កោះកុងៈ កូនអណ្តើក​ហ្លួង​ចំនួន ៣០ ​ក្បាល​បាន​ញាស់​ចេញពី​សម្បុក​នៅលើ​ឆ្នេរ​ខ្សាច់​សិប្បនិម្មិត​ក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូន​ខេត្តកោះកុង​កាលពី​សប្តាហ៍​កន្លងទៅ ហើយ​នេះ​គឺជា​លើក​ទី​ ២ ​ហើយ ដែល​អណ្តើក​ហ្លួង​ចិញ្ចឹម​ក្នុង​មជ្ឈមណ្ឌល​នេះ​បាន​ពង​កូន​។ នេះ​បើតាម​ការបញ្ជាក់​ពី​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា (WCS)​។

អង្គការ WCS បានឱ្យ​ដឹង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​ ២០ ខែឧសភា​ថា​៖ «​ក្នុង​រដូវ​ពង​កូន​ឆ្នាំ ២០២២ ​នេះ ក្រុម​អណ្ដើក​ហ្លួង​ចិញ្ចឹម​សម្រាប់​បង្កាត់​ពូជ​នៅក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូន​កោះកុង ពង​បាន​ចំនួន ៩ ​សម្បុក ស្មើ​ ៨១ ​ពង ហើយ​ញាស់​បាន​ចំនួន ៣០ ​កូន បើ​ប្រៀបធៀប​ទៅនឹង​រដូវ​ពង​កូន ឆ្នាំ​ ២០២១ គឺ​ញាស់​បានតែ​មួយ​ក្បាល​គត់​ក្នុងចំណោម​ពង​ ៥ ​សម្បុក​ដែលមាន ៧១ ​ពង​»​។

អង្គការ WCS បន្តថា ស្របពេល​ជាមួយ​គ្នា​ដែរ មេអណ្តើក​ចិញ្ចឹម​ចំនួន​ ២ ​ក្បាល​នៅឯ​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ ដែលជា​មជ្ឈមណ្ឌល​ថែរក្សា និង​បង្កាត់​ពូជ​សត្វ​កម្រ​ទី​ ២ ​និង​ជា​ដៃគូ​របស់​អង្គការ WCS ពង​បាន​ ២ ​សម្បុក (​ស្មើ ១៦ ​ពង​)​។ ក៏ប៉ុន្តែ ញាស់​បាន​តែមួយ​ក្បាល​ប៉ុណ្ណោះ ហើយ​កូនអណ្តើក​នោះបាន​បញ្ជូន​ទៅកាន់​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូន​ខេត្តកោះកុង​។ ដូច្នេះ​កូនអណ្តើក​ហ្លួង​ញាស់​បាន​ក្នុង​រដូវ​ពង​កូន​ឆ្នាំនេះ​សរុប​មាន​ចំនួន ៣១ ​ក្បាល​៕