណ្ឌល​ជាតិ​លើកកម្ពស់​សុខភាព មក​ចែករំលែក​ព័ត៌មាន​ និង​ប្រមូល​ធាតុ​ចូល​លើ​ការអនុវត្ត​គម្រោង និង​លើក​ផែនការ​អនុវត្តន៍​បន្ត​។

បើតាម កយកា គោលបំណង​នៃ​កិច្ចប្រជុំ​គឺ​ដើម្បី​ចែករំលែក​ព័ត៌មាន​អំពី​សកម្មភាព​គម្រោង និង​ដើម្បី​ប្រមូល​ធាតុ​ចូល​ពី​ភាគី​ពាក់ព័ន្ធ​សម្រាប់​ផែនការ​អនាគត​នៃ​ការអនុវត្ត​គម្រោង​។

កយកា បាន​លើកឡើងថា ការអនុវត្ត​គម្រោង​រយៈពេល ៣ ឆ្នាំ​កន្លង​មកនេះ គម្រោង​បាន​ធ្វើឱ្យ​ល្អប្រសើរ​ឡើង​នូវ​ការត្រៀម​លក្ខណៈ​ផ្តល់​សេវា​របស់​មូលដ្ឋាន​សុខាភិបាល តាមរយៈ​ការគាំទ្រ​ការកសាង​សមត្ថភាព​ដល់​បុគ្គលិក​សុខាភិបាល ការផ្តល់​សម្ភារ​បរិក្ខារ​ពេទ្យ​ដល់​មូលដ្ឋាន​សុខាភិបាល ខណៈ​ការសាងសង់​អគារ​សុខភាព​មាតា និង​ទារក​ទាំង​ ៥ និង​ត្រូវ​បានបញ្ចប់​ក្នុងពេល​ឆាប់ៗ​។

លើសពីនេះ លទ្ធភាព​ទទួល​បាន​សេវា​របស់​សហគមន៍​ក៏ត្រូវ​បាន​ធ្វើឱ្យ​ល្អប្រសើរ​ឡើង​ផងដែរ​តាមរយៈ​ការពង្រឹង​ប្រព័ន្ធ​ផ្ទេរ​អ្នកជំងឺ​ជាមួយ​នឹង​ការផ្តល់​នូវ​រថយន្ត​សង្គ្រោះបន្ទាន់ កាណូត និង​ការបង្កើន​ការយល់ដឹង​របស់​សហគមន៍​រួម​ជាមួយ​នឹង​សកម្មភាព​ផ្សព្វផ្សាយ​នៅតាម​តំបន់​ដាច់ស្រយាល​៕